ភរិយាលោក លាន អាព្រីគីនីន អ្នកនាង កែវ វលក្ខណ៍ បាននិយាយថានាងគ្មានស្ដាយស្រណោះអតីតស្វាមីយសូម្បីប៉ុនសរសៃសក់ តែអ្វីនាងចង់ឱ្យបុគ្គលនេះមានទំនួលខុសត្រូវបំផុតគឺបន្ទុកកូនទាំង៤ និងបំណុលរួមគ្នាមួយចំនួនត្រូវសងទៅធនាគារ។
អ្នកនាងបានបញ្ជាក់ថា៖”ដូចអូនដឹងស្រាប់កូន៤នាក់បន្ទុកលើបងតែម្ដាក់ឯងសមអត់ គេចុះទៅបាត់ ហើយឡានបង់រំលោះធនាគារគេយកទៅបាត់ហើយទុកបងជាអ្នកបង់ម្នាក់ឯងតើសមទេ ទាំងដែលឡានហ្នឹងបងអត់ដែលបានជិះសោះតាំងពីទិញមក គេជិះម្នាក់ឯង”។
អតីតតារាសម្ដែងរូបនេះបន្ត ឡានដែលខ្ចីធនាគារបង់រំលោះនោះមានតម្លៃជាង ៤ម៉ឺនដុល្លារដោយបង់រយៈពេល ៧ឆ្នាំ ហើយមកទល់នឹងពេលនេះទើបបង់បានរយៈពេលមួយឆ្នាំប៉ុណ្ណោះដោយសនៅសល់បំណុលជាង៣ម៉ឺនដុល្លារថែមទៀត។
អ្នកនាង កែវ វលក្ខណ៍ បានចាត់ទុកនេះគឺជាគ្រោះក្នុងជីវិតដ៏ធំបំផុតសម្រាប់ខ្លួនដែលត្រូវរ៉ាប់រងទាំងបន្ទុកគ្រួសារ និងបន្ទុកបំណុល ទាំងអតីតស្វាមីរបស់ខ្លួនយករួចខ្លួនតែម្នាក់ឯង។
ទោះជាបែបនេះក្ដីអ្នកនាងបានអះអាងថាខ្លួនអាចនឹងមានវិធានការច្បាប់សម្រាប់អតីតស្វាមីខាងលើប្រសិនបើបុគ្គលរូបនេះមិនអើពើនឹងអាហារកិច្ចរបស់កូនៗទាំង៤ និងបំណុលកាលនៅរួមរស់ជាមួយគ្នា។
នៅពេលចោទសួរថាតើអតីតស្វាមីមានងារជាឧកញ៉ាឯណោះហេតុអ្វីលុយត្រឹមប៉ុណ្ណឹងបែរជាគ្មានសងបំណុលធនាគារ។ អ្នកនាង កែវ វលក្ខណ៍ បាននិយាយថា៖”ខ្ញុំមិនដឹងថាគេបានឈ្មោះជាឧកញ៉ាមកពីណា ឧកញ៉ាស្អីបើអត់លុយផងហ្នឹង ហើយបើមានងារជាឧកញ៉ាមែនប្រហែលជាមានលិខិតតែងតាំងពីព្រះមហាក្សត្រ យកមកបិទពេញផ្ទះអស់ហើយ ហើយក៏មិនមែនជិះឡានបង់រំលោះគេបែបនេះដែរអូន”។
ទាក់ទងបញ្ហនេះលោក លាន អាព្រីគីនីន មិនអាចសុំការបញ្ជាក់បានទេ ដោយទូរសព្ទរបស់លោកមិនអាចទាក់ទងបាន។ ម្យ៉ាងចាប់តាំងពីអ្នកនាង កែវ វលក្ខណ៍ជាអតីតភរិយាចេញមុខឡាយបកអាក្រាតរឿងពិតរបស់លោកយ៉ាងណាក្ដីក៏ប៉ុន្តែអតីត ពិធីករល្បីឈ្មោះរូបនេះនៅមិនទាន់ចេញមុខឆ្លើយតបនៅទេ។ ដោយគេឃើញតែគូស្នេហ៍ថ្មីរបស់លោកចេញមកបញ្ជាក់ម្ដងរឿងបំណុលឡាននាពេលថ្មីៗនេះ៕