មិនទាន់ឃើញអ្វីប្លែក អ្នកគាំទ្រកំពុងរំអុកចង់ឃើញស្នាដៃថ្មីៗពីមនុស្សសំខាន់៣រូបជំនួសតំណែង យឹម តាស្រង់ នៅ Galaxy Navatra

នៅក្នុងបណ្ដាញសង្គម និងផេកផ្លូវការរបស់ផលិតកម្ម Galaxy Navatra ទស្សនិកជន និងអ្នកគាំទ្រផលិតកម្មនេះកំពុងតែទន្ទឹងរង់ចាំមើលស្នាដៃថ្មីៗពីមនុស្សសំខាន់៣រូបនេះដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តែងតាំងជំនួសលោក យឹម តាស្រង់ បានលាឈប់ពីផលិតកម្មនាពេលកន្លងទៅ។
មនុស្សសំខាន់ទាំង៣រូបនេះមានដូចជាលោក ខាំ ភូរិ លោក សុខ ជំនោរ និងកញ្ញា យឹម សុជាតា ដែលជាប្អូនស្រីបង្កើតរបស់លោក យឹម តាស្រង់ បានចាកចេញពីផលិតកម្ម។
មកទល់នឹងពេលនេះមិនទាន់ស្នាដៃអ្វីជាធំដុំសម្រាប់អ្នកទាំង៣ដែលធ្វើការរួមគ្នាមួយរយៈកន្លងមកនេះទេ។

តែយ៉ាងណាក៏ក្នុងផេកផ្លូវការរបស់ផលិតកម្មនេះ បានបញ្ជាក់ពីការត្រៀមចេញនូវអ្វីដែលថ្មី និងប្លែកសម្រាប់អ្នកគាំទ្រកំពុងតែទន្ទឹងរង់ចាំមើលស្នាដៃប្លែកៗរបស់ផលិតកម្មក្នុងស្រុកតែងតែហ៊ានចាយលុយធំផលិតបទមច្រៀងឱ្យបានស្ដង់ដារ។

អ្វីដែលទស្សនិកជន និងអ្នកគាំទ្រផលិតកម្មនេះចង់ឃើញច្រើនជាងគេគឺការចេញបទចម្រៀងថ្មីៗឱ្យកំពូលតារាចម្រៀង និងមានងារជាឧកញ៉ា គឺលោក ព្រាប សុវត្ថិ ព្រោះមួយរយៈចុងក្រោយនេះលោកហាក់ស្ងប់ស្ងាត់ខ្លាំងណាស់ពីទីផ្សារចម្រៀងរបស់ខ្លួន។ ជាពិសេសបន្ទាប់ពីលោកបានក្លាយជាឧកញ៉ា កាលពីពេលថ្មីៗ។


យ៉ាងណាក៏ដោយបើតាមប្រភពផ្លូវការពីក្រុមការងារផលិតកម្ម Galaxy Navatra បានបញ្ជាក់ថា ផលិតកម្មនេះកំពុងញាប់ដៃញាប់ជើងដើម្បីបង្ហាញពីសក្ដានុពលរបស់ខ្លួនកាន់តែខ្លាំងថែមទៀតតាមរយៈមនុស្សសំខាន់ៗទាំង៣រូបខាងលើ។
ប្រភពបានបញ្ជាក់ទៀតថាមិនយូរមិនឆាប់ទេ អ្នកគាំទ្រ និងទស្សនិកជននឹងឃើញពីបទចម្រៀងថ្មីៗដ៏ទាក់ទាញជាច្រើនអាចឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលសម្រាប់តារាចម្រៀងនានាក្នុងផលិតកម្ម Galaxy Navatra​ នេះ។


សូមបញ្ជាក់ដំណឹងថ្មីៗចុងក្រោយនេះបានអះអាងថាតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម ហង្សមាសគឺ ឧកញ៉ា ខេមរៈ សិរីមន្ត ត្រៀមនឹងហក់ចូលផលិតកម្ម Galaxy Navatra ថែមទៀតក្រោយចប់កុងត្រាពី ហង្សមាស។ ប្រសិនបើដំណឹងនេះពិតប្រាកដមែននោះ Galaxy នឹងក្លាយជាផលិតកម្មមួយដ៏មានសក្ដានុពលព្រោះតែមានតារាចម្រៀងលំដាប់ៗដូចជា ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត ខេម តន់ ច័ន្ទសីម៉ា និងតារាចម្រៀងមួយចំនួនទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap