ពិតជារំភើប! យក់ ឋិតរដ្ឋា និង ឃុំ ប៉ុណ្ណាដែត ទទួលបានយុត្តិធម៌លើរឿងឆបោកក្រោមការជួយសម្របសម្រួលពីជំនួយការសម្ដេចតេជោ

គូស្វាមីតារាចម្រៀងធ្លាប់សាងប្រជាប្រិយភាពខ្ពស់កាលពីអតីតកាលអ្នកនាង យក់ ឋិតរដ្ឋា និងស្វាមីលោក ឃុំ ប៉ុណ្ណាដែត បានទទួលនូវយុត្តិធម៌ត្រឡប់មកវិញពីរឿងឆបោកក្នុងជំនួញអចលនទ្រព្យលើកដំបូងរបស់ពួកគេ ក្រោមការជួយសម្របសម្រួលពីឯកឧត្ដម ដួង ដារ៉ា ដែលជាជំនួយការផ្ទាល់របស់សម្ដេចតេជោ ហ៊ុន សែន។
ការជួយសម្របសម្រួលពីសំណាក់ជំនួយការផ្ទាល់សម្ដេចតេជោនេះ មិនបានបញ្ជាក់ពីទំហំនៃការទទួលបានយុត្តិិធម៌កម្រិតណាទេ។ តែយ៉ាងណាបើតាមលោកជំទាវ ហ៊ុន ស៊ីណាត ដែលបានជួយជ្រោមជ្រែងខ្លាំងលើរឿងនេះ បានបញ្ជាក់គឺជាការសម្របសម្រួលមួយដែលឈ្នះទាំងអស់គ្នាគ្មានអ្នកចាញ់នោះទេ ពោលគឺស្របតាមនយោបាយឈ្នះៗរបស់ប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
ការជួយសម្របសម្រួលពីសំណាក់ឯកឧត្ដម ដួង ដារ៉ា នេះបានធ្វើឱ្យគូស្វាមីភរិយាទាំង២ខាងលើ បានបង្ហាញពីភាពសប្បាយរីករាយជាខ្លាំងស្ទើរនឹកស្មានមិនដល់។ នឹងស្មានមិនដល់ព្រោះពួកគេហាក់អស់សង្ឃឹងក្នុងជីវិតទៅហើយចំពោះបញ្ហាឆបោកអចលនទ្រព្យនេះ ព្រោះតែអ្នកទាំងពីរប៉ះចំអ្នកមានខ្សែធំ និងមានអំអាច។

យ៉ាងណាក៏ដោយក្រោយទទួលបានយុត្តិធម៌បែបនេះ ទាំង យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ពិតជាអរគុណខ្លាំងណាស់ដល់សម្ដេចតេជោ ហ៊ុនសែន ដែលតែងតែយកចិត្តទុកចំពោះបញ្ហា និងទុកលំដាប់នានារបស់ប្រជាពលខ្មែរ។ ក្នុងនោះអ្នកទាំងពីរក៏មិនភ្លេចទេចំពោះការជួយជ្រោមជ្រែងពីឯកឧត្ដម ដួង ដារ៉ា លោក ជំទាវ ហ៊ុន ស៊ីណាត និងភាគីជម្លោះម្ខាងទៀតដែលសុខចិត្តទទួលយកការសម្របសម្រួលនេះ។

មិនត្រឹមតែគូស្វាមីភរិយាទាំងពីរខាងលើទេដែលបង្ហាពីទឹកចិត្តសប្បាយរីករាយ ងាកទៅទស្សនិកជន និងមិត្តសិល្បៈដូចគ្នាឯណោះវិញក៏ជួយសាទរចំពោះការទទួលបានយុត្តិធម៌នេះដែរ។ ពួកគេម្នាក់ៗគិតថាតារាទាំងពីរដួងមិនដែលមានរឿងអាស្រូវអ្វីធ្វើឱ្យទស្សនិកជនថ្នាំងថ្នាក់ចិត្ត និងធ្វើឱ្យបាត់បង់តម្លៃសិល្បៈដូចតារាមួយចំនួនឡើយ ពោលគឺមានជួយអាណិតទៅវិញក្រោយឃើញមានបញ្ហាកើតឡើង។
ទន្ទឹមការទទួលបានយុត្តិធម៌ឡើងវិញនេះ តារាចម្រៀងគូស្វាមីទាំងពីរដួងក៏ចាប់ផ្ដើមពង្រីក និងពង្រឹងទីផ្សារសិល្បៈរបស់ពួកគេជាបន្តបន្ទាប់ឡើងវិញផង តាមរយៈបទចម្រៀងថ្មីៗ និងការងារិសិល្បៈផ្សេងៗទៀត។

គួររំលឹកផងដែរថា តារាចម្រៀង យក់ ឋិតរដ្ឋា និង ស្វាមីរបស់ខ្លួនបានលេចធ្លោខ្លាំងនៅលើផ្នែក អចនទ្រព្យនាពេលកន្លងទៅ។ អ្នកទាំងពីរបានប្រឹងប្រែងតស៊ូរកស៊ីអស់ជាច្រើនឆ្នាំ មិនធ្លាប់មានបញ្ហាអ្វីឡើយទើបតែ ថ្មីៗនេះអ្នកទាំងពីរជួបនូវរឿងអាក្រក់ក្នុងជីវិត ។ ទោះបីជាកំពុងជួបនូវវិប្បត្តិធ្ងន់ធ្ងរ តារាចម្រៀង យក់ ឋិតរដ្ឋា នៅតែរឹងមាំរហូតទទូលបានយុត្តិធម៌ ហើយនាងនៅតែទទួលការងារសិល្បៈដូចដើម៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap