ផុតកំណត់ថ្ងៃហើយសម្រាប់អ្នករកស៊ីតាមអនឡាញ! តោះមកដឹង៦ចំណុចអ្នករកស៊ីអនឡាញមិនបាច់ចុះបញ្ជីនៅក្រសួង ពាណិជ្ជកម្ម!

ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២នេះ គឺផុតកំណត់នៃការចុះបញ្ចីសម្រាប់អ្នករកស៊ីតាមអនឡាញ ហើយចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ស្អែកនេះតទៅ ក្រសួងពាណិជ្ជកម្ម នឹងអនុវត្តការផាកពិន័យ ចំពោះអាជីវកម្មតាម​ប្រព័ន្ធអេឡិចត្រូនិក(អនឡាញ) នេះ ដែលមិនបានចុះបញ្ជីពាណិជ្ជកម្មស្របច្បាប់ជាមួយក្រសួងពាណិជ្ជកម្ម។
យ៉ាងណាក៏ដោយមានមុខរបរចំនួន៦ប្រភេទក្រសួងនឹងលើកលែងចំពោះអ្នករកស៊ី នៅលើអនឡាញដែលមិនចាំបាច់ចុះបញ្ជីពាណិជ្ជកម្ម។ មុខរបរទាំងនោះរូមមាន៖

ទី១. បើអ្នកគ្រាន់តែផ្សព្វផ្សាយពាណិជ្ជកម្មអំពីទំនិញ ឬសេវារបស់ខ្លួន ដែលមិនបង្កើតជាសំណើរ នៃកិច្ចសន្យា​មានន័យថា អ្នកគ្រាន់តែធ្វើការផ្សព្វផ្សាយ ដូចជាអ្នកមានទំនិញកសិផលល្អ ប៉ុន្ដែអ្នកមិនបានប្រកាស អំពីតម្លៃរបស់កសិផលរបស់អ្នក គឺដោយមិនបង្កើតសំណើជាកិច្ចសន្យា។ ដូច្នេះត្រូវបានលើកលែង ព្រោះអ្នកមិនបានផ្ដល់សេវាពាណិជ្ជកម្មទិញលក់ទេ ប៉ុន្តែត្រូវឲ្យច្បាស់ថា អ្នកមិនផ្ដល់សេវាទិញលក់។

ទី២. ការកក់បម្រុងទុកនូវសេវា ដែលមិនមានការកក់ប្រាក់ គឺអាចផ្ដល់ព័ត៌មានផ្សេងៗសម្រាប់អតិថិជន ឬអ្នកប្រើប្រាស់របស់អ្នក មានន័យថា មានការជជែកជាមួយអ្នកបាន ប៉ុន្ដែមិនមានសេវាកក់ប្រាក់ឡើយ ជារួមគឺមិនមានបង្កើតសំណើរនៃកិច្ចសន្យានោះទេ ដូច្នេះក៏មិនចាំបាច់ចុះបញ្ជីដែរ។

ទី៣. ការលក់ទំនិញ ឬសេវារបស់រូបវន្តបុគ្គល ដែលមានផលរបបក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច មានន័យថា ប្រសិនបើអ្នករកស៊ី ស្ថិតនៅការរកស៊ីក្រោមកម្រិតផលរបបជាអ្នកជាប់ពន្ធតូច (ក្រោម ២៥០លានរៀល ឬប្រហាក់ប្រហែលក្រោម ៦ម៉ឺនដុល្លារក្នុង១ឆ្នាំគឺមិនចាំបាច់ចុះបញ្ជី ដោយត្រូវបានលើកលែងផងដែរ ប៉ុន្តែក៏ត្រូវសិក្សាឲ្យច្បាប់ថា តើអ្នករកស៊ីស្ថិតនៅក្រោម​កម្រិតផលរបប ជាអ្នកជាប់ពន្ធតូចដែរ ឬទេ?

ទី៤. ការលក់ទំនិញ ឬផ្ដល់សេវា ដែលមានលក្ខណគ្រួសារតាមរដូវកាល។ ឧទាហរណ៍ដូចជាអ្នកចំការខ្លះ គាត់ផ្សព្វផ្សាយលើបណ្ដាញសង្គម ដោយគាត់ដាក់ថា រដូវស្វាយដល់ហើយ ឬទុរេនដល់ហើយ ប៉ុន្ដែគាត់មិន​បានដាក់លក់ជាប់ជាប្រចាំនោះទេ គឺគ្រាន់តែមានកសិផល ទៅតាមរដូវដាំណាំរបស់គាត់ប៉ុណ្ណោះ។

ដូច្នេះ​គឺមិនចាំបាច់ត្រូវសុំលិខិតអនុញ្ញាតនោះទេ ព្រោះសេវាដែលផ្ដល់ឲ្យមានរយៈកាលកំណត់ ជាក់លាក់ ទោះបីជាវាបង្កើតសំណើរនៃកិច្ចសន្យាក៏ពិតមែន ប៉ុន្តែវាមិនប្រព្រឹត្តិទៅជាប់ជាប្រចាំ មិនដូចជាអាជីវកម្ម ឬការផ្ដល់សេវាពាណិជ្ជកម្ម ដែលមានលក្ខណៈអចិន្រ្តៃយ៍ទេ។

ទី៥. ការលក់ទំនិញជាស្នាដៃសិល្បៈ ឧទាហរណ៍ដូចជាអ្នកគូរគំនូរ ហើយពួកគាត់បានយកគំនូរទៅដាក់តាំងបង្ហាញ​នៅក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថាខ្លួនបានគូរ ឬមួយវិញទៀតជាអ្នកឆ្លាក់ ក៏មិនតម្រូវឲ្យពួកគាត់មកសុំលិខិតអនុញ្ញាតដែល ព្រោះវាជាស្នាដៃសុទ្ធសាតរបស់ខ្លួន។

ទី៦. ការបង្ហាត់បង្រៀនសិស្ស តាមប្រព័ន្ធអនឡាញជាឯកជន ឬការបង្ហាត់បង្រៀន ជាសិក្ខាសាលា ជាដើម។

បើតាមក្រសួងពាណិជ្ជកម្ម ចំពោះសេវាចុះបញ្ជីពាណិជ្ជកម្ម សម្រាប់អ្នករកស៊ីអនឡាញ មានតម្លៃសេវាសា​ធារណៈត្រឹមតែ២០ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់រូបវន្តបុគ្គល និង៤០ម៉ឺនរៀលសម្រាប់នីតិបុគ្គល ដែលមាន​សុពលភាពរយៈពេល២ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap