កាលពីម្សិលមិញថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមរបស់លោក លាន អាហ្វ្រីលនីន ដែលគេល្បីតៗគ្នាថាបានងារជាឧកញ៉ា ក្នុងសំណុំរឿង «បង្វែរវត្ថុរឹបអូស ឬវត្ថុដាក់ធានា» ដោយកំណត់ឲ្យជាប់ពន្ធនាគារមួយឆ្នាំ។
តែយ៉ាងណាក៏ដោយទោសនេះ គឺត្រូវបាព្យួរ និងតម្រូវអោយសងជំងឺចិត្តទៅភាគីដើមបណ្ដឹង។
ចៅក្រមជំនុំជម្រះលើសំណុំរឿងនេះ ក៏បានប្រកាសទុកសិទ្ធិឲ្យអតីតពិធីករល្បីឈ្មេាះរូបនេះប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ផងដែរ ក្នុងសំណុំរឿងកាត់ទោសកំបាំងមុខនេះ
លាន អាហ្វ្រីលគីនីន ក្រៅតែពីជាប់គុករយៈពេលមួយឆ្នាំ (១ឆ្នាំ) តែទោសនោះត្រូវព្យួរនេាះក៏ត្រូវរងពិន័យជាប្រាក់ចំនួន១លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ និងបង្គាប់ឲ្យសងថ្លៃជំងឺចិត្តចំនួន២០លានរៀល ទៅភាគីខាងដើមបណ្ដឹង។
អតីតពិធីករល្បីឈ្មេាះរូបនេះដែលទើបចែកផ្លូវជាមួយភរិយាអ្នកនាង កែវ វលក្ខណ៍ ត្រូវបានដើមបណ្តឹងប្តឹងពីបទ បង្វែរវត្ថុរឹបអូស ឬវត្ថុធានា តាមបញ្ញត្តិមាត្រា ៣៩៧នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨។
លោកក៏ធ្លាប់ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនកាលពីអំឡុងខែឧសភា ឆ្នាំ២០២២កន្លងទៅផងដែរ តែអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ ក្រោយបញ្ចប់ការសួរនាំ។
ទាក់ទងបញ្ហានេះលោក លាន អាហ្វ្រីលគីនីន មិនអាចសុំការបញ្ជាក់បាននេាះទេ ដោយទូរសព្ទរបស់លោកមិនអាចទាក់ទងបាន។ យ៉ាងណាក៏ដោយកាលពីពេលថ្មីៗកន្លងទៅលោកក៏ធ្លាប់បដិសេធន៍ មិនជាប់ពាក់ព័ន្ធក្នុងរឿងបានចោទដូចខាងលើនេាះទេ
សូមបញ្ជាក់ថា លោក លាន អាហ្វ្រីលគីនីន ត្រូវអតីតភរិយា បកអាក្រាតថាលោកមិនមែនជាឧកញ៉ានេាះពិតប្រាកដដូចដែលមនុស្សមួយចំនួនបានដឹងនេាះទេ ។ អ្នកនាងបានអះអាងថា មានងារជាឧកញ៉ាម្ដេចនឹងកើត បើគ្រាន់តែកតព្វកិច្ចចិញ្ចឹមកូន៤នាក់ក៏លោកគ្មានចិត្ត ហើយថែមទាំងជិះឡានបង់រំលោះគេថែមទៀត៕