ជនបរទេសម្នាក់ដែលជាគ្រូបង្វឹកផ្នែកបាល់ទាត់ឈ្មោះ Luis Fernando Vitorino បានចោទលោក អុិន សុភិន ដែលជាអ្នកចាត់ការទូទៅកម្មវិធី Miss Grand Cambodia និងមានក្រុមបាល់ទាត់មួយឈ្មោះ មហាហង្ស អលស្តារ ថាបានជំពាក់លុយលោកប្រមាណ ២៤០០ដុល្លារ រហូតមកទល់នឹងពេលនេះមិនព្រមសងឡើយ ដោយយកលេសថ្ងៃនេះថ្ងៃនោះមិនចេះចប់រហូតធ្វើឱ្យដាច់ចិត្តបង្ហោះសារឆ្លើយឆ្លងនេះជាសារធារណៈតែម្ដង។
Luis Fernando Vitorino បានបន្តថាលោកធ្វើការនៅកម្ពុជាជាង ៦ឆ្នាំមកហើយមិនដែលមានបញ្ហាអ្វីនោះទេ តែទើបមួយឆ្នាំមុននេះទេដែលធ្វើការជាគ្រូបង្វឹកឱ្យក្រុមមហាហង្ស ប្រមាណ៣ទៅ៤ខែ តែមិនទទួលបានប្រាក់ខែនោះទេ ដោយលោកអះអាងថាបុរសម្នាក់ឈ្មោះ អុិន សុភិន បានសន្យាថ្ងៃនេះថ្ងៃនោះមិនចេះចប់។
គ្រូបង្វឹករូបនេះបានបញ្ជាក់ទៀតថាលោកត្រូវការលុយនេះជាចាំបាច់ព្រើលោកគ្មានលុយក្នុងខ្លួនដើម្បីមើលឪពុកឈឺ ប្រពន្ធត្រូវការថ្នាំជាប្រចាំថ្ងៃ ធ្វើឱ្យលោកមិនអាចមានលទ្ធភាពដើម្បីទប់ទេ មានតែពឹងលើប្រាក់ខែដែលធ្លាប់ធ្វើការឱ្យអ្នកចាត់ការទូទៅខាងលើតែប៉ុណ្ណោះ។
លោកក៏បានសំណូមពរឱ្យលោក អុិន សុភិន ដែលជាអ្នកចាត់ការទូទៅកម្មវិធីល្បីឈ្មោះ Miss Grand Cambodia និងជាអ្នកមានមុខមាត់ម្នាក់ក្នុងសង្គមសិល្បៈ មេត្តាជួយទូទាត់ប្រាក់ដែលជំពាក់មកឱ្យលោកប្រសិនបើបានឃើញសារលោកបានចែករំលែកនេះ។ លោកសង្ឃឹមយ៉ាងមុតមាំថាអ្នកចាត់ការទូទៅរូបនេះនឹងគោរពតាមការសន្យារបស់ខ្លួនបានជំពាក់នាពេលកន្លងមក។
ទាក់ទងការចោទប្រកាន់នេះលោក អុិន សុភិន ដែលជាអ្នកចាត់ការទូទៅផលិតកម្ម មហាហង្ស និងជាអ្នកចាត់ការទូទៅកម្មវិធី Miss Grand Cambodia មិនអាចសុំការបកស្រាយបានទេ ដោយទូរសព្ទរបស់លោកមិនអាចទាក់ទងបាន។
ក៏ប៉ុន្តែលោក អុិន សុភិន បានចូលទៅឆ្លងឆ្លងទៅជាមួយបុរសជនបរទេសដែលបានចោទលោកថាជំពាក់លុយនោះ ឱ្យវិលត្រឡប់មកប្រទេស កម្ពុជា ជួបប៉ូលីស ព្រោះលោកបាននិយាយជាមួយប៉ូលីសរួចហើយពីការចោទប្រកាន់នេះ។ លោកក៏បានស្នើឱ្យបុរសម្នាក់មកស្រុកខ្មែរឱ្យបានឆាប់ដើម្បីចង់ដឹងថាតើនរណាខុស នរណាត្រូវ។
សូមបញ្ជាក់ថារឿងស្រដៀនគ្នានេះក៏ធ្លាប់កើតមានដែរចំពោះពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី ក៏បានចោទពីរឿងជំពាក់លុយមិនសងនេះនាពេលកន្លងទៅ ហើយទាក់ទងនឹងសាររបស់ជនបរទេសរូបនេះលោកបានចាត់ទុកថាធ្វើឱ្យខូចកេរ្តិ៍ឈ្មោះជនជាតិខ្មែរដទៃទៀតផងដែរ ដោយប្រាក់ត្រឹម ២៤០០ដុល្លារសោះតែបែរជាមិនសងគេទៅវិញ៕