ខុសពីអ្វីដែល ពេជ្រ សូលីកា បានបញ្ជាក់នាពេលកន្លងទៅពីចំណងស្នេហ៍ដ៏រឹងមាំរបស់នាងថាគ្មានអ្វីគួរអោយបារម្ភ ឬមានបញ្ហានោះទេ ពោលគឺនៅល្អជាប្រក្រតី។
តែធាតុពិតមិនដូច្នេះទេ ស្វាមីរបស់អ្នកនាងបានចេញមកបញ្ជាក់ផ្លូវការលើបណ្ដាញសង្គម Instagram ថាចំណងស្នេហ៍ពួកគេពិតជាដើរដល់ផ្លូវបំបែកមែនទែនហើយ។ ការនេះធ្វើអោយមានការភ្ញាក់ផ្អើលជាខ្លាំងដល់ទស្សនិកជន ជាពិសេសហ្វេនៗដែលជាអ្នកគាំទ្រតារាចម្រៀងល្បីឈ្មោះរូបនេះ។
ជាមួយសារដ៏វែងមួយអតីតស្វាមី ពេជ្រ សូលីកា មិនបានបញ្ជាក់ពីមូលហេតុនៃការឈានដល់ផ្លូវបំបែកនៃចំណងស្នេហ៍ពួកគេទាំងពីរទេ។
លោកបានរៀបរាប់ជាភាសាអង់គ្លេសដែលក្នុងអត្ថន័យបញ្ជាក់ថាពួកគេចែកផ្លូវគ្នាដើរដោយសន្តិវិធីពោលគឺនៅតែបន្តរាប់អានគ្នាជាមិត្តភក្តិ នឹងបន្តធ្វើជាឪពុកម្តាយ ដែលល្អសម្រាប់កូនប្រុស ហើយលោកក៏មិនភ្លេចជូនពរដល់អតីតភរិយា ឱ្យជួបតែសេចក្តីសុខនិងឈ្នះអស់ឧបសគ្គនៅក្នុងជីវិត។
លោក ក៏មិនភ្លេច បង្ហាញពីពេលវេលាដែលបានរួមរស់ជាមួយគ្នាពោរពេញទៅដោយក្តីស្រឡាញ់រហូតទទួលបាន ចំណងដៃកូនប្រុសដ៏ស្រស់ស្អាតនិងគួរឱ្យស្រឡាញ់ ។
ខណៈស្វាមីបានបើកចំហពីការចែកផ្លូវគ្នា តែងាកមក ពេជ្រ សូលីកា ឯណេះមិនអាចទាក់ទងសុំការបញ្ជាក់បានទេដោយទូរសព្ទរបស់នាងតេចូលតែគ្មានអ្នកទទួល។យ៉ាងណាក្នុងនោះក៏មានអ្នកគាំទ្រជាច្រើនស្ទើរមិនជឿថាពួកគេដើរដល់ផ្លូវបែបនេះព្រោះកន្លងមកអ្នកទាំងពីរដាដៃគូដែលស័ក្តិសមនិងស្រឡាញ់គ្នាជាខ្លាំង ហើយទម្រាំដល់ថ្ងៃនេះពួកគេក៏បានឆ្លងកាត់នូវរឿងរ៉ាវជាច្រើនទាំងល្អនិងអាក្រក់រួមគ្នាមិនតិចដែរ ។
គេចាំបានថា ពេជ្រ សូលីកា និង ស្វាមីជាអណិកជនរូបនេះបានភ្ជាប់ពាក្យកាលពីចុងឆ្នាំ ២០១៩នឹងបានសម្រាលកូនប្រុសនៅខែឧសភា ឆ្នាំ ២០២០ តែបើទោះមិនទាន់រៀបការ តែធ្លាប់មានការព្រលយថា ពេជ្រ សូលីកា និងស្វាមីបានចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់រូចរាល់ហើយ ៕