តាមរយៈមេធាវីរបស់ខ្លួនលោកជំទាវ ហ៊ុន ស៊ីណាត សម្រេចចិត្តដាក់ពា្យបណ្ដឹងផ្លូវការប្ដឹងបុគ្គល ផែង វណ្ណៈ ដែលជាអ្នកអត្ថាធិប្បាយលើបណ្ដាញសង្គមល្បីឈ្មោះម្នាក់ទៅកាន់តុលាការ។
ការសម្រេចចិត្តដាក់ពាក្យបណ្ដឹងនេះបន្ទាប់ពីលោក ផេង វណ្ណៈ កាលពីថ្មីៗបាន Live និយាយពីរឿងអ្នកអត្ថាធិប្បាយកីឡា Admin ជីង ចក់ ថាទៅចូលជួបលោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីធ្វើជាខ្នងបង្អែករឿងជម្លោះផ្ទៃក្នុងគ្រួសារដែលនៅមិនទាន់រកទីបញ្ចប់ឃើញនៅឡើយរហូតមកទល់នឹងពេលនេះ។
ក្នុងសំណេរអមដោយរូបថតផ្ដិតមេដៃជាមួយមេធាវីរបស់ខ្លួនលោកជំទាវ ហ៊ុន ស៊ីណាត មានប្រសាសន៍ថា៖”ទុកអោយច្បាប់ជាអ្នកដោះស្រាយចុះ អ្នកមានចេតនាញុះញុងថា ស្រុកខ្មែរមានរឿងអីអាងតែត្រកូលហ៊ុន ចឹងមានន័យថាអ្នកឯងចោទក្រុមគ្រួសារខ្ញុំទាំងមូលជាន់លើច្បាប់ ហើយចាត់ទុកច្បាប់ជាសំរាម”។
ទាក់ទងការសម្រេចចិត្តដាក់ពាក្យបណ្ដឹងផ្លូវការនេះលោក ផែង វណ្ណៈ មិនអាចសុំការបញ្ជាក់បាននោះទេ ហើយនៅលើបណ្ដាញសង្គម Facebook របស់លោកវិញក៏មិនទាន់ឃើញចេញមកបកស្រាយយ៉ាងណានោះដែរពីរឿងពាក្យបណ្ដឹងរបស់លោកជំទាវ ហ៊ុន ស៊ីណាត នេះ។
គួរបញ្ជាក់កាលពីពេលថ្មីៗលោក ផេង វណ្ណៈ បាន live លើបណ្ដាញសង្គម Facebook របស់ខ្លួនដោយនិយាយថាគូជម្លោះ ទ្រិញ ផល្លា និង ជីង ចក់ បានយកថ្នាក់ដឹកនាំមកពាំងរៀងៗខ្លួន ជុំវិញភាពរកាំរកូសរបស់ពួកគេ។ ក្នុងនោះលោកក៏បានចោទពូ ចក់ ថាការចូលទៅថតរូបជាមួយលោកជំទាវដើម្បីបង្ហាញជូនទស្សនិកជនជាការធ្វើខ្នងបង្អែកដើម្បីកុំឱ្យអតីតភរិយាប្ដឹងលោកទៅកាន់តុលាការ។
អ្នកអត្ថាធិប្បាយលើបណ្ដាញសង្គមរូបនេះក៏ធ្លាប់អង្គភាពសារព័ត៍មាន ហ្វ្រេសញូវប្ដឹងទៅកាន់តុលាការផងដែរនាពេលកន្លងទៅពីបទបរិហារកេរ្តិ៍ រហូតលោកជាប់គុកមួយរយៈ មុននឹងមានសេរីភាពឡើងវិញដូចសព្វថ្ងៃ៕