ផលិតករល្បីឈ្មោះ លៀក លីដា ក្លាយជាប្រធានសមាគមផលិតករភាពយន្ដខ្មែរ

ផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture ដ៏ល្បីឈ្មោះលោក លៀក លីដា ត្រូវបានជ្រើសរើសជាប្រធានសមាគមផលិតករភាពយន្តខ្មែរ(Cfa) ជាផ្លូវការនារសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ។
ការប្រកាសជាប្រធានសមាគមផលិតករភាពយន្តខ្មែរធ្វើឡើងនៅចំពោះមុខផលិតករក្នុងស្រុកល្បីៗប្រមាណ ៣០នាក់ ដោយគោលបំណងនៃការបង្កើតសមាគមនេះឡើងគឺដើម្បីកែប្រែវិស័យភាពយន្ដកម្ពុជាឲ្យក្លាយទៅជាឧស្សាហកម្មភាពយន្ដ។
លោក លៀក លីដា ដែលជាប្រធានសមាគមបានថ្លែងថា ដើម្បីអាចកែប្រែវិស័យនេះបាន គឺត្រូវស្វែងរកទុនទៅដាក់ជាមួយផលិតករពិតប្រាកដ ឬអ្នកមានជំនាញផលិតភាពយន្ដច្បាស់លាស់។ លោកថាម្ចាស់ទុនដែលមានធនធានខ្លាំង គួរផ្ដល់ឱកាសសម្រាប់ផលិតករភាពយន្ដខ្មែរឲ្យបានច្រើន។

ផលិតករល្បីឈ្មោះរូបនេះ៖ “ដូចជាផលិតកម្មខ្ញុំចេញក្នុង១ឆ្នាំ បី ទៅបួនរឿង ហើយផលិតកម្មផ្សេងគេប្រហែលជាគិតថា អូហ៍…ម្ចាស់ផលិតកម្មដឹកទាំងអស់ហើយ តែអត់ទេ ក្រោយពីយើងសន្សំបាន យើងមានធនធាន យើងជឿជាក់លើផលិតករដទៃទៀត ហើយផ្ដល់់ឱកាសឲ្យគាត់ដឹកបានច្រើន”។

នៅក្នុងឱកាសប្រកាសបើកសមាគមថ្មីនេះ លោក លៀក លីដា ក៏បានលើកឡើងនៅលក្ខណ្ឌមួយចំនួនសម្រាប់សមាជិកដែលចូលរួមក្នុងសមាគមដែរ។ លោកថាក្នុងរយៈពេលបីឆ្នាំដំបូង សមាគមមិនត្រូវឲ្យសមាជិកបង់ប្រាក់វិភាគទាននោះទេ តែតម្រូវឲ្យមានការចូលរួមយ៉ាងសកម្មពីសមាជិកគ្រប់រូប ដើម្បីរកយុទ្ធសាស្ដ្រថ្មីរុញឲ្យវិស័យភាពយន្ដដើរលឿនទៅមុខ ។

សូមរំលឹកថា សមាគមផលិតករភាពយន្ដខ្មែរ បានធ្វើពិធីប្រកាសបើកជាផ្លូវការនៅសាលប្រជុំតូចមួយ នៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលថតភាពយន្ដនៅកម្ពុជា។ ពិធីនេះ គេឃើញមានការអញ្ជើញចូលរួមពីលោក ជៀប សុវិជ្ជា លោក លៀក លីដា លោក ស៊ុំ ភារិន និងផលិតករល្បីៗសរុបប្រមាណ៣០នាក់ផ្សេងទៀត៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap