សង្សារថ្មីនាយ ចឺម ហាក់ដូចជាមានរឿងអ្វីកប់ក្នុងបេះដូងទើបមួយរយៈពេលចុងក្រោយនេះនាងបង្ហាញនូវអារម្មណ៍ប្លែកៗឱ្យទស្សនិកជនបានដឹងលឺ រហូតមានអ្នកខ្លះនិយាយថា ចំណងស្នេហ៍នាយ ចឺម និងនាង សេង សុខឃីម កំពុងដើរដល់ផ្លូវបំបែក ។
នាយ ចឺម និងសង្សារថ្មី ទើបតែបង្ហាញភាពស្និទ្ធស្នាល និងផ្អែមល្ហែមជាមួយគ្នាមិនដល់មួយខែផងក្នុងថ្ងៃកំណើតរបស់កូនប្រុសខ្លួន ដោយនាងបានសរសើរនាយ ចឺម ពេញៗមាត់ថាជាបុរសល្អ ដែលចេះមើលថែ និងជួយទុកធុរៈនាងគ្រប់បែបយ៉ាង សូម្បីតែក្នុងថ្ងៃកំណើតកូននាង ក៏តារាចម្រៀងរូបនេះជាអ្នកចាត់ចែង និងចេញថវិការទាំងអស់ដែរ រហូតធ្វើឱ្យនាងរំភើបចិត្តដល់ហូរទឹកភ្នែកដោយមិនដឹងខ្លួន ។
ដោយឡែកប៉ុន្មានថ្ងៃចុងក្រោយនេះមិនដឹងមានបញ្ហាអ្វីកើតឡើងបាននាង សេង សុខឃីម បង្ហាញនូវអារម្មណ៍មិនសប្បាយចិត្ត រួមជាមួយការបង្ហោះសារប្លែកៗហាក់បីដូចជាកំពុងមានបញ្ហាជាមួយគូសង្សារ ។
ក្នុងសាររបស់នាងរួមមាន « ចុះចាញ់បងហើយទៅណាទៅចុះ ។ អូនសុខចិត្តធ្វើគថ្លង់ ព្រោះតែមានកម្មស្រឡាញ់បង តែឥឡូវអស់កម្មហើយ ។ គេអត់យើងបាន ហេតុអ្វីយើងត្រូវខ្វល់ » ។
តាមរយៈសារទាំងនេះកាន់តែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនិងគិតថា សេង សុខឃីម ច្បាស់ជាមានបញ្ហាជាមួយ នាយ ចឺម ជាមិនខាន ។
ចំពោះរឿងនេះទាំងនាយ ចឺម និង សេង សុខឃីម នៅពុំទាន់ចេញមុខបកស្រាយនៅឡើយទេ។
សូមបញ្ជាក់នេះជាលើកដំបូងហើយសម្រាប់នាយ ចឺម និងសង្សារថ្មី សេង សុខឃីម ដែលមានរឿងរកាំរកូសកើតឡើងបន្ទាប់ពីអ្នកទាំងពីរទាក់ទងគ្នាបានរយៈមក៕