នាពិធីបើកការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស និងផ្លូវ៦០ម៉ែត្រ ព្រឹកថ្ងៃទី៣១ សីហា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យលោកជំទាវ ភឿង សុកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ពិនិត្យ និងត្រូវហៅអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia មកអប់រំ និងសួរនាំពីការរៀបចំកម្មវិធីឆ្នាំនេះព្រោះតែរងការរិះគន់ខ្លាំងពេកពីមហាជនទៅលើការស្លៀកពាក់ និងឈុតតំណាងជាតិជាដើម។
ក្រៅតែបញ្ជាឱ្យអប់រំណែនាំអ្នករៀបចំកម្មវិធីល្បីឈ្មោះមួយនេះសម្ដេចតជោ នាយករដ្ឋមន្ត្រីក៏បានឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈត្រូវមើលទាំងអស់សម្រាប់កម្មវិធីប្រកួតបវរកញ្ញាក្នុងប្រទេស កម្ពុជា ដោយមិនត្រូវធ្វើឱ្យមានភាពល្អក់កករដូចជាឆ្នាំនេះទៀតនោះទេ។
ទាក់ទងសារព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន នេះលោក អុិន សុភិន ដែលជាអ្នករៀបចំ និងជាអ្នកចាត់ការទូទៅកម្មវិធី Miss Grand Cambodia មិនអាចទាក់ទងសុំការស្រាយបំភ្លឺបាននោះទេដោយទូរសព្ទរបស់លោកតេចូល តែគ្មានអ្នកទទួល។
យ៉ាងណាក៏ដោយមហាជននៅតែផ្ទុះការរិគន់ជាបន្តបន្ទាប់បើទោះជាកម្មវិធី Miss Grand Cambodia 2022 នេះបានបញ្ចប់ហើយកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍីបានក្លាយជាម្ចាស់មកុដហើយក្ដី។
ភាពមិនអស់ចិត្តរបស់មហាជនព្រោះតែការរៀបចំកម្មវិធីខាងលើសម្រាប់ឆ្នាំ២០២២ នេះមានភាពរកាំរកូសខ្លាំពេកចាប់តាំងពីការចាប់ផ្ដើមដាក់ពាក្យរហូតដល់វគ្គផ្ដាច់ព្រ័ត្រនៃកម្មវិធី។
សូមបញ្ជាក់ថាកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាម្ចាស់មកុដ Miss Grand Cambodia 2022 ដែលមានតម្លៃ ២៥ម៉ឺនដុល្លារ នឹងចូលរួមប្រកួតប្រជែង Miss Grand International នៅឯប្រទេស ឥណ្ឌូណេស៊ី ចុងឆ្នាំ២០២២នេះ៕