តារាស្រី ទេព កញ្ញា បានបាត់មុខពីសិល្បៈជាងមួយឆ្នាំហើយតាំងពីនាងសម្រេចចិត្តភ្ជាប់ពាក្យជាមួយបុរស ខ្មែរ រស់នៅសរហដ្ឋអាេមរិក ។ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ ភ្ជាប់ពាក្យទើបតែបានជាងកន្លះឆ្នាំប៉ុណ្ណោះ ទេព កញ្ញា ក៏ប្រកាសថាខ្លួនកំពុងមានផ្ទៃពោះ និងបានបង្ហោះរូបភាពពពោះជាលើកដំបូង បង្ហាញខ្លួនទស្សនិកជនទាំងអារម្មណ៍សប្បាយរីករាយ។
ទស្សនិកជនជាច្រើនៅពេលឃើញរូបភាពរបស់ ទេព កញ្ញា បង្ហោះបានធ្វើឱ្យម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីព្រោះ ទេព កញ្ញា មិនទាន់រៀបការផង ស្រាប់តែមានផ្ទៃពោះទៅហើយ ។ សម្រាប់រឿងនេះជារឿងធម្មតាទៅហើយសម្រាប់តារាល្បីៗមានកូនមុនរៀបការ តែទោះជាយ៉ាងនេះក្តី អ្នកគាំទ្រជាច្រើនបានផ្ញើសារជូនពរ ទេព កញ្ញា ជាពិសេសតារាល្បីៗមួយចំនួន ក៏បានផ្ញើសារអបអរសាទរនាងផងដែរ ។
កូនក្នុងផ្ទៃរបស់ ទេព កញ្ញា គឺជាកូនស្រី នាងនិងគ្រួសារសប្បាយចិត្តជាខ្លាំងនៅពេលដែលដឹងថា ទទួលបានកូនស្រីជាចំណងដៃ ចំណែកស្វាមីនាងក៏កាន់តែស្រឡាញ់ថ្នាក់ថ្នមនាងទ្វេងដង និងមិនឱ្យនាងធ្វើការងារអ្វីទាំងអស់ ក្រៅពីនៅផ្ទះមើលថែទាំសុខភាព ។
ទេព កញ្ញា បានភ្ជាប់ពាក្យជាមួយបុរស ខ្មែរ រស់នៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៧ ខែ មីនា ឆ្នាំ ២០២២ កន្លងមកនេះ ដោយបានអញ្ជើញមិត្តសិល្បករតិចតួចបំផុតចូលរួម ។ ទេព កញ្ញា មានបំណងនឹងរៀបចំពិធីមង្គលការដែលមានលក្ខណៈធំដុំនិងមានមិត្តភក្តិសិល្បៈចូលរួមអបអរសាទរ ប៉ុន្តែពេលនេះ អ្វីៗត្រូវបានប្រែប្រួល នាងត្រៀមខ្លួនធ្វើជាម្តាយគេហើយ ហើយចំពោះរឿងរៀបការ នឹងរៀបចំឡើងនៅពេលដែលនាងសម្រាលកូនស្រីរួច ៕