ដោយសារតែអាជីវកម្មជំនួញរួមគ្នាជោគជ័យខ្លាំងតារាស្រីកូនមួយ លី ច័ន្ទសីហា ត្រូវគូដណ្ដឹងរបស់ខ្លួនបានហាមប្រាមមិនចង់ឱ្យប្រឡូកក្នុងវិស័យសិិល្បៈឡើងវិញនោះទេ បើទោះនាងនៅតែបន្តស្រលាញ់ និងចូលចិត្តក៏ដោយ។
អតីតតារាទឹកភ្លែកល្បីឈ្មោះរូបនេះបានទម្លាយរឿងរ៉ាវពិតដែលធ្វើឱ្យជីវភាពនាងល្អប្រសើរឡើងដូចសព្វថ្ងៃនេះក៏ដោយសារមានការជួយជ្រោមជ្រែងពីគូដណ្តឹងរបស់នាងតាំងពីជាងពីរឆ្នាំមុន មុននឹងសម្រេចចិត្តភ្ជាប់ពាក្យ ។
បច្ចុប្បន្ន លី ច័ន្ទសីហា មានអាជីវកម្មជាច្រើន ជាពិសេសថ្មីៗនេះនាងកំពុងជោគជ័យខ្លាំងក្នុងការសាងសង់ផ្ទះត្រចៀកកាំ ដោយនាងបានបោះទុនប្រាក់រាប់សែនដុល្ហារបើកអាជីវកម្មនេះ ដើម្បីបង្កើនប្រាក់ចំណូល។
ជាក់ស្តែងនាងមានផ្ទះត្រចៀកកាំជាច្រើនកន្លែងនៅក្នុងដៃ ដែលធ្វើឱ្យជីវភាពនាងមានការធូធារឡើង ទោះបីជានាងមិនប្រកបអាជីពសម្តែង ក៏ជីវិតនាងរស់នៅសុខស្រួលដែរ ។
តាមពិតនៅពីក្រោយខ្នងនៃការជោគជ័យរបស់តារាស្រីកូនមួយ លី ច័ន្ទសីហា គឺដោយសារមានអ្នកជួយជ្រោមជ្រែងពីក្រោយខ្នង ។ លី ច័ន្ទសីហា បានទទួលស្គាល់ផងដែរថា ការពិតនាងនិងគូដណ្តឹង បានបើកមុខជំនួញជាច្រើនជាមួយគ្នាតាំងពីជាងពីរឆ្នាំមុនមកម្ល៉េះ គ្រាន់តែនាងមិនដែលបង្ហាញឱ្យទស្សនិកជនបានដឹងលឺប៉ុណ្ណោះ។ តែពេលនេះល្មមដល់ពេលហើយដែលត្រូវបង្ហាញការពិតហើយ ពីព្រោះនាងបានភ្ជាប់ពាក្យនឹងក្លាយទៅជាគ្រួសារតែមួយក្នុងពេលឆាប់ៗហើយ ។
ក្រោយពីភ្ជាប់ពាក្យរួច លី ច័ន្ទសីហា កាន់តែសប្បាយរីករាយ នាងលែងរស់នៅជា Single Mom ដូចមុនហើយ រាល់ពេលទៅណាមកណា នាងបណ្តើរគូដណ្តឹងទៅចូលរួមត្រសងមិនលាក់បាំងដូចមុនទេ ។ លី ច័ន្ទសីហា និងគូដណ្តឹង ត្រៀមទាំងមានគម្រោងបើកជំនួញជាច្រើនទៀតជាមួយគ្នា មុននដឹងដឹកដៃគ្នាចូលរោងការទៅតាមប្រពៃណី នាងសង្ឃឹមថា ជីវិតគូលើកទី ២ នឹងធ្វើឱ្យជីវិតនាងជួបតែសេចក្តី សុភមង្គល ។
ត្រឡប់មកការងារសិល្បៈ លី ច័ន្ទសីហា ត្រូវបានគូដណ្តឹងហាមប្រាមមិនឱ្យថតភាពយន្តភាគដែលចំណាយពេលវេលាយូរនោះ ដោយសារតែខ្លាចគូដណ្តឹងខ្លួនមានការហត់នឿយ ចំណែក លី ច័ន្ទសីហា ក៏មិនបានជំទាស់បំណងគូដណ្តឹងដែរ ប្រសិនបើគូដណ្តឹងមិនព្រមឱ្យថត នាងក៏មិនថតដើម្បីគ្រួសារមានសុភមង្គល ។
ទោះជាយ៉ាងនេះក្តី លី ច័ន្ទសីហា នៅតែមានចិត្តស្រឡាញ់វិស័យសម្តែង នាងថា ប្រសិនបើមានឱកាសល្អនាងនៅតែទទួលថតរឿង ដើម្បីទុកជាអនុស្សាវរីយ៍ ៕