ឆាយ វីរៈយុទ្ធ បញ្ជាក់ចំណងស្នេហ៍កាន់តែរឹងមាំក្នុងថ្ងៃខួបកំណើតភរិយា

តារាចម្រៀងឈានមុខរបស់ផលិតកម្ម សាន់ដេ លោក ឆាយ វីរៈយុទ្ធ បានបង្ហាញពីភាពផ្អែមល្លែមនៃចំណងស្នេហ៍កាន់តែរឹងមាំជាមួយភរិយារបស់ខ្លួនក្នុងថ្ងៃខួបកំណើតថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។
នៅលើបណ្ដាញសង្គមរបស់ខ្លួនអតីតតារាចម្រៀងប្រចាំផលិតកម្ម M រូបនេះបានបញ្ជាក់ថា៖”ការយកចិត្តទុកដាក់ ប្រាកដណាស់ថាដៃគូម្ខាងទៀតពិតជារីករាយនិងមានសុភមង្គល រីករាយថ្ងៃខួបកំណើតប្រពន្ធអាយដល 09-09-22”។

មិនថាតែថ្ងៃខួបកំណើតនោះទេតារាចម្រៀងរូបនេះក៏តែងតែបង្ហាញភាពស្និទ្ធស្នាលជាមួយភរិយា និងកូនស្រីបណ្ដូលចិត្តរបស់លោក ដែលធ្វើឱ្យទស្សនិកជន និងហ្វេនៗរបស់លោកច្រណែនជាខ្លាំង។
ទាំងនេះក៏ព្រោះតែចាប់តាំងពីក្លាយជាប្ដីប្រពន្ធជាមួយគ្នាមក គូស្នេហ៍ទាំងពីរនេះមិនដែលលេចលឺព័ត៌មានពីភាពរកាំរកូសម្ដងណានោះទេ។ ខុសពីគូស្នេហ៍សិល្បៈមួយចំនួនទៀតតែងតែមានរឿងនេះរឿងនោះមិនចេះចប់រហូតហែកកេរ្តិ៍ជាសាធារណៈលើបណ្ដាញសង្គមជាដើម។
ភរិយាលោក ឆាយ វីរៈយុទ្ធ ត្រូវគេដឹងថាគឺជាអ្នកគាំទ្រ និងជ្រោមជ្រែងជាខ្លាំងពីក្រោយខ្នងតារាល្បីឈ្មោះរូបនេះ ទាំងការតាក់តែងនិពន្ធបទចម្រៀងជូន ក៏ដូចជាការរៀបចំខ្លួនមុនចេញបង្ហាញវត្តមានលើឆាកតន្ត្រីនានាផងដែរ។ ប្រការនេះបានធ្វើឱ្យតារាចម្រៀងមានប្រភពមកពីខេត្ត កំពង់ចាម ខាងលើតែងតែមានភាពលេចធ្លោ និងការគាំទ្រពីទស្សនិកជន។

លោក ឆាយ វីរៈយុទ្ធ និងភរិយាមិនទាន់មានដំណឹងពីការយកបុត្រទី២នៅឡើយទេ ដោយពេលនេះពួកគេទាំងពីរកំពុងតែមមាញឹកជាមួយមុខជំនួញជាច្រើនក្នុងដៃទាំងមុខរបរអចលនទ្រព្យ និងមុខជំនួញផ្សេងៗទៀត។
មិនតែប៉ុណ្ណោះទាក់ទងការងារបទចម្រៀងវិញលោកក៏កំពុងមមាញឹកផងដែរ ព្រោះតែរដូវបុណ្យភ្ជុំនឹងចូលមកដល់នាចុងសប្ដាហ៍នេះ។ ក្នុងនោះមានដំណឹងថាលោកបានត្រៀមបទចម្រៀងជាច្រើនបទសម្រាប់កំដរអារម្មណ៍ទស្សនិកជនអំឡុងពិធីបុណ្យភ្ជុំបិណ្ឌនេះ ក៏ដូចជាការពង្រឹងប្រជាប្រិយភាពរបស់ខ្លួនថែមទៀតផងដែរ។
សូមបញ្ជាក់មកទល់នឹងពេលនេះមានរយៈពេល៧ឆ្នាំហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៧ដែលតារាចម្រៀងល្បីឈ្មោះលោក ឆាយ វីរៈយុទ្ធ បានចាប់ដៃគ្នាជាមួយអ្នកនាង សែ ចាន់ឌី ដែលជាកូនថៅកែរោងម៉ាស៊ីនកិនស្រូវប្រចាំខេត្ត កំពង់ចាម។ ក្នុងនោះគូស្វាមីភរិយាទាំងពីរមកទល់នឹងពេលនេះបានបន្សល់ទុកកូនស្រីម្នាក់ជាចំណងដៃ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap