ឆេះម៉ូតូស៊េរីទំនើបជាច្រើនគ្រឿងនៅរោងចក្រ «ស៊ីកូ» ក្នុងតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត

ខេត្តស្វាយរៀង៖ ម៉ូតូស៊េរីទំនើបឆ្នាំ២០២២ជាច្រើនគ្រឿង ត្រូវបានភ្លើងឆេះសល់តែគ្រោងឆ្អឹងក្នុងរោងចក្រ «ស៊ីកូ» ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមែនហាធេន ក្រុងបាវិត ខេត្តស្វាយរៀង ដោយមូលហេតុអាចបណ្តាល មកពីឆ្លងចរន្តអគ្គិសនី។

តាមសេចក្តីរាយការណ៍ពីកម្មករកម្មការិនី បានឱ្យដឹងថា មានករណីអគ្គីភ័យមួយ បានលេបត្របាក់ម៉ូតូអស់ប្រមាណ៤១គ្រឿង នៅក្នុងរោងចក្រស៊ីកូ ស្ថិតនៅតំបន់សេដ្ឋពិសេសមេហាធេន ក្រុងបាវិតកាលពីវេលាម៉ោង១៖៤០ នាទីរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២នេះ។

ប្រភពពីកម្មករ កម្មការិនីដដែល បានបញ្ជាក់ថា នៅមុនពេលកើតហេតុកម្មកររោងចក្រ បានចូលធ្វើការជាធម្មតាស្រាប់តែមានអណ្ដាតភ្លើង និងផ្សែងហុយចេញពីកន្លែងដាក់ម៉ូតូ ក៏មានការភ្ញាក់ផ្អើលតែម្ដង ខណៈនោះក៏មានសន្តិសុខ បានចុះយកបំពង់ពន្លត់អគ្គីភ័យបាញ់ទៅលើម៉ូតូដែរ តែមិនអាចគ្រប់គ្រងស្ថានការណ៍បានទើបធ្វើឱ្យម៉ូតូជាច្រើនគ្រឿងឆេះសល់តែគ្រោងឆ្អឹង។

រហូតដល់ម៉ោង៣៖៣០នាទី រសៀលថ្ងៃដដែលនេះ ភ្លើងបានរលត់ទាំងស្រុង ហើយសមត្ថកិច្ចក៏ដូចជាខាងរោងចក្រកំពុងតែស្រាវជ្រាវរកមូលហេតុបន្ថែមក្រៅពីឆ្លងចរន្តអគ្គិសនី ដែលនាំឱ្យមានអគ្គិភ័យឆាប់ឆេះអស់ម៉ូតូជាច្រើនគ្រឿងផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap