អ្នកនេសាទ ខេត្តស្ទឹងត្រែង ចាប់បានត្រីបបែលយក្សទឹកសាប មួយក្បាលទៀត ដែលមានទម្ងន់ប្រមាណ ១៤៣គីឡូក្រាម ក្នុងទន្លេមេគង្គ

ខេត្តស្ទឹងត្រែង ៖ អ្នកនេសាទ ខេត្តស្ទឹងត្រែង ចាប់បានត្រីបបែលយក្សទឹកសាប មួយក្បាលទៀត ដែលមានទម្ងន់ប្រមាណ ១៤៣គីឡូក្រាម ក្នុងទន្លេមេគង្គ កាលពីល្ងាចថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិកោះព្រះ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ហើយត្រូវបានដោះលែងវិញនៅព្រឹកថ្ងៃទី ២៣ខែឧសភា។

ក្រោយពីអ្នកនេសាទចាប់បាន និងបានគេរាយការណ៍ ទៅជលផលខេត្តស្ទឹងត្រែងនិងគម្រោងអច្ឆរិយមេគង្គសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប (IFREDI) ដោះព្រលែងចូលក្នុងទន្លេវិញ។

 

 

លោក ស្រីសំ វិចិត្រ នាយខណ្ឌស្ដីទីជលផលស្ទឹងត្រែងបានរំលឹកឲ្យដឹងថា កាលពីថ្ងៃទី៥ ឧសភាកន្លងមកនេះ ត្រីបបែលយក្សមួយក្បាលមានទម្ងន់ជិត ២០០ គីឡូក្រាម ក៏បានធ្វើការដោះលែងទៅវិញផងដែរ។ ហើយត្រីបបែលយក្សញីមួយក្បាល ដែលអ្នកនេសាទទើបតែចាប់បានជាលើកទីពីរនេះ មានទម្ងន់ ១៤៣ គីឡូក្រាម ទទឹងដងខ្លួន ១៧១សង់ទីម៉ែត្រ និងបណ្តោយដងខ្លួន ១៨១សង់ទីម៉ែត្រ និងប្រវែងដងខ្លួនសរុប (ពីចុងច្រមុះដល់ចុងកន្ទុយ) ៣៦៥សង់ទីម៉ែត្រ។ បន្ទាប់ពីអ្នកនេសាទចាប់បានត្រីបបែលនេះ លោកបានរាយការណ៍ទៅគម្រោងអច្ឆារយៈមេគង្គសហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប(IFREDIចុះមកដើម្បីបំពាក់ស្លាកសញ្ញាសម្គាល់ ដើម្បីតាមដានចរាចរផ្លាស់ទីរបស់វា ព្រមទាំងវាស់ប្រវែងដងខ្លួន ថ្លឹងទម្ងន់រួចហើយ ក្រុមការងារក៏បានលែងបបែលយក្សនេះឱ្យចូលទៅក្នុងទន្លេវិញ។

សូមបញ្ជាក់ថា ត្រីបបែលយក្សប្រភេទនេះ នាពេលបច្ចុប្បន្ន ឃើញមានរស់នៅក្នុងទន្លេមេគង្គកម្ពុជា ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ វាអាចធំលូតលាស់ដល់ប្រវែងទទឹងដងខ្លួន ២៤០សង់ទីម៉ែត្រ និងមានទម្ងន់រហូតដល់ ៦០០គីឡូក្រាម។ បច្ចុប្បន្នត្រីបបែលយក្សប្រភេទនេះ ស្ថិតនៅក្នុងចំណាត់ថ្នាក់ជាប្រភេទត្រីបបែល «កំពុងរងគ្រោះថ្នាក់ជិតផុតពូជ Endangered (EN)» ក្នុងបញ្ជីក្រហម របស់សហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap