ឆ្នាំនេះតារាចម្រៀងស្រី ទេព បូព្រឹក្ស ទទួលបានជោគជ័យខ្លាំងក្នុងអាជីពរបស់ខ្លួន ជាពិសេសនាងទទួលបានកាដូយ៉ាងពេញចិត្តជាច្រើនពីតារារ៉េបល្បីឈ្មេាះ ជីដេវីត ដែលជាគូស្នេហ៍។ តែកាដូធំបំផុតដែលនាងប៉ងប្រាថ្នានោះគឺលោក ងួន ចាន់ដេវីត នៅពុំទាន់ផ្តល់ឱ្យនាងនៅឡើយទេ នាងសង្ឃឹមថាគូស្នេហ៍របស់ខ្លួននឹងផ្តល់ជូននាងក្នុងពេលឆាប់ៗ ។
ចាប់តាំងពីផ្លាស់ប្តូរខ្ទង់ច្រមុះថ្មីបង្កើនសម្រស់មកតារាចម្រៀង ទេព បូព្រឹក្ស ហាក់ដូចមានយីអ៊ុនល្អ ត្រូវបានម្ចាស់ក្រុមហ៊ុនជាច្រើនហៅធ្វើជាតារាតំណាងផលិតផលនានា ក៏ដូចជាចេញច្រៀងតាមខនសឺតធំៗជាច្រើនរួមជាមួយនិងបទចម្រៀងល្បីៗដ៏ទាក់ទាញ ដូច្នេះហើយក្នុងឆ្នាំនេះនាងអាចរកប្រាក់ចំណូលបានច្រើនជាងបណ្តើរឆ្នាំមុនៗ ធ្វើឱ្យនាងសប្បាយចិត្តជាខ្លាំង រហូតហ៊ានចំណាយថវិការចេញទៅដើរកម្សាន្តនៅប្រទេស បារាំង និង ទិញសំភារៈទំនើបៗ ម៉ាកល្បីៗតម្លៃរាប់ម៉ឺនដុល្លារ ដែលធ្វើឱ្យកក្រើកអស់ពិភពសិល្បៈ ។
ស្របពេលបង្ហាញនូវជីវិតហ៊ឺហារបែបនោះ នៅក្នុងថ្ងៃខួបចំណងស្នេហ៍ ៦ ឆ្នាំរបស់ ទេព បូព្រឹក្ស និងគូស្នេហ៍ កន្លងមកនេះកាន់តែធ្វើឱ្យនាង កក់ក្តៅចិត្ត ដោយសារដៃគូរបស់ខ្លួន បានផ្តល់កាដូជាច្រើនដល់នាងក្នុងថ្ងៃពិសេស មិនថាទ្រព្យសម្បត្តិ ប្រាក់កាស ជាពិសេសគឺលោក ងួន ចាន់ដេវីដ បានទិញរថយន្តថ្មីមួយគ្រឿងបន្ថែមទៀតជូនដល់នាងយ៉ាងភ្ញាក់ផ្អើលបំផុត ។
ទេព បូព្រឹក្ស ពិតជារំភើបចិត្តខ្លាំងណាស់នៅពេលឃើញលោក ងួន ចាន់ដេវីដ ផ្តល់ភាពកក់ក្តៅចំពោះ នាងបែបនេះ ជាមួយគ្នានេះ ទេព បូព្រឹក្ស ក៏រំពឹងថា លោក ងួន ចាន់ដេវីដ នឹងផ្តល់កាដូធំមួយទៀត ដល់នាងក្នុងពេលឆាប់ៗ ។ ទស្សនិកជនជាច្រើនចង់ដឹងថា កាដូធំដែល ទេព បូព្រឹក្ស ប្រាថ្នាចង់បាន នោះគឺជាអ្វី ?
ចំពោះរឿងនេះ ទេព បូព្រឹក្ស បានឆ្លើយតបទៅកាន់អ្នកគាំទ្រខ្លួនថា នាងចង់រៀបការ នាងរងចាំ ជី ដេវីដ Surprise នាងក្នុងពេលឆាប់ៗ ។
តាមពិត ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីដ ចង់រៀបការថ្ងៃណាក៏បានដែរ ពីព្រោះអ្នកទាំងពីរមានទ្រព្យសម្បត្តិច្រើនគ្រប់គ្រាន់ដើម្បីសាងអនាគតរួមគ្នា ជាក់ស្តែងកន្លងមកអ្នកទាំងពីរបានទិញផ្ទះជាច្រើនខ្នង ដីជាច្រើនកន្លែង ព្រមទាំងបង្កើតអាជីវកម្មជាច្រើនរួមគ្នា គ្រាន់តែរងចាំពេលវេលាល្អមកដល់ប៉ុណ្ណោះ ៕