កាលពីចុងសប្ដាហ៍មុននេះបវរកញ្ញា និងបុរសឯកដ៏លេចធ្លោចំនួន ៥រូប ក្នុងនោះម្ចាស់ជយលាភីពីឆាកអន្តរជាតិចំនួន៣រូប បានចែករំលែកបទពិសោធន៍ និងការប្រត្តិបត្តិខ្លួនផ្សេងៗ ធ្វើយ៉ាងណាដើម្បីទទួលបានជោគជ័យក្នុងការប្រកួតលើឆាកអន្តរជាតិ។
ម្ចាស់ជយលាភីទាំង៣រូបនេាះ រួមមាន លោក Kelvan Fox ម្ចាស់ជយលាភី Man of The Globe International 2022 កញ្ញា ហួន ស្រីខួច Miss Elegant KBJ Ratu Kebaya International 2022 លោក អ៊ុន ថារីដា MAN OF THE YEAR CAMBODIA 2022 បានធ្វើការចែករំលែកបទពិសោធន៍ដ៏អស្ចារ្យពីការប្រកួតអន្តរជាតិទៅកាន់អ្នកគាំទ្រ។
ចំណែក បេក្ខភាព២រូបដែលត្រៀមតំណាងឱ្យកម្ពុជាចេញទៅប្រកួតកម្មវិធីអន្តរជាតិនាពេលឆាប់ៗនេះ គឺលោក អ៊ាត ប៊ុនឆាត Mister International Cambodia 2022 និងកញ្ញា គល់ សុក្រសូលីតា Face of Cambodia 2022 ក៏បានចែករំលែកពីការត្រៀមខ្លួនផ្សេងៗដែលនឹងយកទៅបង្ហាញប្រកួតនៅវេទិកាអន្តរជាតិនាពេលដ៏ខ្លីខាងមុខនេះ។
ក្នុងជំនួបជួបជុំអ្នកគាំទ្រដ៏ពិសេសនេះ បុរសឯក និងបវរកញ្ញាទាំង៥រូប បានដើរបង្ហាញម៉ូដឈុតតំណាងជាតិ និងឈុតរាត្រីស្រមោលសរយ៉ាងស្រស់ស្អាត ព្រមជាមួយពានរង្វាន់ផ្សេងៗដែលទទួលបានពីការប្រកួតលើឆាកអន្តរជាតិ។
លោក Kelvan Fox ម្ចាស់ជយលាភី Man of The Globe International 2022 បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ ដោយទឹកមុខញញឹមប្រិមប្រិយ ក្រោយពីបានជួបជុំជាមួយបណ្ដាអ្នកគាំទ្រដែលបានផ្តល់ឱកាសឱ្យលោកបានជួបជជែកជាមួយអ្នកគាំទ្រពីដំណើរការប្រកួតផ្សេងៗនៅប្រទេសម៉ាឡេស៊ី ។ ជាពិសេស គឺឱកាសក្នុងការចែករំលែកបទពិសោធន៍ការប្រកួត និងការប្រតិបត្តិខ្លួនផ្សេងៗអំឡុងពេលប្រកួត ទុកសម្រាប់ជាមេរៀនដល់អ្នកជំនាន់ក្រោយដែលត្រៀមខ្លួនចេញទៅប្រកួត។
លោកបានបន្តថា ការរៀបចំខ្លួនបានល្អ និងការស្វែងយល់កាន់តែច្បាស់ពីកម្មវិធីប្រកួតគឺជារឿងសំខាន់ណាស់ ដើម្បីធ្វើយ៉ាងណាអាចក្រសោបពានរង្វាន់ពីកម្មវិធីបាន។ អ្វីដែលសំខាន់ជាងនេះទៀតគឺការតាំងចិត្តខ្ពស់របស់ខ្លួនដោយជម្នះរាល់គ្រប់ឧបសគ្គបានកើតឡើង។
ដោយឡែកបវរកញ្ញា និងបុរសឯក ៤រូបទៀតក៏បានបង្ហាញពីអារម្មណ៍រីករាយផងដែរនៅពេលពួកគេបានជួបអ្នកគាំទ្រដើម្បីចែករំលែកបទពិសោធន៍ការងារ ក៏ដូចជាក្ដីស្រលាញ់ ដើម្បីធ្វើយ៉ាងណាផ្សារភ្ជាប់កាន់តែខ្លាំងរវាងអ្នកគាំទ្រ និងម៉ូដែលនិមួយៗ មុនចេញទៅប្រកួត ឬត្រឡប់មកពីប្រកួតលើឆាកអន្តរជាតិវិញជាមួយពានរង្វាន់នានា។
លោក EnnDrea (អ៊ែន ឌ្រៀរ) អ្នកគ្រប់គ្រងទូទៅ Silk Models Cambodia ថ្លែងឱ្យដឹងថា កម្មវិធី Fans Meeting នេះ ត្រូវរៀបចំឡើងដើម្បីអបអសាទរដល់បវរកញ្ញា និងបុរសឯករបស់យើងដែលបានតំណាងឱ្យកម្ពុជាទៅប្រកួតប្រជែងលើឆាកអន្តរជាតិ ហើយថែមទាំងនាំភាពជោគជ័យជាបន្តបន្ទាប់មកកាន់ជាតិមាតុភូមិយើងវិញ ដែលនេះជាកិត្តិយសនិងការបើកទំព័រថ្មីសំរាប់ប្រទេសកម្ពុជាយើងក្នុងវិស័យប្រកួតបវរកញ្ញានិងបុរសឯក។
ឆ្លៀតក្នុងឱកាសជួបជុំដ៏ល្អនាពេលនេះ លោកបានថ្លែងអំណរគុណចំពោះបងប្អូនអ្នកច្នៃម៉ូតកម្ពុជាដ៏ប៉ិនប្រសប់ Designer, Make-up Artist, Photographer ជំនាញៗ តារាបង្ហាញម៉ូត SILK Stars តារាភាពយន្ត បណ្តាអ្នកគាំទ្រ បណ្តាសារព័ត៌មានទាំងអស់ ព្រមទាំងដៃគូសហការឧបត្ថម្ភរបស់យើងកន្លងមកផងដែរ ប្រសិនបើមិនមានវត្តមានលោកអ្នកទាំងអស់គ្នាជួយគាំទ្រ និងជ្រុំជ្រែង SILK ក៏មិនអាចមានថ្ងៃនេះដែរ៕