ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ ជីវិតក្មេងវត្ត របស់សម្ដេចតេជោ ហ៊ុន សែន ដែលចាយទុនផលិតប្រមាណ ១២ម៉ឺនដុល្លារបានដាក់សម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ កាលពីប្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នៅឯសាលសន្និបាទ២០២១នៃក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកជំទាវ ភឿង សកុណា បណ្ដាមន្ត្រីក្រសួង ឧកញ៉ា លោកជំទាវ ផលិតករ អ្នកដឹកនាំរឿង សិល្បករ និងភ្ញៀវកិត្តិយស សរុប២០០០នាក់ជាង។
ភាពយន្តចម្រៀងប្រវត្តិសាស្ត្រ ជីវិតក្មេងវត្ត ជាផ្ទាំងទស្សនីយភាពដ៏អស្ចារ្យបង្កប់ដោយអត្ថន័យ អត្ថរូប និងអត្ថរសដ៏សម្បូរបែបអំពីខ្សែជីវិតពិត និងការតស៊ូរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាកូនកសិករ ហើយក្រាញននាលការលំបាកសព្វបែបយ៉ាង ដើម្បីចំណេះវិជ្ជាជាទ្រព្យដ៏សំខាន់មិនអាចកាត់ថ្លៃបាន។
លោក ជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានស្វាគមន៍យ៉ាងកក់ក្ដៅសម្រាប់ពិធីសម្ពោធខ្សែភាពយន្ត ជីវិតក្មេងវត្តនាពេលនេះ ហើយលោកជំទាវបានសម្ដែងការវាយតម្លៃខ្ពស់ ការខិតខំប្រឹងប្រែងរបស់សិល្បករ សិល្បការិនីគ្រប់រូបបានចូលរួមសម្ដែងយ៉ាងយកចិត្តទុកដាក់ស្នាដៃដ៏ប្រពៃមួយនេះរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានតស៊ូលំបាក់គ្រប់បែបយ៉ាងដើម្បីសង្គមជាតិ កម្ពុជា។
លោកជំទាវបន្តថា ភាពយន្តចម្រៀងខាងលើគឺខ្សែជីវិតបែបអប់រំមួយដ៏ល្អបំផុត ដែលជាការចងចាំរបស់ប្រជាជនខ្មែរគ្រប់រូបដើម្បីរៀនសូត្រ ពីការតស៊ូ និងការលះបង់ពីប្រមុខថ្នាក់ដឹកនាំរបស់ កម្ពុជា ក្នុងការធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពដូចបច្ចុប្បន្ននេះបាន។
អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានឲ្យដឹងថា នេះជាវណ្ណកម្មដ៏វិសេសវិសាលបំផុត ដែលចំណាយទុនផលិតប្រមាណ ១២ម៉ឺនដុល្លារ និងមានរយៈពេល ៣១នាទី។ ផលិតករ តួសម្តែង ក្រុមការងារទាំងអស់ រួមគ្នាយកចិត្តទុកដាក់ ប្រើអស់កម្លាំងចិត្ត សមត្ថភាពនិងធនធាន ដើម្បីផលិត ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រនេះឲ្យល្អបំផុត ព្រោះជាប្រវត្តិរឿងរ៉ាវនិងការតស៊ូរបស់នាយករដ្ឋមន្ត្រី គឺសម្តេចតេជោ ហ៊ុន សែន ដើម្បីទុកជាគម្រូសម្រាប់ប្រជាជនខ្មែរទូទៅ ពិសេសយុវជនដែលជាទំពាំងស្នងឫស្សី។
លោក ហ្វៃ សំអាង ដែលជាអ្នកដឹកនាំភាពយន្តចម្រៀង ជីវិតក្មេងវត្ត បានលើកឡើងថា វណ្ណកម្មប្រវត្តិសាស្ត្រមួយនេះ មានកិច្ចការនិងការសម្រេចចិត្តធំៗដែលត្រូវធ្វើឡើងយ៉ាងយកចិត្តទុកដាក់ ទាំងភាសាសន្ទនា ការជ្រើសរើសតួសម្តែង ទីតាំងថត ក្រៅពីនោះនៅមានសម្ភារបច្ចេកទេសទំនើប បច្ចេកទេសកាត់តដែលត្រូវប្រើប្រាស់បម្រើដល់ការផលិត ក្នុងនោះមានក្រុមការងារជំនាញពីគ្រប់ផ្នែកដែលមិនអាចខ្វះបាន។
ផលិតកររូបនេះ ក្នុងនាមអ្នកដឹកនាំសម្តែងដែលមានសមត្ថភាព បានបង្ហាញអារម្មណ៍រំភើបចំពោះវណ្ណកម្ម ភាពយន្តចម្រៀង ជីវិតក្មេងវត្ត ហើយបានរំលឹកពីការយកចិត្តទុកដាក់ ផ្តល់អនុសាសន៍ និងការណែនាំដ៏ខ្ពង់ខ្ពស់បំផុត ពីសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចតែងឆ្លើយតប និងប្រាប់អំពីដំណាក់កាលនៃជីវិតពិតរបស់សម្តេច ដែលឆ្លុះបញ្ចាំងឲ្យឃើញថា សម្តេចតេជោ ហ៊ុន សែន ក្នុងតួនាទីដ៏ខ្ពស់ មិនត្រឹមជាមគ្គុទេសដឹកនាំប្រទេស ស្វែងរកសន្តិភាព ធានានូវស្ថិរភាព និងការអភិវឌ្ឍប៉ុណ្ណោះទេ តែសម្តេចថែមទាំងមានបេះដូងសិល្បៈ យកចិត្តទុកដាក់គ្រប់សេណារីយ៉ោ និងម៉ត់ចត់ជាទីបំផុត ទើបវណ្ណកម្មប្រវត្តិសាស្ត្រមួយនេះ បានសម្រេចយ៉ាងជោគជ័យដ៏ក្រៃលែង។
តារាសម្ដែងជើងចាស់អ្នកស្រី ឌី សាវ៉េត ដែលជាតួអង្គសំខាន់មួយរូបបាននិយាយថា ភាពយន្តចម្រៀង”ជីវិតក្មេងវត្ត” របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បាននិយាយថា សម្ដេចបានលះបង់ខ្លាំងណាស់ដើម្បីប្រជាជន កម្ពុជា ដោយបូជាសាច់ស្រស់ឈាមស្រស់ដើម្បីធ្វើយ៉ាងពាំនាំសន្តិភាពជូនជាតមាតុភូមិកម្ពុជានៃយើង។
តារាសម្ដែងជើងចាស់ល្បីឈ្មោះរូបនេះបានកោតសរសើរចំពោះក្រុមការងារទាំងអស់បានលះបង់គ្រប់បែបយ៉ាងក្នុងន័យធ្វើយ៉ាងណាឱ្យភាពយន្តចម្រៀងខាងលើចេញជារូបរាង និងទទួលការគាំទ្រជាខ្លាំងពីទស្សនិកជន។
សូមបញ្ចាក់ថា ភាពយន្តចម្រៀង ប្រវត្តិសាស្ត្រ ជីវិតក្មេងវត្ត និពន្ធឡើងនៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ១៩៩៦ ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងដឹកនាំការថតដោយ ឯកឧត្តម ហ៊ុន ហេង ប្រគុំដោយតន្រ្តីវិទ្យុជាតិកម្ពុជា ច្រៀងដោយ លោក យិន សារិន ហើយនៅពេលនេះ ច្រៀងឡើងវិញដោយលោក ជិន វឌ្ឍនា សម្រួលតន្រ្តីដោយលោក ប៊ូ វណ្ណមុនីរ័ក្ស និងលោក កែវ ម៉ារ៉ា ហើយដឹកនាំការថតឡើងវិញដោយ លោក ហ្វៃ សំអាង។
បទចម្រៀង ជីវិតក្មេងវត្ត ធ្លាប់បានផលិតជាចម្រៀងកាយវិការម្តងហើយកាលពីឆ្នាំ២០០០ ដោយផលិតកម្មហ្សមាស ក្រោមការដឹកនាំដោយ លោក ហ្វៃ សំអាង ហើយក៏មានការគាំទ្រច្រើនពីសំណាក់មហាជន។ ដោយឡែកការផលិតម្តងទៀតនេះមានទម្រង់ជាភាពយន្តហើយល្អវិសេសវិសាលបំផុត៕