តារាសម្ដែងល្បីឈ្មោះអ្នកនាង សារាយ សក្ខណា កំពុងត្រួសត្រាយផ្លូវ ដោយចង់ជំរុញឱ្យកូនស្រីឱ្យដើរតាមកន្លងរបស់ខ្លួនដោយបោះជំហានលើវិថីសិល្បៈ។
និយាយក្នុងកម្មវិធីកម្សាន្ត The Big Talk Show របស់ទូរទស្សន៍ MY TV កាលពីពេលថ្មីៗ តារារូបនេះបានលើកឡើងថា នាងសប្យាយរីករាយនៅពេលឃើញកូនស្រីរបស់ខ្លួនមានទេពកោសល្យចង់ប្រឡូកចូលវិស័យសិល្បៈដូចម្ដាយបែបនេះ។
តារាសម្ដែងស្រីជួរមុខ ខាងលើបន្តថាមទល់នឹងពេលនេះកូនស្រីរបស់ខ្លួនមានវ័យ ៧ឆ្នាំមកហើយ ហើយបច្ចុប្បន្នក៏កំពុងថតសកម្មភាពក្នុងវិស័យសិល្បៈមួយចំនួនផងដែរអំឡុងការស្នាក់នៅប្រទេស កម្ពុជា។
បើទោះជាកូនស្រីមាននិស្ស័យខាងសិល្បៈដូចខ្លួនក៏ដោយ តារាសម្ដែងមានដំណឹងថានឹងវិលត្រឡប់មករស់នៅប្រទេស កម្ពុជាវិញ ក៏មិនបដិសេធន៍ដែរ ប្រសិនបើទៅថ្ងៃខាងមុខកូនស្រីចង់ប្រឡូកក្នុងអាជីពផ្សេងពីសិល្បៈ។
សារាយ សក្ខណា កំពុងមានសកម្មភាពផ្នែកសិល្បៈខ្លាំងឡើងវិញមួយរយៈចុងក្រោយនេះ បន្ទាប់ពីនាងត្រឡប់មកលេងប្រទេស កម្ពុជាវិញ។ មានភាពយន្តជាច្រើនដែលតារាធ្លាប់មានឈ្មោះល្បីខ្លាំងរូបនេះបានថតចប់រួចរាល់ត្រៀមនឹងចាក់បញ្ចាំងនាពេលខាងមុខ។
នាងបានបង្ហាញពីភាពរីករាយនៅពេលឃើញទស្សនិកជន នៅតែបន្តស្រលាញ់ និងគាំទ្រនាង បើទោះជាមួយរយៈកន្លងមកនាងហាក់ឃ្លាតឆ្ងាយពីសិល្បៈព្រោះតែការរស់នៅជុំគ្នាជាមួយគ្រួសារ និងកូនៗនៅឯសហរដ្ឋអាេមរិក។
សូមបញ្ជាក់ថាអ្នកនាង សារាយ សក្ខណា បច្ចុប្បន្ននៅតែក្ដោបបានប្រជាប្រិយភាពច្រើនក្រាស់ក្រែលពីសំណាក់ទស្សនិកជនតាមរយៈទេពកោសល្យផ្នែកសិល្បៈមិនចេះរីងស្ងួតរបស់នាង។ បើទោះបីជាតារាស្រីរូបនេះ បានរៀបការសាងគ្រួសារជាមួយអាណិកជនខ្មែរ-អាមេរិក គឺលោក មេត្រី ថែមទាំងបង្កើតបានចំណងដៃកូនប្រុសម្នាក់ និង ស្រីម្នាក់៕