តារាកំប្លែងមាឌល្អិតនាយ ក្រិន ហាក់ស្ងប់ស្ងាត់ខ្លាំងលើវិស័យសិល្បៈ ជាពិសេសអាជីពកំប្លែងរបស់លោក បន្ទាប់ពីបាក់បែកក្រុមជាមួយនាយ កុយ និងសមាជិកក្រុមកំប្លែងដទៃទៀត។
យ៉ាងណាសម្រាប់នាយ ក្រិន ហាក់មានកម្រិតជីវភាពទាបជាងតារាកំប្លែងដទៃទៀតក្នុងក្រុមនាយ កុយ ក្រោយពីតារាកំប្លែងរូបនេះ បានជួបបញ្ហាទាំងផ្លូវកាយ និងផ្លូវចិត្តនាពេលកន្លងទៅ។ ជាពិសេសនៅពេលភរិយារបស់ខ្លួនបានផិតក្បត់ទៅមានអ្នកថ្មី ហើយបន្សល់ទុកកូនៗ ៣នាក់ឱ្យលោកជាអ្នករ៉ាប់រង។
ម្យ៉ាងវិញទៀតការមានជំងឺប្រចាំកាយ រិតតែធ្វើឱ្យតារាកំប្លែងមាឌល្អិតខាងលើជួបការលំបាកកាន់តែខ្លាំង ខណៈការរកចំណូលបានពីវិស័យសិល្បៈតាមរយៈការដើរកំប្លែងកម្មវិធីនានាជាមួយនាយ កុយ បានធ្លាក់ចុះជាខ្លាំងនៅពេលក្រុមកំប្លែងទាំងមូលបានចែកផ្លូវគ្នា។
ទោះជាបែបនេះក្ដីនាយ ក្រិន នៅតែតស៊ូពុះពារការលំដាប់នានាដើម្បីរកប្រាក់មកចិញ្ចឹមកូនៗ និងការមើលថែជំងឺប្រចាំកាយរបស់ខ្លួន ដោយមិនលើកដៃសុំលុយពីមហាជននោះទេ។ ប្រការទាំងនេះហើយបានទទួលការកោតសរសើរ និងការគាំទ្រជាខ្លាំងពីទស្សនិកជន។
ជាក់ស្ដែងកាលពីពេលថ្មីៗគេឃើញវត្តមានរបស់ នាយ ក្រិន បានដើរសម្ដែងតាមរោងល្ខោននានាតាមវត្តអារាម និងតាមភូមិឃុំស្រុកជាដើម ដើម្បីរកកម្រៃចិញ្ចឹមក្រពះ និងគ្រួសារ បើទោះជាកម្រៃដែលនាយទទួលបាននោះ មិនទទួលបានច្រើនដូចដែលនាយធ្លាប់នៅមានប្រជាប្រិយភាពក្នុងក្រុមកំប្លែងនាយ កុយពីមុនក្ដីតែនាយ សប្បាយចិត្តព្រោះនេះគឺជាកម្លាំងញើសឈាមផ្ទាល់ខ្លួន។
តារាកំប្លែងរូបនេះធ្លាប់បញ្ជាក់ថា ដោយសារខ្លួនមាឌល្អិត និងសូវមានកម្លាំងដូចគេ ទើបមិនអាចរកការងារអ្វីផ្សេងលក្ខណៈធ្ងន់ៗបាន ពោលគឺមានតែផ្នែកសិល្បៈនេះ ដែលអាចធ្វើឱ្យនាយអាចរកកម្រៃដើម្បីផ្គត់ផ្គង់គ្រួសារបាន។ ដូច្នេះហើយទើបនាយនៅតែតស៊ូលើអាជីពនេះ ទោះមានការលំបាក ហាលភ្លៀវហាលខ្យល់បែបណាក្ដី ក៏នាយមិនខ្លាចលំបាកដែរឱ្យតែបានប្រាក់ដើម្បីផ្គត់ផ្គត់ដល់កូនៗ។
សូមបញ្ជាក់ថានាយ ក្រិន គឺជាតារាកំប្លែងមានប្រជាប្រិយភាពម្នាក់នាពេលកន្លងទៅ ដោយនាយអាចរកកម្រៃបានច្រើនពីអាជីពមួយនេះកាលនៅក្នុងក្រុមនាយ កុយ។ យ៉ាងណាក្រោយក្រុមបានចែកផ្លូវគ្នា ហើយជីវិតគ្រួសារមិនសមប្រកបដោយភរិយាលួចផិតក្បត់ទៅមានអ្នកថ្មីបានធ្វើនាយទទួលរកថ្មបាក់រហូតមកទល់នឹងពេលបច្ចុប្បន្ននេះ៕