ក្រោយពីស្ងប់ស្ងាត់មួយរយៈ មហាជន និងហ្វេនៗកំពុងដាក់ការសង្ស័យថា ចំណងស្នេហ៍រវាងតារាចម្រៀងនាង ឌី សូនីតា និងគូស្នេហ៍លោក អេឡិច ហ្សូរ៉ា ទំនងជាដល់ផ្លូវបំបែកដូចតារាចម្រៀងល្បីឈ្មោះអ្នកនាង ពេជ្រ សូលីកា ទើបចែកផ្លូវគ្នាដើរនាពេលថ្មីៗនេះ។
ការសង្ស័យនៃចំណងស្នេហ៍បែកបាក់របស់អ្នកទាំងពីរ បានកើតមានឡើង បន្ទាប់ពីគេមិនបានឃើញវត្តមានរបស់លោក អេឡិច ហ្សូរ៉ា បង្ហាញខ្លួននៅក្នុងពិធីខួបកំណើត២ឆ្នាំរបស់កូនស្រីឈ្មោះ ស្មាយ ដែល ឌី សូនីតា បានរៀបចំធ្វើឡើងកាលពីពេលថ្មីៗនេះឡើយ។ ក្នុងនោះគេឃើញ ឌី សូនីតា បានបញ្ជាក់នូវពាក្យដ៏ខ្លីថា «អ្នកម៉ាក់នៅលីវ (single mom)»។។
ឌី សូនីតា បានបង្ហោះសំណេរតាមគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា «ខ្ញុំមិនដែលចង់ឃើញអ្នកអាក្រក់ម្តងណាឡើយ បើទោះបីដោយសារតែអ្នក ខ្នងរបស់ខ្ញុំវាសុះទៅដោយស្នាមកាំបិត ស្នាមព្រួញយ៉ាងណាក៏ដោយ ស្រីកម្ម»។
តាមរយៈសំណេរខាងលើ តារាស្រីរូបនេះក៏បានភ្ជាប់ដោយពាក្យថា «single mom life» ដែលនេះង្ហាញថា នាងកំពុងនៅម្នាក់ឯង ដោយបានដើរដល់ផ្លូវបំបែកជាមួយនឹងគូស្នេហ៍ គឺលោក អេឡិច ហ្សូរ៉ា ហើយ បើទោះបីជាអ្នកទាំងពីរបានព្យាយាមលាក់បាំងមិនបញ្ចេញឲ្យមហាជនបានដឹងរឿងនេះក៏ដោយ។
ជាការកត់សម្គាល់ រឿងរ៉ាវចំណងស្នេហ៍បែកបាក់ពី ឌី សូនីតា និងលោក អេឡិច ហ្សូរ៉ា ត្រូវបានគេដាក់ការសង្ស័យជាយូរមកហើយ បន្ទាប់ពីគេហាក់មិនបានឃើញអ្នកទាំងពីរបង្ហាញរូបភាពផ្អែមល្ហែម និងលេងមានការថតជាវីដែអូកំសាន្តជាមួយគ្នា បង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុក ។ ជាពិសេសទៀតនោះ តាមរយៈវីដេអូចម្រៀងដែល ឌី សូនីតា បានផលិតឡើងសម្រាប់ខួបកូនស្រីរបស់នាង ដែលបានបង្ហាញសកម្មភាពចាប់តាំងពីនាងពពោះ រហូតសម្រាលនោះ ក៏មិនឃើញមានរូបភាពជាប់ជាមួយនឹង អេឡិច ហ្សូរ៉ា នោះឡើយ។
យ៉ាងណា ជុំវិញបញ្ហាខាងលើនេះ ឌី សូនីតា ក៏បានចេញមុខបញ្ជាក់ដល់មហាជនដែលបានចូលទៅខំមិនពីក្រោមរូបភាពដែលនាងបានបង្ហោះថា «អរគុណសម្រាប់ពាក្យខមិនជាច្រើនរបស់បងប្អូនទាំងអស់គ្នា ខ្ញុំមិនបានតបអស់ សូមកុំប្រកាន់ខ្ញុំអីណា បងប្អូន អរគុណដែលយល់ពីពួកខ្ញុំ ហើយខ្ញុំមិនបានឆ្លើយនៅខមិនបងប្អូនដែលសួររកបងសូរ៉ា»។
នាងបញ្ជាក់ថា «បងសូរ៉ា គាត់សុខទុក្ខធម្មតាទេ ប៉ុន្តែមូលហេតុដែលខ្ញុំមិននិយាយពីគាត់ ព្រោះខ្ញុំចង់នៅស្ងប់សុខមួយរយៈ មិនចង់រំលឹក មិនចង់ជួប មិនចង់ដឹង មិនចង់លឺ ខ្ញុំហត់ណាស់ សុំទុកពេលអោយខ្ញុំបន្តិច ខ្ញុំសុំទោស ខ្ញុំនឹងបកស្រាយពេលក្រោយ បន្ទាប់ពីប្រឡងចម្រៀងចប់ ខ្ញុំសុំទុកពេលគិតរឿងប្រឡងសិនណា បងប្អូនណា ខ្ញុំក៏កំពុងព្យាបាលជំងឺស្ត្រេសដែលរើឡើងវិញ ដោយលាបប្រេងអ៊ីកូរ៉ាយរាល់ថ្ងៃ »។
នាងបន្ថែមថា «ក្តីសង្ឃឹមរបស់ខ្ញុំតែមួយគត់ គឺពានរបស់កម្មវិធី I am a singer Cambodia ខ្ញុំចង់បានវាជូនម្តាយខ្ញុំ ទើបខ្ញុំសុំពេលពីបងប្អូន»។
មហាជន មិត្តភក្តិ ជាពិសេសបណ្តាអ្នកគាំទ្រ ឌី សូនីតា បានចូលទៅខំមិន ដោយបានលើកទឹកចិត្ត និងស្នើឲ្យនាងមានភាពរឹងមាំចំពោះរឿងនេះ ព្រោះនាងត្រូវភារកិច្ចមើលថែកូនស្រីតែមួយរបស់នាង ដែលកំពុងនៅតូចនៅឡើយ។
សូមបញ្ជាក់ថាចំណងស្នេហ៍រវាង ឌី សូនីតា និង អេឡិចហ្សូរ៉ា មានភាពរកាំរកូសយូរមកហើយ បន្ទាប់ពីឃើញអ្នកទាំងពីរតែបង្ហាញភាពស្ត្រេស និងចង់នៅតែម្នាក់ឯងរៀងខ្លួនៗ ហើយអ្វីដែលកាន់តែច្បាស់ពីការចែកផ្លូវគ្នាដើរនោះគឺ ឌី សូនីតា លើសំណេរបង្ហោះតាមហ្វេសប៊ុកថា «នាង គឺកំពុងនៅទំនេរ (single)»៕