តាមរយៈបណ្ដាញសង្គម Facebook ម្សិលមិញនេះតារាកំប្លែងល្បីឈ្មោះនាយ ពាក់មី បានប្រកាសដើរចេញជាផ្លូវពីស្ថានីយទូរទស្សន៍ CTN ក្រោយពីបង្ហាញការថ្នាំងថ្នាក់ចិត្តជាសារធារណៈជាមួយអ្នកគ្រប់គ្រងថ្មីដែលជាជនជាតិ ឥណ្ដា។
តារាកំប្លែងល្បីឈ្មោះរូបនេះបានបញ្ជាក់ថា ការដើរចេញនេះមិនមែនតែនាយម្នាក់ទេ ក្នុងក្រុមកំប្លែងរបស់ស្ថានីយទូរទស្សន៍ CTN គឺមានបុគ្គល៣រូបផ្សេងៗទៀត តែលោកសូមមិនទាន់បញ្ចេញឈ្មោះ។
លោក ចែម ចាន់រ៉ា ហៅនាយពាក់មី បន្តថា ខ្លួននៅតែស្រឡាញ់ CTN ខ្លាំងណាស់ ព្រោះវាជាកន្លែងផ្ដល់កំណើតសិល្បៈឲ្យលោក។ លោកថាការដែលអ្នកគាំទ្រឃើញវត្ដមានលោកទៅលេងស្រុកកំណើតនៅខេត្ដស្វាយរៀងញឹកញាប់នោះ ក៏ដោយសារតែលោកពុំសូវមានការងារសិល្បៈដូចមុន។
ជាក់ស្ដែងឈ្មោះលោកត្រូវបានគេដកចេញពីកម្មវិធីកប្លែងមួយឈ្មោះ “បាទ មេ” បាត់ទៅហើយ។ ដូច្នេះបើទោះបីជាលោកបន្ដនៅ ស៊ីធីអិន ទៀតក៏គ្មានន័យអ្វីសម្រាប់លោកដែរ។
តារាកំប្លែងមានប្រភពមកពីខេត្ត ស្វាយរៀង ខាងលើបានសង្កត់ធ្ងន់ថា មានបងប្អូនមួយចំនួនរិះគន់លោកនៅពេលលោកនិយាយមិនល្អពី CTN ដែលជាផ្ទះរបស់ខ្លួនឯង។ លោកថាមិនមែនលោករិះគន់ CTN ទេតែជាការរិះគន់អ្នកគ្រប់គ្រងថ្មីដែលជាជនជាតិ ឥណ្ឌា ឯណើវិញទេ។
សូមបញ្ជាក់ថា តាមដំណឹងក្រៅពីនាយ ពាក់មី នៅមានអ្នកដឹកនាំ និងតារាកំប្លែងមួយចំនួនទៀតក៏សម្រេចចិត្ដដើរចេញដែរ ក្នុងនោះមានដូចជា៖ លោកតាវ៉ិចទ័រ នាយក្រូច និងនាយគ្រឿន ជាដើម។ ជាមួយការថ្នាក់ថ្នាក់ចិត្តដូចគ្នានេះកាលពីចុងខែ ឧសភា កន្លងទៅក្រុមព័ត៌មានកីឡារបស់ CTN ដែលដឹកនាំដោយលោក ស៊ីថូ ណាថាន់ ក៏បានចាកចេញពី CTN ទាំងក្រុមតែម្ដង៕