អគ្គនាយកដ្ឋានគយ បានប្រកាសថាចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ តទៅ រថយន្តគ្មានពន្ធ នឹងត្រូវបង្ក្រាប ហើយរថយន្តចង្កូតស្ដាំដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាន «នឹងត្រូវកម្ទេចចោល ឬ ដោះបំបែកជាគ្រឿងបន្លាស់»។
នៅក្នុងសេចក្តីជូនដំណឹងរបស់ អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជាស្តីពីការបង់ពន្ធនិងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងបទសបានអោយដឹងថាអនុលោមតាមខ្លឹមសារលិខិតលេខ ៤៨២ សជណ ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល និងសេចក្តីជូនដំណឹងលេខ ១៩៨៣ ២១ អគរ ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានគយនិង រដ្ឋាករកម្ពុជា (អគរ)
យុទ្ធនាការប្រមូលពន្ធនិងអាករនាំចូលលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស នឹងត្រូវ បញ្ចប់ត្រឹម ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ក្នុងន័យនេះ អគរ សូមរំលឹកដល់ម្ចាស់រថយន្តគ្មានពន្ធមានស្រាប់ ក្នុងប្រទេសទាំងអស់ ត្រូវរួសរាន់មកបំពេញកាតព្វកិច្ចពន្ធនិងអាករ ឬតម្កល់ប្រាក់កក់ (ចំពោះរថយន្តចង្កូតស្តាំ) ឱ្យបានទាន់ថ្ងៃឱសានវាទនេះ។
ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ តទៅ អគរ នឹងអនុវត្តវិធានការបង្ក្រាបយ៉ាងម៉ឺងម៉ាត់។ ចំពោះរថយន្ត ចង្កូតឆ្វេងដែលបង្ក្រាបបាន នឹងតម្រូវឱ្យបង់ពន្ធនិងអាករ រួមទាំងប្រាក់ពិន័យតាមបទប្បញ្ញត្តិជាធរមាន។ ចំណែកឯ រថយន្តចង្កូតស្តាំដែលជាប្រភេទទំនិញហាមឃាត់ការនាំចូល ក្នុងករណីបង្ក្រាបបាន នឹងត្រូវកម្ទេចចោល ឬដោះ បំបែកជាគ្រឿងបន្លាស់ តាមនីតិវិធីជាធរមាន។
អាស្រ័យហេតុនេះ សូមម្ចាស់រថយន្តគ្មានពន្ធទាំងអស់រួសរាន់ចូលមកបំពេញកាតព្វកិច្ចពន្ធនិងអាករនាំចូល ឱ្យបានទាន់ពេលវេលាតាមការកំណត់ដូចរៀបរាប់ខាងលើ៕