ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកស្រាវជ្រាវសត្វព្រៃនៃមន្ទីរបរិស្ថាន ខេត្តមណ្ឌគិរីបានប្រទះឃើញ សត្វត្មាតភ្លើងចំនួន០៧ក្បាល និងត្មាតប្រផេះចំនួន០២ក្បាល ។របាយការណ៍របស់ក្រុមអ្នកស្រាវជ្រាវសត្វព្រៃខេត្តមណ្ឌលគិរីបានឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលក្រុមអ្នកសិក្សាស្រាវជ្រាវបានប្រទះឃើញវត្តមានសត្វត្មាតប្រផេះក្រោយពីបាត់វត្តមានអស់រយៈពេលពីរឆ្នាំ ដែលពីមុនមកបានឃើញ តែសត្វត្មាតភ្លើងប៉ុណ្ណោះ។
សត្វត្មាតប្រផេះ ( White-rumped Vulture )មានរោមដងខ្លួនពណ៌ប្រផេះ ឬពណ៌ដូចផេះ ( ពណ៌ស្រាលជាងត្មាតភ្លើងបន្តិច ) ដូច្នេះហើយ បានជាដូនតាខ្មែរហៅវាថា ត្មាតផេះ រីឯសត្វនេះខ្លះនៅផ្នែកខាងក្រោមទ្រូងរបស់វាមានពណ៌ប្រផេះស្រាលលាយពណ៌ឆ្នូតតិចៗ។ប៉ុន្តែនៅលើ-ករបស់វាមានពណ៌សតូចៗ ដុះពីក្រាស់ទៅស្តើងទៅៗនៅលើក្បាល ដោយបន្សល់ទុកផ្នែកកដល់មុខ ដែលមានស្បែកពណ៌ក្រមៅ
ស្រអាប់។ ត្មាតផេះមួយចំនួនធំក៏គ្មានរោមក និងក្បាលដែរ ។មាឌនិងទំហំរបស់វាគឺប្រហាក់ប្រហែលទៅនឹងត្មាតភ្លើងដែរ។
ក្នុងរបាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា ត្មាតភ្លើង (Red headed vulture )មានរោមដងខ្លួនពណ៌ក្រមៅ និងក្បាលស្ទើរតែគ្មានរោម (គឺមានតិចបំផុត ) ដោយបញ្ចេញស្បែកក្បាល និងកពណ៌ក្រហមដូចភ្លើង រួមទាំងបន្ទះស្បែកអមថ្ពាល់ដូចស្លឹកត្រចៀក ទាំងសងខាងផងក៏ពណ៌ក្រហមដែរ។វាមានទម្ងន់ចន្លោះពី៣,៥០ គ.ក្រដល់៦,៣០គ.ក្រ វាមានបណ្តោយដងខ្លួន ប្រមាណ០,៧៦ម ដល់ ០,៨៦ម និងមានប្រវែងពីចុងស្លាបម្ខាងទៅដល់ ចុងស្លាបម្ខាងទៀត២ម.ដល់២,៦០ម នៅពេលវាលាតសន្ធឹងស្លាបហើរ។
សត្វត្មាតភ្លើងជាបក្សីមានមាឌទាបកន្តាញ ដោយមានកម្ពស់របស់វាប្រមាណជា០,៦០ម ទៅ០,៧០ម ប៉ុណ្ណោះ។ ត្មាតភ្លើងជាប្រភេទត្មាត ដែលអ្នកស្រុកជនជាតិអាស៊ី មួយចំនួនធំបានចាត់ទុកជាមេត្មាត ឬមេហ្វូង ឬហៅថាស្តេចត្មាត ។តាមការអង្កេតតាមដានសកម្មភាពរបស់វានៅក្នុងធម្មជាតិ ត្មាតភ្លើង ពេលវាដើរផ្ទាល់ដី វាមានដំណើររាងបើកដើមស្លាបជានិច្ច ( ឬហៅថាដំណើររបៀបកាងស្លាប ឬថាដើរពើងទ្រូង ) ឥរិយាបទរបស់វាបង្ហាញពីភាពមិនខ្លាចគេ ជាមេគេ ហើយត្មាតប្រភេទផ្សេងៗទៀតក៏ពុំសូវហ៊ានប្រឈមតទល់នឹងវាដែរ រីឯពេលវាស៊ីចំណីអាហារទៀតសោត ក៏វាពុំដែលចុះមកដណ្តើមគេស៊ីពីគ្រាដំបូងដែរ វាច្រើនតែទុកពេលឱ្យត្មាតផ្សេងៗទៀតស៊ីមួយសន្ទុះសិន ទើបវាចុះមកស៊ីតាមក្រោយ នេះទំនងជាវាគិតពីសុវត្តិភាពនៅទីនោះ រួមទាំងការពុលចំណីអាហារផងក៏អាចថាបាន ពេលដែលវាចុះមកស៊ីចំណីហើយ ភាគច្រើនត្មាតឯទៀតក៏តែងទុកចន្លោះកន្លែងឱ្យវាចូលស៊ីជានិច្ច ៕