ផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានឈ្នះពានផលិតករឆ្នើមប្រចាំឆ្នាំពីមហោស្រពភាពយន្តអន្តរជាតិកម្ពុជា ដែលមានឈ្មោះថា”ផលិតករខ្សែភាពយន្តមានទេពកោសល្យខ្ពស់ជាងគេបង្អស់”។ កម្មវិធីប្រគល់ពានរង្វាន់នេះបានធ្វើឡើងកាលពីព្រឹកមិញនេះនៅសណ្ឋាគារ Rosewood។
ការឈ្នះពានដ៏ភ្ញាក់ផ្អើលនេះបន្ទាប់ពីគេដឹងថាស្នាដៃផលិតកម្ម LD ដ៏ធំមួយដែលបានបើជំហានចូលទីផ្សារអន្តរជាតិនាពេលកន្លងទៅនោះគឺរឿង“នាឡិកា” ឬThe clock។
ផលិតករល្បីឈ្មោះរូបនេះបានបង្ហាញពីភាពរីករាយសម្រាប់ការឈ្នះពានរង្វាន់មួយហើយ ហើយលោកបញ្ជាក់ថាការឈ្នះពាននេះគឺជាការរួមចំណែកយ៉ាងធំធែងពីក្រុមការងារទាំងអស់របស់ផលិតកម្ម LD Picture។ ក្រៅតែពីការអរគុណក្រុមការងារ LD លោកក៏អរគុណផងដែរចំពោះក្រុមការងារមហោស្រពភាពយន្តអន្តរជាតិកម្ពុជាដែលបានរៀបចំព្រឹត្តិការណ៍នេះឡើង។
ទន្ទឹមនឹងការទទួលបានការកោតសរសើរពីតំណាងមហោស្រពភាពយន្ដអន្ដរជាតិកម្ពុជា លើស្នាដៃដ៏អស្ចារ្យក្នុងការផលិតរឿងកន្លងមក លោក លៀក លីដា បញ្ជាក់ថានេះគឺជាកត្តាជំរុញលើកទឹកចិត្តថែមទៀតសម្រាប់លោក និងក្រុមការងារដើម្បីធ្វើយ៉ាងណាជួយជំរុញ និងលើកកម្ពស់ឱ្យភាពយន្តខ្មែរកាន់តែបោះជំហ៊ានទៅមុខ ជាពិសេសឆ្ពោះទៅកាន់ឆាកអន្តរជាតិ។
សូមបញ្ជាក់ថាផលិតកម្ម LD Picture កំពុងផលិតខ្សែភាពយន្តជាច្រើនសម្រាប់ការចាក់បញ្ចាំងទាំងរឿងភាគលើទូរទស្សន៍ និងរឿងដុំសម្រាប់ចាក់បញ្ចាំងតាមរោងភាពយន្តនានា។ ក្នុងនោះក៏មានដែររឿងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕
ពានរង្វាន់ «ផលិតករខ្សែភាពយន្តមានទេពកោសល្យខ្ពស់ជាងគេបង្អស់» ប្រចាំឆ្នាំលើកទី១០ (10th Talent PRODUCER OF THE YEAR Award) បានទៅលើលោក លៀក លីដា តាមរយៈរឿង នាឡិកា (remastered)។