ហង្ស ម៉ានីតា ក្លាយជាម្ចាស់មកុដ Miss Universe រដូវកាលទី៦ ដែលជាព្រឹត្តិការណ៍ថ្មីប្លែកបំផុតមិនធ្លាប់មានពីមុន!

នៅទីបំផុតម្ចាស់មកុដ Miss Universe Cambodia 2022 បានរកឃើញម្ចាស់ជយលាភីហើយកាលពីយប់មិញនោះគឺកញ្ញា ហង្ស ម៉ានីតា សម្រាប់រដូវកាលទី៦ ដែលជារដូវកាលថ្មីប្លែកបំផុតមិនធ្លាប់មានពីមុនមក។
ថ្មីមិនធ្លាប់មានក៏ព្រោះតែព្រឹត្តិការណ៍លើកនេះគឺមកុដសម្រាប់ម្ចាស់ជយលាភីមានតម្លៃរហូតដល់ ១៨ម៉ឺនដុល្លារធ្វើឱ្យអ្នកចូលរួមប្រកួត និងទស្សនិកជនមានការចាប់អារម្មណ៍ជាខ្លាំង។ មកុដតម្លៃជិត ២០ម៉ឺនដុល្លារគឺជាការច្នៃថ្មីប្លែកដ៏ទាក់ទាញ ដែលជាការឧបត្ថម្ភពីលោក ចិន សំណាង ជាម្ចាស់ហាងពេជ្រ CSNJ Samnang Jewelry ។


លោក ម៉ែន និមលរតន៍ អ្នកចាត់ការទូទៅកម្មវិធី Miss Universe Cambodia បានបង្ហាញពីភាពសប្បាយរីករាយនៅពេលឃើញព្រឹត្តិការណ៍នេះពីមួយឆ្នាំទៅមួយឆ្នាំទទួលការគាំទ្រពីទស្សនិកជន។ ជាពិសេសសម្រាប់ឆ្នាំទី៦ នេះតែម្ដងព្រោះតែមានការជួយជ្រោមជ្រែងពីម្ចាស់ហាងពេជ្រខាងលើសម្រាប់មកុដដ៏ស្រស់ស្អាត និងទាក់ទាញធ្វើឱ្យកម្មវិធីទាំងមូលកាន់តែទទួលការគាំទ្រពីទស្សនិកជន។
សម្រាប់ម្ចាស់ជយលាភីកញ្ញា ហង្ស ម៉ានីតា លោកបានប្រាប់ ក្បោះក្បាយថា សមត្ថភាព សម្រស់ និងបទពិសោធន៍ជោគជាំនានាលើវិថីសិល្បៈ និងម៉ូដែលគឺសក្កិសមសម្រាប់ជយលាភីឆ្នាំនេះ។


លោកមានក្ដីរំពឹងថាម្ចាស់ជយលាភី Miss Universe Cambodia 2022 ឆ្នាំនេះនឹងធ្វើឱ្យកម្ពុជាកាន់តែលេចមុខលេចមាត់ច្រើនថែមទៀតលើឆាកអន្តរជាតិ ដែលកញ្ញានឹងចូលរួមប្រកួតថ្នាក់អន្តរជាតិក្នុងពេលដ៏ខ្លីខាងមុខ។
ងាកមកកញ្ញា ហង្ស ម៉ានីតា នាងបានបង្ហាញពីភាពរីករាយជាខ្លាំងនៅពេលខ្លួនបានក្លាយជាម្ចាស់ជយលាភីបែបនេះ។ កញ្ញាមិននឹងស្មានដល់ទេថាខ្លួនអាចឈានទៅពាក់មកុដដ៏ស្រស់ស្អាត និងទាក់ទាញបែបនេះ ព្រោះតែបេក្ខភាពចូលរួមប្រកួតសុទ្ធសឹងតែជាអ្នកមានសមត្ថភាព ព្រមទាំងរូបសម្ផស្សស្រស់ស្អាតមួយបែបម្នាក់។
កញ្ញាមិនទាន់ច្បាស់ពីពេលវេលាត្រូវចេញទៅប្រកួតលើឆាកអន្តរជាតិថ្ងៃណា និងពេលណាឱ្យប្រាកដនោះទេ ដោយរង់ខាងអ្នកគ្រប់គ្រងជាអ្នកផ្ដល់ដំណឹង។
សូមបញ្ជាក់ថានេះមិនមែនជាលើកទី១ទេដែល ហង្ស ម៉ានីតា ចូលរួមប្រកួតប្រជែងបវរកញ្ញានៅក្នុងប្រទេសកម្ពុជា ដោយនាងធ្លាប់ចូលរួមប្រកួតប្រជែង៣ទៅ៤ដងមកហើយ។ ក្រោយក្លាយជាម្ចាស់ជយលាភីនេះ តារាម៉ូដែលកូនកាត់ខ្មែរ បារាំង នឹងចុះធ្វើសកម្មភាពមនុស្សធម៌មួយចំនួនតាមទីតាំងបានកំណត់មុនពេលបន្តបេសកកម្មនៅលើឆាកអន្តរជាតិក្នុងពេលដ៏ខ្លីខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap