ពិតជាស្ដាយខ្លាំងណាស់! ក្រញូង៤ដើមអាយុកាលជាង ៥០ឆ្នាំ មានតម្លៃរាប់ម៉ឺនដុល្លារត្រូវឈ្មួញលួចកាប់បាត់!

ដើមក្រញួង ៤ដើមជាសម្បត្តិសាធារណៈដែលមានអាយុកាលជាង ៥០ឆ្នាំ និងមានតម្លៃរាប់ម៉ឺនដុល្លារត្រូវលួចកាប់យកទៅបាត់កាលពីពេលថ្មីៗស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ភ្លាមៗបន្ទាប់ពីទទួលបានដំណឹងនេះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ជូនដំណឹងជាសាធារណៈដោយបានអំពាវនាវឲ្យសាធារណជន ដែលមានតម្រុយពីជនល្មើស ជួយផ្តល់ដំណឹងដល់សមត្ថកិច្ច ដើម្បីឈានដល់ការចាប់ខ្លួន ហើយមន្ទីរកសិកម្ម នឹងផ្តល់រង្វាន់១ពាន់ដុល្លារជូនអ្នកដែលផ្តល់ដំណឹង។

ក្នុងសេចក្តីជូនដំណឹង នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប បានផ្តល់លេខទូរស័ព្ទ២ខ្សែរបស់លោក គឺ ០៩២ ២២ ៥៥ ៥៥ និង ០៩៧ ៦៦ ៦៦ ៨៤៤ ដើម្បីឲ្យសាធារណជនហៅទៅលោកផ្ទាល់គ្រប់ពេលវេលា បើទទួលបានដំណឹងពីជនល្មើស។ មន្ទីរកសិកម្ម អះអាងថា នឹងរក្សាការសម្ងាត់ចំពោះការផ្តល់ដំណឹងនេះ។

ក្នុងសេចក្ដីប្រកាសនេះមន្ទីរកសិកម្ម ហៅការកាប់ដើមគ្រញូងពូជទាំង៤ដើមនោះ ថាជាបទល្មើសឧក្រិដ្ឋ ដែលធ្វើឲ្យបាត់បង់សម្បត្តិសាធារណៈដ៏មានតម្លៃ

បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរកសិកម្មខេត្តសៀមរាប ដើមគ្រញូងទាំង៤ដើមនោះ ជាប្រភេទដើមគ្រញូងពូជ និងមានអាយុកាលប្រមាណ៥០ឆ្នាំមកហើយ ស្ថិតក្នុងចម្ការពូជឈើគ្រញូង ដែលមានទំហំជិត២ពាន់ហិកតា។ សេចក្តីជូនដំណឹង បានឲ្យដឹងទៀតថា ចម្ការពូជឈើគ្រញូងនោះ ត្រូវបានគ្រប់គ្រង និងអភិរក្ស តាំងពីឆ្នាំ២០០១មក ក្នុងគោលបំណងរក្សាជីវចម្រុះ អភិរក្សធនធានព្រៃឈើ និងអភិរក្សទុកជាតំបន់លំហែកម្សាន្ត៕​

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap