គូស្វាមីល្បីឈ្មោះលើបណ្ដាញសង្គម Facebook និង Tik Tok អ្នកនាង ទ្រិញ ផល្លា និង អ្នកអត្ថាធិប្បាយកីឡាលើបណ្ដាញង្គម ពូ ចក់ ដែលទស្សនិកជនតែងចាត់ទុកថាជារៀបចំសម្ដែងដើម្បីប្រជាប្រិយភាពពួកគេរៀងៗខ្លួនពេលនេះបញ្ចេញសាច់រឿងថ្មីមួយបែបទៀត។
ថ្មីមួយបែបទៀតនោះនៅត្រង់ថាថ្មីៗនេះធ្លាយដំណឹងមួយថា ប្រពន្ធ ពូចក់ អ្នកនាង ទ្រិញ ផល្លា ត្រូវបានទម្លាយថា សង្ស័យប៉ុនប៉ងបញ្ចប់ជីវិត តែត្រូវម្ដាយជួយសង្គ្រោះទាន់ពេលវេលា ។ បើទោះជាយ៉ាងណាមិនមានប្រភពបញ្ជាក់ថា អ្នកនាង ទ្រិញ ផល្លា បានប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងដោយវិធីណាឡើយ ប៉ុន្តែតាមសំណេរមួយដែលភ្ជាប់លើវីដូអូឃ្លីបបង្ហោះនៅលើបណ្ដាញសង្គម TikTok អតីតអ្នកមេម៉ាយចាយរាង ទ្រិញ ផល្លា បានសរសេរឱ្យដឹងយ៉ាងដូច្នេះថា «អ្នកម្ដាយអើយរត់ពេញផ្លូវទាំងមេឃងងឹតមកជួយជីវិតកូន» ។
បើតាមរយៈខ្លឹមសារសំណេរខាងលើ និងកាយវិការក្នុងវីដេអូដែលនិយាយទាំងទឹកភ្នែករបស់អ្នកនាង ទ្រិញ ផល្លា អាចបញ្ជាក់ឱ្យដឹងថា ការពិតនាងកំពុងរងនូវវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ រហូតចង់ប៉ុនប៉ងបញ្ចប់ជីវិតខ្លួនឯងមែន ។
បើទោះជាយ៉ាងណាការបង្ហាញពីទុក្ខលំបាកដែលហាក់ចង់ឱ្យគេបានដឹងពីសម្ពាធផ្លូវចិត្តដែលកំពុងកើតមានលើខ្លួន ប្រៀបដូចជាការហែកទ្រូងឱ្យក្អែកចឹក ពោលគឺអ្នកនាង ទ្រិញ ផល្លា មិនទទួលបានការលើកទឹកចិត្តប៉ុន្មានឡើយ តែបែរជារងការរិះគន់កាន់តែខ្លាំងពីក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម ។
ពួកគេបានអះអាងថា ទឹកភ្នែករបស់អ្នកនាង ទ្រិញ ផល្លា ប្រពន្ធ ពូចក់ គ្រាន់តែជាការសម្ដែងតែប៉ុណ្ណោះ ។ យ៉ាងណាក្រោយមានការដាក់បន្ទុកជាច្រើនលើការបង្ហោះនោះ ស្រីស្អាត ទ្រិញ ផល្លា ក៏បន្តរក្សាភាពស្ងៀមស្ងាត់ជាថ្មី មិនមានប្រត្តិកម្មអ្វីទៀតឡើយ ។
ដោយឡែកAdmin ជីងចក់ ដែលជាស្វាមីវិញ ក្រោយពីមានឈ្មោះថាជាចោរលួចទ្រព្យសម្បត្តិរត់ចេញផ្ទះ ក៏មិនសូវមានសកម្មភាពលើបណ្ដាញសង្គមច្រើនដូចពីមុនទៀតដែរ ប៉ុន្តែនៅថ្ងៃម្សិលមិញនេះ ជីងចក់ បានប្រលយសារថ្មីយ៉ាងកម្សត់មួយ ដោយហាក់ចង់បង្ហាញពីវិប្បដិសារីយ៍ក្នុងជីវិត ។
ពិធីករនិយាយបាល់ទាត់ល្បីរូបនេះបានសរសេរថា៖ «ឡានដំបូងគេដែលខ្ញុំមានលទ្ធភាពទិញជិះខ្លួនឯងនៅពេលចាប់ផ្ដើមចូលធ្វើការជាអ្នកអធិប្បាយបាល់ទាត់ (អាPrius) 2019-2022 ដើរទៅមុខ ដើរដោយជឿជាក់លើខ្លួនឯងដូចកាលពីមុន» ។ គ្មាននរណាបានដឹងថា ដំណើរដែលពូចក់ចង់សំដៅទៅនោះ ជាដំណើរតែម្នាក់ឯង ឬដឹកដៃអ្នកនាង ទ្រិញ ផល្លារ ទៅជាមួយគ្នានោះទេ។ គួរបញ្ជាក់ថា កាលពីថ្មីៗនេះAdmin ជីងចក់ ត្រូវបានប្រពន្ធប្រកាសថា លួចទ្រព្យសម្បត្តិរត់ចេញពីផ្ទះ និងប្រកាសឱ្យប៉ូលិសចាប់ខ្លួន ។
រឿងនេះត្រូវបានមហាជនរិះគន់យ៉ាងខ្លាំង ថាប្ដីប្រពន្ធមួយគូនេះព្យាយាមបំពុលសង្គម បង្កើតរឿងប្លែកៗដើម្បីទាញយកចំណាប់អារម្មណ៍លក់ផលិតផល ហើយក៏បានស្ងប់ស្ងាត់ទៅវិញ ។ យ៉ាងណាទន្ទឹមនឹងមានការរិះគន់ច្រើន ថ្មីៗនេះស្រាប់ធ្លាយដំណឹងថ្មីថា អ្នកនាង ទ្រិញ ផល្លា ភរិយា ពូចក់ បានព្យាយាមប៉ុនប៉ងបញ្ចប់ជីវិតខ្លួន គុណបុណ្យបានម្ដាយជួយទាន់ ៕