នេះជាលើកដំបូងហើយដែលតារាសម្តែង និងជាតារាម៉ូដែលកញ្ញា មាន សូនីតា រៀបរាប់ពីអារម្មណ៍ពិតរបស់ខ្លួន ចាប់តាំងពីចូលសិល្បៈដំបូងរហូតមកដល់សព្វថ្ងៃនេះ ដោយនាងបានឆ្លងកាត់នូវព្យុះភ្លៀងរាប់មិនអស់ និងប្រឹងក្រោកឈរដោយខ្លួនឯង ។
កញ្ញាជាតារាសម្តែងល្បីឈ្មោះបោះសម្លេងម្នាក់ដែលមានរូបសម្រស់ស្រស់ស្អាត និងមានទេពកោសល្យសម្តែងល្អ។ តែចុងក្រោយនេះនាងមមាញឹកនៅក្នុងការងាររកស៊ីច្រើន ទើបនាងមិនទទួលថតភាពយន្ត យូរៗម្តងទើបនាងទទួលថត ដើម្បីកុំឱ្យទស្សនិកជនភ្លេចមុខ ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងលេចមុខនៅក្នុងរឿង « ពេលម៉ែចាស់ទៅ » ដែលជាស្នាដៃថ្មីរបស់អ្នកស្រី ពាន់ ភួងបុប្ជា ។
ទន្ទឹមនិងការវិលត្រឡប់នេះ មាន សូនីតា បានរៀបរាប់ថា « ទម្រាំខ្ញុំបោះជំហាន ឈរជើងនឹងបានប៉ុណ្ណេះ ខ្ញុំបានឈានជើង ម្ដងមួយជំហាន ម្ដងមួយជំហាន យ៉ាងពិបាក។ ដាក់ជើងលើបន្លាផង គ្រោះផង ថ្មផង ភ្លៀងផង ព្យុះផង សំខាន់មានមារមកផ្ចាញ់ ជាច្រើនទៀត…។ ចំនុចមួយៗដែលខ្ញុំឆ្លងកាត់អាចនិយាយបានថាវាពិបាក ព្រោះឆ្លងមកដោយខ្លួនឯងផ្ទាល់ ជាមួយបទពិសោជន៍ដ៏ថ្មី មិនដែលធ្វើ រឿងខ្លះក៏ឆ្លងកាត់ហើយវាទៅមុខយ៉ាងស្រួល រឿងខ្លះថ្មីៗពេក ត្រូវទទួលយករៀនពីវាមួយៗទម្រាំឆ្លងមកបាន ត្រូវប្រើពេលយ៉ាងយូរ ចំពោះរឿងមួយៗ ពេលវេលាដើរទៅមុខ ឥតចាំខ្ញុំឡើយ។ ទោះពេលខ្លះខ្ញុំឈឺ ខ្ញុំហត់ ខ្ញុំចង់សម្រាក តែវាមិនអាចចាំខ្ញុំឡើយ “ ពេល “ វាដើរទៅមុខរហូត ។ មកដល់ចំណុចនេះត្រូវមានផែនការច្បាស់លាស់ដើម្បីបោះជំហ៊ានទៅមុខដោយភាពជឿជាក់ » ។
នេះជាលើកដំបូងហើយដែល មាន សូនីតា រៀបរាប់ពីជីវិតខ្លួននៅក្នុងវិស័យសិល្បៈ ទាំងសម្តែង និង ដើរម៉ូដ ។ មានទស្សនិកជនជាច្រើនឆ្ងល់ថា តើហេតុអ្វីនៅសុខៗតារាស្រីរូបនេះបែរជារៀបរាប់រឿង នេះទៅវិញ ?
មាន សូនីតា បានឆ្លើយតបថា នាងបង្ហាញសារនេះគ្រាន់តែជាការរំលែកនូវបទពិសោធខ្លួនឯងដែលធ្លាប់ជួបប្រទះ ដើម្បីកុំឱ្យអ្នកខ្លះគិតថា អ្នកសិល្បៈគឺស្រួលណាស់ ការពិតនៅពីក្រោយខ្នងឆាក ពួកគេជួបនូវរឿងជាច្រើនទំរាំឈរជើងបាន ៕