ត្រឡប់មកជាថ្មីលើកនេះមហោស្រពភាពយន្តអន្តរជាតិ-កម្ពុជា ពិតជាកក្រើកស្ទើរមិនគួរឱ្យជឿ!

យប់មិញនេះកម្មវិធីមហោស្រពភាពយន្តអន្តរជាតិ-កម្ពុជា ពិតជាភ្ញាក់ផ្អើល និងមិនគួរឱ្យជឿនោះទេ ព្រោះតែការត្រឡប់មកជាថ្មីក្រោយស្ងាត់រយៈពេល២ឆ្នាំ ដោយសារជំងឺកូវីដ១៩ ជាមួយភាពជោគជ័យ និងកាន់តែទាក់ទាញជាងបណ្ដាឆ្នាំមុនៗ។
មហោស្រពភាពយន្តអន្តរជាតិលើកទី១១ ឆ្នាំ២០២២ បានត្រឡប់មកវិញហើយ ដោយបានរៀបចំកម្មវិធីបើកមហោស្រពយ៉ាងអធិកអធមបំផុត កាលពីល្ងាចថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២២ នៅសាលសន្និសីទចតុម្មុខ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសំណាក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម អគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជា សមិទ្ធិករជាតិ-អន្តរជាតិ សិល្បករ-សិល្បការនី និងបុគ្គលល្បីៗពាក់ព័ន្ធវិស័យភាពយន្តយ៉ាងច្រើនកុះករ។
វត្តមានចូលរួមយ៉ាងច្រើនកុះករពីសំណាកភ្ញៀវកិត្តយស បានធ្វើឱ្យបរិវេនខាងក្រៅ និងក្នុងសាលមហោស្រពចតុម្មុខ មានសភាពណែនណាន់តាន់តាប់ជាខ្លាំង។

អ្នកចូលរួមជាច្រើនដែលសុទ្ធសឹងជាបុគ្គលល្បីៗក្នុងវិស័យភាពយន្ត បាននាំគ្នាសាទរខ្លាំងចំពោះការត្រឡប់វិញនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១នេះ បន្ទាប់ពីការអាក់ខាន និងផ្អាកពាក់កណ្ដាលទីអំឡុងពេលមហោស្រពនាឆ្នាំ២០២០ និងការខកខានអស់ពេល២ឆ្នាំ​ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ នាំមកជូននូវខ្សែភាពយន្តមកពី២៦ប្រទេសខុសៗគ្នា និងមានរឿង១៤៤ចំណងជើង ក្នុងនោះរួមមាន ភាពយន្តខ្នាតខ្លី ភាពយន្តខ្នាតវែង ភាពយន្តឯកសារ និងគំនូរជីវចល ជាដើម។
ភាពយន្តទាំងអស់ត្រូវចាក់បញ្ចាំងចាប់ពីថ្ងៃទី២៨ មិថុនា ដល់ថ្ងៃ៣ កក្កដា ឆ្នាំ២០២២ នៅតាមទីតាំងសំខាន់ៗចំនួន១៥កន្លែងផ្សេងគ្នា រួមមាន Prime Cineplex, Legend Cinema Premium, Legend Cinema Eden, Major Cineplex Aeon, Major Cineplex Aeon2, វិទ្យាស្ថានបារាំង, មជ្ឈមណ្ឌលបុប្ផាណា, Rosewood Hotel, សាលចតុម្មុខ, Java Creative Cafe Toul Kork, Factory Phnom Penh, CINE-HUB, Pi-Pet-Pi Gallery, Phnom Penh Katari Hotel, Sensory Park Urban Hotel។
លោកអ្នកអាចចូលរួមទស្សនាក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ បានដោយស៊េរី។ សំបុត្រចូលទស្សនាដោយស៊េរី នឹងត្រូវចែកជូន១ម៉ោងមុនការចាក់បញ្ចាំង សម្រាប់អ្នកមកមុននឹងទទួលបានមុន៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap