អ្នកនាង ចំរើន ចិរិយា ដែលជាម្ចាស់ពានរង្វាន់ អប្សរា ឆ្នាំ២០១៥ ផ្នែកចម្រៀងមរកតដើម បានបង្ហាញពីភាពសប្បាយរីករាយរបស់ខ្លួននៅពេលឃើញទីផ្សារចម្រៀងផ្នែកមរតកដើមនេះ ទទួលការចាប់អារម្មណ៍កាន់តែខ្លាំងឡើងៗពីសំណាក់ទស្សនិកជន។ ជាពិសេសក្នុងចំណោមយុវជនខ្មែរ ដែលចាប់ផ្ដើមងាកមកគាំទ្រ និងផ្ដល់តម្លៃសម្រាប់សិល្បករដែលច្រៀងបទពីដើមៗ។
ភាពរីករាយរបស់តារាចម្រៀងរូបនេះ បន្ទាប់ពីអ្នកនាងមានភាពមមាញឹកជាខ្លាំងលើផ្នែកចម្រៀងមរតកដើមនេះនាមួយរយៈចុងក្រោយ តាមបណ្តាកម្មវិធី ទូទស្សន៍ ផ្នែកចម្រៀងមរតកដើម នឹងកម្មវិធី មង្គលផ្សេងៗ។
អ្នកនាង ចំរើន ចរិយ៉ា បានបញ្ជាក់ថា៖”ក្នុងនាមយើងជាតារាចម្រៀងផ្នែកនេះម្នាក់បងពិតជាសប្បាយរីករាយនៅពេលឃើញយុវជន ទស្សនិកជនខ្មែរយើងផ្ដើមផ្ដល់តម្លៃកាន់តែខ្លាំងលើចម្រៀងមរតកដើម ដែលធ្វើឱ្យអ្នកចម្រៀងដូចបងនេះសប្បាយចិត្តខ្លាំងមែនទែន”។
តារាចម្រៀងសំឡេង ស្រទន់ខាងលើបានបន្ត ការគាំទ្រ និងផ្ដល់តម្លៃពីទស្សនិកជនបែបនេះធ្វើឱ្យអ្នកនាង និងតារាចម្រៀងដទៃទៀតដែលចូលចិត្តបកស្រាយបទចម្រៀងជាមរតកដើម មានកម្លាំងចិត្តថែមទៀតដើម្បីធ្វើយ៉ាងណារក្សា និងលើកកម្ពស់ទីផ្សារចម្រៀងមរតកដើមរបស់ខ្មែរឱ្យកាន់តែមានភាពទូលំទូលាយក្នុងចំណោមមហាជនខ្មែរ ជាពិសេសគឺក្នុងចំណោមយុវជនក្រោយៗតែម្ដង។
ទន្ទឹមនឹងភាពរីករាយជាមួយទីផ្សារចម្រៀងមរតកដើមអ្នកនាង ចំរើន ចរិយ៉ា ក៏ត្រៀមបទចម្រៀងផ្ទាល់ខ្លួនផងដែរដោយអ្នកនាងត្រៀមចេញបទចម្រៀងជាបន្តបន្ទាប់ លើឆានែលយូធូប នឹង បណ្តាញសង្គម ហើយអ្វីដែលធ្វើឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំង គឺ អ្នកនាង បានបន្ថែម អាជីព ១ទៀតគឺច្រៀងភ្លេងខ្មែរ ក្នុងកម្មវិធីសេរីមង្គលផងដែរ។
សូមបញ្ជាក់ថាអ្នកនាង ចំរើន ចរិយ៉ា ជាតារាចម្រៀងមួយរូបតែងតែលេចមុខក្នុងកម្មវិធីចម្រៀងបែបបុរាណនានា ដោយសារតែទឹកដមសំនៀងពីកំណើតរបស់អ្នកនាងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍អ្នកនាងជាបន្តបន្ទាប់៕