អ្នកអត្ថាធិប្បាយលើបណ្ដាញសង្គមល្បីឈ្មេាះលោក ផែង វណ្ណៈ នៅទីបំផុតបានចេញមុខសុំទោសលោកជំទាវ ហ៊ុន ស៊ីណាត ជាផ្លូវការហើយ ក្រោយពីលោកជំទាវ សម្រេចដាក់ពក្យបណ្ដឹងជាផ្លូវការទៅកាន់តុលាការកាលពីម្សិលមិញ។
នៅលើផេក Facebook ផ្លូវការរបស់ខ្លួនលោកបានបញ្ជាក់ថា៖”ខ្ញុំបានសំណូមពរអោយឈ្មោះចក់ និង នាង ផល្លា បញ្ឈប់ការយករូបថតលោកជំទាវមីង និង រូបថតសម្ដេចតេជោ ទៅបង្ហោះលេី ហ្វេសប៊ុក ខណៈពួកគេកំពុងឈ្លោះគ្នា គឺក្នុងគោលបំណង ការពារកិត្តិយសលោកជំទាវមីង និង សម្ដេចតេជោ តែ ប៉ុណ្ណោះ។ ខ្ញុំបាទគ្មានចេតនាអាក្រក់ចំពោះលោកជំទាវមីងទេ។ ខ្ញុំគោរព ស្រលាញ់ គាំទ្រ លោកជំទាវមីងណាស់ ខ្ញុំគ្មានហេតុផលអ្វីដែលត្រូវនិយាយអាក្រក់ពីលោកជំទាវមីងទេ ។ ខ្ញុំសង្ឃឹមថា លោកជំទាវមីងនឹងផ្ដល់ឱកាសអោយខ្ញុំបាទបានជួបដើម្បីបំភ្លឺជូនលោកជំទាវមីង និងសុំការអធ្យាស្រ័យពីលោកជំទាវមីង“។
យ៉ាងណាម្សុិលមិញតាមរយៈមេធាវីរបស់ខ្លួនលោកជំទាវ ហ៊ុន ស៊ីណាត សម្រេចចិត្តដាក់ពា្យបណ្ដឹងផ្លូវការប្ដឹងបុគ្គល ផែង វណ្ណៈ ដែលជាអ្នកអត្ថាធិប្បាយលើបណ្ដាញសង្គមល្បីឈ្មេាះម្នាក់ទៅកាន់តុលាការ។
ការសម្រេចចិត្តដាក់ពាក្យបណ្ដឹងនេះបន្ទាប់ពីលោក ផេង វណ្ណៈ កាលពីថ្មីៗបាន Live និយាយពីរឿងអ្នកអត្ថាធិប្បាយកីឡា Admin ជីង ចក់ ថាទៅចូលជួបលោកជំទាវ ហ៊ុន ស៊ីណាត ដើម្បីធ្វើជាខ្នងបង្អែករឿងជម្លោះផ្ទៃក្នុងគ្រួសារដែលនៅមិនទាន់រកទីបញ្ចប់ឃើញនៅឡើយរហូតមកទល់នឹងពេលនេះ។
ក្នុងសំណេរអមដោយរូបថតផ្ដិតមេដៃជាមួយមេធាវីរបស់ខ្លួនលោកជំទាវ ហ៊ុន ស៊ីណាត មានប្រសាសន៍ថា៖”ទុកអោយច្បាប់ជាអ្នកដេាះស្រាយចុះ អ្នកមានចេតនាញុះញុងថា ស្រុកខ្មែរមានរឿងអីអាងតែត្រកូលហ៊ុន ចឹងមានន័យថាអ្នកឯងចោទក្រុមគ្រួសារខ្ញុំទាំងមូលជាន់លើច្បាប់ ហើយចាត់ទុកច្បាប់ជារបស់ក្រួសារត្រកូលហ៊ុន”។
សូមបញ្ជាក់ថា អ្នកអត្ថាធិប្បាយលើបណ្ដាញសង្គមរូបនេះក៏ធ្លាប់អង្គភាពសារព័ត៍មាន ហ្វ្រេសញូវប្ដឹងទៅកាន់តុលាការផងដែរនាពេលកន្លងទៅពីបទបរិហារកេរ្តិ៍ រហូតលោកជាប់គុកមួយរយៈ មុននឹងមានសេរីភាពឡើងវិញដូចសព្វថ្ងៃ៕