អគ្គនាយកដ្ឋានគយ និងដ្ឋាករកម្ពុជា បានចេញសេចក្តីជូនដំណឹងប្រញាប់មួយ ដោយឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ ដែលនឹងត្រូវចាប់ផ្តើមស្នើសុំចុះបញ្ជីពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។
បើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃនេះបានឱ្យដឹងថា ការអនុញ្ញាតឱ្យបង់ពន្ធ និងអាករ លើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ អនុលោមតាមប្រសាសន៍ និងការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការអនុគ្រោះឱ្យម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់ចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករ។
សេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានជម្រាបជូនដំណឹងដល់ម្ចាស់រថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស មានខ្លឹមសារដូចខាងក្រោមនេះ៖
១. ម្ចាស់រថយន្តចង្កូតស្តាំ ដែលបានកក់ប្រាក់ពន្ធ និងអាកររួចតែពុំទាន់កែចង្កូត អាចមកទទួលយកបង្កាន់ដៃ ពន្ធយានយន្ត ដោយមានជម្រើសក្នុងការកែ ឬមិនកែចង្កូត ដើម្បីយកទៅចុះបញ្ជីធ្វើផ្លាកលេខ។
២. ម្ចាស់រថយន្តចង្កូតស្ដាំគ្មានពន្ធ ដែលនៅសេសសល់ (ពុំទាន់បានកក់ប្រាក់ពន្ធ និងអាករ ត្រូវមកបង់ពន្ធ និងអាករ ឬប្រកាសស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្តាំគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដើម្បីបង់ពន្ធនិងអាករ ជាក្រោយ ដោយមិនតម្រូវឱ្យកែចង្កូត នៅអង្គភាពគយ និងរដ្ឋាករដែលនៅជិតបំផុត តាមកាលបរិច្ឆេទ ដូចខាងក្រោម៖
ការស្នើសុំចុះបញ្ជីរថយន្តចង្កូតស្តាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេស នឹងត្រូវចាប់ផ្តើមពីពេលនេះ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ ផុតរយៈពេលនេះ រថយន្តដែលខកខានមិនបាន ចុះបញ្ជីនឹងត្រូវចាត់ទុកជារថយន្តគ្មានស្រាប់ក្នុងប្រទេស (ទើបរត់ពន្ធចូលមកថ្មី) និងជាមុខសញ្ញ នៃការបង្ក្រាប និងរឹបអូស តាមបទប្បញ្ញត្តិជាធរមាន ការបង់ពន្ធ និងអាករ នឹងមានរយៈពេល ៩០ថ្ងៃ ដោយគិតចាប់ពីពេលនេះ រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២។
៣. ទន្ទឹមនេះ ម្ចាស់រថយន្តចង្កូតឆ្វេងគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ក៍អាចមកបង់ពន្ធ និងអាករចាប់ពីពេល នេះតទៅ រហូតដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដោយមិនរងការពិន័យ ផងដែរ។
ការអនុវត្តគោលការណ៍អនុគ្រោះខាងលើនេះ មិនអនុវត្តចំពោះរថយន្តដែលមានឆ្នាំម៉ូដែលចាប់ពីឆ្នាំ២០២១ ឡើងឡើយ ដែលជាកម្មវត្ថុនៃការបង់ពន្ធអាករ និងទទួលរងពិន័យ តាមបទប្បញ្ញត្តិជាធរមាន។
អាស្រ័យហេតុនេះ សូមម្ចាស់រថយន្តគ្មានពន្ធទាំងអស់រួសរាន់មកចុះបញ្ជី និងបំពេញកាតព្វកិច្ចពន្ធ និងអាករ ឱ្យបានទាន់តាមកាលបរិច្ឆេទកំណត់ដូចខាងលើ ជាកំហិត៕