មិនធម្មតាទេរឿង”លោកប៉ាមហាកូរ” ដាក់បញ្ចាំងថ្ងៃដំបូងអ្នកកក់សំបុត្រមិនទាន់អត់កន្លែងអង្គុយ!

ភាពយន្តបែបកំប្លែងរបស់ផលិតកម្ម LD Picture បានបង្កភាពភ្ញាក់ផ្អើលជាខ្លាំងសម្រាប់ទស្សនិកជនដែលនិយមចូលចិត្តទស្សនាភាពយន្តដោយការដាក់បញ្ចាំងថ្ងៃដំបូងម្សិលមិញនេះផ្ទុះការគាំទ្រជាខ្លាំងពីមហាជន ដោយអ្នកមិនបានកក់សំបុត្រទុកមុនគឺគ្មានកន្លែងអង្គុយនោះទេ។
ជាមួយការធ្វើកម្មវិធីជួបជុំអ្នកគាំទ្រពីម្សិលមិញនៅរោងភាពយន្ត លេចិន អេដិន តារាសម្ដែង និងផលិតករក្នុងរឿងខាងលើបានបង្ហាញពីភាពសប្បាយរីករាយនៅពេលទទួលបានដំណឹងដ៏រីករាយនេះ។
លោក ទេព រិនដារ៉ូ ដែលជាតូួអង្គដ៏សំខាន់ក្នុងសាច់រឿង លោកពិតជាមានក្ដីរំភើបខ្លាំងណាស់នៅពេលឃើញបងប្អូនទស្សនិកជន ជាពិសេសហ្វេនៗរបស់ផលិតកម្ម LD Picture ផ្ទាល់តែងតែនិយមគាំទ្រស្នាដៃកន្លង។ ជាពិសេសរឿង”លោកប៉ាមហាកូរ” កំពុងតែចាក់បញ្ចាំងនៅតាមរោងភាពយន្តនានានេះផ្ទាល់តែម្ដង។

តារាជើងចាស់រូបនេះបានបញ្ជាក់ថា៖”ដំបូងខ្ញុំដូចមិនចង់ជឿទេ តែដល់ឃើញទិន្នន័យគេឱ្យមកបានភ្ញាក់ខ្លួនថា Wow ភាពយន្តខ្មែរផ្ដើមសន្ទុះគាំទ្រមកវិញហើយតាមរយៈអ្នកគាំទ្ររបស់យើង”។
តារាសម្ដែងល្បីឈ្មោះខាងលើបានថ្លែងអំណរគុណជាខ្លាំងដល់ទស្សនិកជនខ្មែរ ដែលតែងតែគាំទ្រ និងផ្ដល់តម្លៃសម្រាប់លោកតាមរយៈភាពយន្តនានាលោកបានសម្ដែង ក៏ដូចជាស្នាដៃថ្មីៗពីផលិតកម្ម LD Picture ដោយក្នុងនោះលោកបានសន្យាថានឹងខិតខំប្រឹងប្រែងស្វែងរកអ្វីថ្មីថែមទៀតសម្រាប់ជាចំណីចក្ខុរបស់ទស្សនិកជន។
ទន្ទឹមនឹងនេះដែរលោក លៀក លីដា ផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture ក៏បានបង្ហាញក្ដីរំភើបនៅពេលឃើញស្នាដៃថ្មីមួយនេះមានអ្នកគាំទ្រខ្លាំងរហូតមានអ្នកខ្លះកក់សំបុត្រមិនទាន់។
លោកបានឱ្យដឹងថា៖”រឿងនេះយើងពិតជារីករាយមែនទែនព្រោះអីយើងដឹងថាអ្នកគាំទ្រចង់បានអ្វី ហើយយើងផ្ដោត និងប្រឹងប្រែងខ្លាំងដើម្បីផ្គាប់ចិត្តពួកគាត់ ដូចយើងបានធ្វើក្នុងរឿង”លោកប៉ាមហាកូរ” នេះ”។
ផលិតករល្បីឈ្មោះខាងលើស្នើឱ្យទស្សនិកជនបន្តគាំទ្រភាពយន្តខ្មែរតទៅទៀតមិនថារបស់ផលិតកម្មខ្លួននោះទេ ពោលគឺគ្រាប់បណ្ដាផលិតកម្មនានា ដើម្បីធ្វើយ៉ាងណាជួយជំរុញ និងលើកកម្ពស់វិស័យភាពយន្តជាតិឱ្យទូលំទូលាយ។ ក្នុងនោះ LD Picture បានរៀបចំខ្លួនជាស្រេចដើម្បីពាំនាំនូវរសជាតិថ្មីប្លែកគ្រប់សាច់រឿងដើម្បីផ្គាប់ចិត្តអ្នកគាំទ្រភាពយន្តខ្មែរ។


សូមបញ្ជាក់ថាភាពយន្ត”លោកប៉ាមហាកូរ” ដែលមានតូអង្គសំខាន់ៗដូចជាលោក ទេព រិនដារ៉ូ កញ្ញា ហេង ចន្ថា ប្រុស ខួច ជាដើម កំពុងចាក់បញ្ចាំងតាមរោងភាពយន្តនានាទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត ទស្សនិកជនអាចទៅទិញសំបុត្រដើម្បីទស្សនាបានពីថ្ងៃនេះតទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

Share via
Copy link
Powered by Social Snap