ខេត្តព្រះសីហនុ ៖ ពិធីតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរ រយៈពេល០៣ថ្ងៃ ក្រោមប្រធានបទ «គាំទ្រម្ហូបអាហារខ្មែរ ថែរក្សាវប្បធម៌ជាតិ» ចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០២២ ក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយម្ហូបអាហារប្រពៃណីខ្មែរ ពិសេសអាហារតំបន់ឆ្នេរ ផ្សព្វផ្សាយវឌ្ឍនភាព និងសក្តានុពលទេសចរណ៍។
ពិព័រណ៍ក្នុងរយៈពេល៣ថ្ងៃនេះមានអ្នកចូលរួម និងអ្នកទស្សនាប្រមាណ៥ម៉ឺននាក់ ក្នុងនោះឯកឧត្ដម ទិត ចន្ថា រដ្ឋមន្ត្រីស្តីទីក្រសួងទេសចរណ៍ តំណាងឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចូលរួមជាអធិបតីបើកសម្ពោធពិព័រណ៍នេះផងដែរ។
ពិធីតាំងពិព័ណ៍ម្ហូបអាហារ និងផលិតផលខ្មែរនេះមានការចូលរួមពីប្រតិបត្តិករទេសចរណ៍ ភោជនីយដ្ឋាន អាហារដ្ឋាន អ្នកលក់អាហារតាមស្តង់ចំនួន១៣៩ស្តង់ ក្នុងនោះស្ដង់សមាគមន៍ទេចរណ៍តំបន់ឆ្នេរចំនួន១៧ ស្ដង់ចម្អិនអាហារភ្លាមៗចំនួន៥១ ស្ដង់សណ្ឋាគារភោជនីយដ្ឋាន និងអាហារប្រពៃណីចំនួន២១ ស្ដង់បង្អែម ការ៉ែម និងនំខ្មែរចំនួន៨ ស្ដង់ភេសជ្ជៈ តែ កាហ្វេចំនួន៦ ស្ដង់ផ្លែឈើស្រស់ចំនួន៥ ស្ដង់វត្ថុអនុស្សាវរីយ៍ចំនួន៣ និងស្ដង់ផលិតផលក្នុងស្រុកចំនួន២៨។
ឯកឧត្ដមរដ្ឋមន្ត្រីស្តីទី ទិត ចន្ថា បានលើកឡើងថា ពិធីតាំងពិព័រណ៍ម្ហូបអាហារ និងផលិតផលខ្មែរនេះ គឺជាការរួមចំណែកលើកកម្ពស់ ផ្សព្វផ្សាយមុខម្ហូបប្រពៃណីខ្មែរ និងសក្តានុពលទេសចរណ៍តំបន់ឆ្នេរ ពិសេសទេសចរណ៍ខេត្តព្រះសីហនុពិតជាចូលរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការការពារបរិស្ថាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ។
ក្នុងពិព័រណ៍នោះដែរ ក៏មានព្រឹត្តឹការណ៍រៀបចំប្រកួតធ្វើម្ហូប និងភេសជ្ជៈ និងចំណេះដឹងផ្នែកទេសចរណ៍ បរិស្ថាន ការបង្កាជំងឺកូវីដ-១៩ ដោយចូលរួមពីនិស្សិតមកពីសាកលវិទ្យាល័យចំនួន៥ មហាវិទ្យាល័យនីតិសាស្ត្រ និងសេដ្ឋកិច្ច សាលាបណ្តុះបណ្តាលវិជ្ជាជីវៈដុនបូស្កូ សាកលវិទ្យាល័យជាតិគ្រប់គ្រង សាកលវិទ្យាល័យមេគង្គ និងសាកលវិទ្យាល័យបៀលប្រាយ។ ចំពោះការប្រកួតធ្វើម្ហូបអាហារ និងភេសជ្ជៈ ជ្រើសរើសជ័យលាភីពីលេខ១ ដល់លេខ៣ ដោយទទួលបានពាន១ និងប្រាក់រង្វាន់១.០០០ដុល្លារ បន្តបន្ទាប់ដល់៣០០ដុល្លារ៕