តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកចិនបានឲ្យដឹងថា តារាចម្រៀង Jessica Jung (ជេសីកា ចុង) បានជាប់ចំណាត់ថ្នាក់លេខពីរ ក្នុងកម្មវិធីប្រកួតប្រជែង “Sisters Who Make Waves” (ស៊ីសស្ទើ ហ៊ូ ម៊ែក វ៉េវ) រដូវកាលទីបីរបស់ប៉ុស្តិ៍ទូរទស្សន៍ចិន។
កម្មវិធីនេះគឺជាការប្រកួតរវាងអតីតសមាជិកក្រុមចម្រៀងនារីដែលមានវ័យចាប់ពី៣០ឆ្នាំឡើងទៅ ដើម្បីចូលប្រឡូកក្នុងវិស័យសិល្បៈជាក្រុមនារីថ្មីមួយទៀត ដោយសមាជិកចំនួន៥រូបនឹងត្រូវជ្រើសរើសតាមរយៈការប្រកួតប្រជែង។ ក្នុងរដូវកាលនេះក្រៅពី Jessica ក៏មានតារាស្រីល្បីៗមួយចំនួនទៀតចូលរួមប្រកួត ដូចជាតារាចម្រៀងនិងសម្ដែងតៃវ៉ាន់ Cyndi Wang (ស៊ិនឌី វ៉ាង) និងតារាចម្រៀងហុងកុង Gillian Chung (គីលៀន ជុង) ជាដើម។
បន្ទាប់ពីដឹងដំណឹងថា Jessica (ជេសីកា) ត្រៀមចូលប្រឡូកជាសមាជិកនៃក្រុមចម្រៀងនារីចិន មហាជនកូរ៉េខាងត្បូងបានសម្ដែងអារម្មណ៍ភ្ញាក់ផ្អើល ហើយមានមួយចំនួនបានបង្ហាញការសោកស្ដាយដែល Jessica (ជេសីកា) សម្រេចដើរចេញពីក្រុមចម្រៀង Girls’ Generation (ហ្គើលស៍ ជេនើរ៉េសិន) ដែលជាក្រុមនារីដ៏ល្បីរបស់កូរ៉េ និងចុងក្រោយបែរជាចូលប្រឡូកជាមួយក្រុមចម្រៀងថ្មីរបស់ចិនទៅវិញ។ យ៉ាងណាមិញ ក៏មានអ្នកគាំទ្រផ្សេងទៀតបានលើកឡើងថា រឿងរបស់ Jessica និង Girls’ Generation វាគឺជាអតីតកាលទៅហើយ ដូច្នេះនាងគួរតែអាចធ្វើអ្វីដែលនាងសប្បាយចិត្តនៅបច្ចុប្បន្ន ៕