អាចជារឿងចៃដន្យ និងមិនធ្លាប់មានទាល់តែសោះសម្រាប់ម៉ូដែលរបស់កម្ពុជាដែលទទួលជយលាភីដូចគ្នាពីការប្រកួតកម្មវិធីតែមួយលើឆាកអន្តរជាតិ។ ជាក់ស្ដែងកញ្ញា អាណា អូមី និងលោក ថានុត បានឈ្នះពាន Best in National Costume 3rd runner up នៅក្នុងកម្មវិធីប្រកួត Teen Star International 2022 នៅក្នុងប្រទេសថៃ ដែលមានម៉ូដែលចូលរួមប្រកួត ៦០នាក់មកពីប្រទេស ៣០លើពិភពលោកចូលរួមប្រកួតប្រជែង។
ក្រោយទទួលបានពានរង្វាន់ជយលាភីរងលំដាប់ទី៣ ដូចគ្នាបែបនេះ ទាំង អាណា អូមី និង ថានុត បានបង្ហាញពីអារម្មណ៍សប្បាយរីករាយ និងស្ទើរនឹងស្មានមិនដល់ ព្រោះតែបេក្ខភាពចូលរួមប្រកួតប្រជែងសុទ្ធសឹងតែជាអ្នកមានសមត្ថភាព និងចំណេះដឹងជ្រៅជ្រះ។
ពួកគេទាំងពីរពិតជាអរគុណខ្លាំងណាស់សម្រាប់អ្នកគាំទ្រទាំងនៅខ្មែ ថៃ និងនៅជុំវិញពិភពលោកដែលបានជួយគាំទ្រដល់ពួកគេទាំងពីររហូតទទួលបានជយលាភីបែបនេះ។
សម្រាប់លោក ម៉ែន និមលរតន៍ អ្នកចាត់ការទូទៅ CIM Star ដែលបានបញ្ចូនអ្នកទាំងខាងលើទៅចូលរួមប្រកួតប្រជែងពានរង្វាន់មួយនេះបានបង្ហាញពីក្ដីរីករាយនៅពេលឃើញលទ្ធដ៏ប្រសើរមួយ បើទោះជាអ្នកទាំងពីរមិនបានក្លាយជាម្ចាស់មកុដក៏ដោយ។ អ្វីដែលលោកភ្ញាក់ផ្អើលខ្លាំងនោះគឺបេក្ខភាពទាំងពីររូបទទួលបានជយលាភីលំដាប់រងទី៣ដូចគ្នាតែម្ដង។
លោកបានបញ្ជាក់ថា៖”ខ្ញុំគិតថាជារឿងចៃដន្យបំផុតហើយនេះព្រោះពួកគាត់ទាំងពីរជាប់លំដាប់រងទី៣ដូចគ្នា។ យ៉ាងណាយើងពិតជារីករាយមែនទែន ដែលការប្រឹងប្រែងរបស់យើង និងពួកគាត់ទាំងពីរពិតជាមិនខកបំណង”។
លោក ម៉ែន និមលរតន៍ បានបន្តថា ដោយសារកម្មវិធី Teen Star International ផ្ដោតជាចម្បងលើ National Costume ទេពកោសល្យ និងការដើរម៉ូដលើឆាក ធ្វើឱ្យលោកពង្រឹងជាខ្លាំងលើបញ្ហានេះរហូតទទួលបានលទ្ធផលល្អ។ ក្នុងនោះបេក្ខនារី អាណា អូមី មានចំណេះដឹងជ្រៅជ្រះ អាចនិយាយភាសា អង់គ្លេស និងចិន ចេះល្បុក្តោបានល្អរួមទាំងការដើរម៉ូដដោយទំនុកចិត្ត ហើយសម្រាប់ ថានុត គឺអាច ការ៉ាតតេដូ អាចនិយាយ អង់គ្លេស និង ជប៉ុន បានល្អផងដែរ។
លោកបានសង្កត់ធ្ងន់ទៀតថា លទ្ធផលទាំងនេះដោយសារតែ CIM Star តែងតែរកចំណុចខ្វះខាតរបស់ម៉ូដែលកម្ពុជានានាមុននឹងអនុញ្ញាតិឱ្យចេញទៅប្រកួតលើឆាកអន្តរជាតិ ហើយបេក្ខភាពជាប់ក្រោយៗទៀតគឺ សម្រិតសម្រាំងរកបេក្ខភាពណាដែលល្អដើម្បីធ្វើយ៉ាងណាកែប្រែសមត្ថភាពម៉ូដែល និងបវរកញ្ញាកម្ពុជាឱ្យមានសមត្ថភាពប្រជែងប្រទេសជិតខាង និងលើពិភពលោកបាន។
សូមបញ្ជាក់ថាម៉ូដែលទាំងពីររូបខាងលើនឹងត្រឡប់មកប្រទេស កម្ពុជាវិញក្នុងពេលឆាប់ បន្ទាប់ពីបំពេញបេសកកម្មរួចរាល់លើឆាកអន្តរជាតិជាមួយលទ្ធផលល្អប្រសើរធ្វើឱ្យអ្នកាំទ្រនៅ កម្ពុជាអាចទទួលយកបាន៕