អតីតតារាសម្ដែងល្បីឈ្មោះអ្នកនាង សឿ សុធារ៉ា បាននិយាយថាចំណងស្នេហ៍រវាងអ្នកនាង និងអតីតតារាចម្រៀងល្បីឈ្មោះលោក សាពូន មីដាដា បានដើរដល់ផ្លូបំបែកដូចបច្ចុប្បន្នក៏ប្រោះតែទឹឹកប្រាក់ដុល្លារមួយមុខគត់។
តារាធ្លាប់មានប្រជាប្រិយភាពរូបនេះ បានបង្ហាញអារម្មណ៍ត្អូញត្អែរនៅលើគណនីហ្វេសប៊ុកជាថ្មី ដែលនាងរៀបរាប់យ៉ាងច្បាស់អំពើជីវិតគ្រួសារនាងត្រូវព្រាត់គ្នាព្រោះតែលុយ។”កូនៗត្រូវព្រាត់ឪពុក ប្រពន្ធព្រាត់ប្តី ព្រាត់គ្រាន់តែលុយដុល្លារ បំផ្លាញយើងឱ្យរលាយ សច្ចៈភាព គុណធម៌ មេត្តាធម៌ សុជីវធម៌”។
សារត្អូញត្អែរពីជីវិតស្នេហ៍មិនសមប្រកបរបស់តារាភាពយន្តដ៏ល្បីខាង បានធ្វើឱ្យមហាជនជាច្រើនបានចូលបញ្ចេញយោបល់លើកទឹកចិត្តដល់នាងឱ្យតស៊ូប្រឹងប្រែងក្រោកឈរដើរទៅមុខទៀត។ ក្នុងនោះអ្នកខ្លះក៏បាននិយាយថាគ្មាននរណាម្នាក់ចង់ជួបរឿងអកុសលបែបនេះទេ ក៏ប៉ុន្តែពេលខ្លះកាលៈទេសៈមិនតម្រូវបូករួមនឹងជីវិតជាប្ដីប្រពន្ធ មិនចេះយោគយល់អាធ្យាស្រ័យគ្នាធ្វើឱ្យជីវិតគូឈានដល់ផ្លូវបំបែក។
ទាក់ទងបញ្ហានេះទាំង សឿ សុធារ៉ា និងលោក សាពូន មីដាដា មិនអាចសុំការស្រាយបញ្ជាក់បាននោះទេ ដោយទូរសព្ទរបស់អ្នកទាំងពីរមិនអាចទាក់ទងបាន។
សូមបញ្ជាក់ថា ចាប់តាំងពីប្រកាសប្រាប់សាធារណជនពីចំណងអាពាហ៍ពិពាហ៍ប្រេះឆារវាងនាង និង លោក សាពូន មីដាដា នៅលើបណ្ដាញសង្គមហ្វេសប៊ុកមក តារាសម្ដែងស្រីដ៏ឆ្នើមរូបនេះក៏បានស្ពាយឈ្មោះជាស្រ្តីមេម៉ាយកូនពីរ ហើយមួយរយៈធំចុងក្រោយនេះតារាសម្ដែង សឿ សុធារ៉ា ក៏តែងបង្ហោះសារខូចចិត្តប្លែកៗនៅលើបណ្ដាញសង្គមធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង។
ភាពភ្ញាក់ផ្អើលកាន់តែខ្លាំងក្នុងចំណោមមហាជនអ្នកគាំទ្រភាគច្រើនប្រាកដជានៅចាំ ដោយកាលពីថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០២២ កន្លងទៅ តារាសម្ដែងស្រីដ៏ល្បីល្បាញ អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារជាសាធារណៈធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ខណៈក្នុងអត្ថន័យសារនោះបានរៀបរាប់យ៉ាងច្បាស់ៗចំណងស្នេហ៍រយៈពេល ១៥ ឆ្នាំ រវាងនាង និង លោក សាពូន មីដាដា ត្រូវដើរដល់ផ្លូវបំបែកហើយ៕