តារាម៉ូដែលវ័យក្មេងរបស់កម្ពុជាកញ្ញា សារី ស្រីពេជ្រ បាន បំណែកកំណត់ត្រាដណ្តើមមកុដពីកម្មវិធី Miss Petite Global 2022 នៅប្រទេស ម៉ាឡេស៊ី ដោយបានឈ្នះឈុតតំណាងជាតិល្អបំផុត ដែលនេះជាមុខមាត់ថ្មី និងប្រវត្តិសាស្ត្រសម្រាប់វិស័យបវរកញ្ញា នៅកម្ពុជា។
ឆ្នាំនេះ គឺជាឆ្នាំដំបូងដែលកម្ពុជាបញ្ជូនបេក្ខភាពប្រុសស្រីចំនួន២រូបទៅចូលរូមប្រកួតប្រជែងកម្មវិធី Miss & Mister Petite Global នៅប្រទេសម៉ាឡេស៊ី ដើម្បីបញ្ចេញសមត្ថភាពទេពកោសល្យឱ្យពិភពលោកបានឃើញ។
ពិតជាមោទកភាពខ្លាំងណាស់សម្រាប់ប្រទេសជាតិកម្ពុជាដោយ កញ្ញា សារី ស្រីពេជ្រ បានបញ្ចេញសមត្ថភាពយ៉ាងស្វិតស្វាញទម្លាក់បេក្ខភាពប្រកួតជាច្រើនរូប ដណ្តើមបានជយលាភីជា Miss Petite Global 2022 ជាប្រវត្តិសាស្រ្តសម្រាប់កម្ពុជា ខណៈលោក ចាន់ គឹមសិទ្ធ បេក្ខភាពបុរសរបស់កម្ពុជា ដណ្តើមបានជយលាភីរង 1st Runner up Mister Petite Global 2022។
ជោគជ័យរបស់ កញ្ញា សារី ស្រីពេជ្រ ត្រូវចាត់ទុកជាកំណត់ត្រាថ្មីសម្រាប់កម្ពុជា ព្រោះនាងជាបេក្ខភាពនារីដំបូងគេបង្អស់របស់ដែលដណ្តើមបានមកុដនៅវេទិកាអន្តរជាតិបែបនេះ ។
ក្រៅពីជយលាភី Miss Petite Global 2022 និងជយលាភី 1st Runner up Mister Petite Global 2022 បេក្ខភាពតំណាងកម្ពុជាទាំង២រូបក៏ ឈ្នះបានពាន Best in National Costume ផងដែរ ដោយឈុត “បុទុមម៉ា នាគគី” ច្នៃ ដោយលោក ស្ករគ្រាប់ (Skor Krob) គ្រងដោយ កញ្ញា សារី ស្រីពេជ្រឈ្នះពាន ឈុតតំណាងជាតិល្អជាងគេ ចំណែក ឈុត “ទន្សោងគោព្រៃ កណ្ដឹងត្រុឌ” ច្នៃដោយលោក លី ភក្ត្រារដ្ឋហ្វុង គ្រងដោយ លោក ចាន់ គឹមសិទ្ធ ឈ្នះពាន 1st Runner up of Best National Costume។
លោក ម៉ែន និមលរតន៍ អ្នកចាត់ការទូទៅ CIM Star ដែលបានបញ្ជូនបេក្ខភាពទាំងពីររូបទៅប្រកួតនៅម៉ាឡេស៊ី បាននិយាយដោយអួលដើមក ក្រោយពីតារាម៉ូដែលទាំងពីររូបនេះធ្វើបានយ៉ាងល្អសម្រាប់កម្មវិធីនេះ”។
លោកបានបញ្ជាក់ថា៖”បងពិតជារំភើបខ្លាំងណាស់ ហើយនឹកស្មានមិនដល់ទេ ថាពួកគាត់ទាំងពីរ ជាពិសេស ស្រីពេជ្រ គាត់ពិតជាធ្វើអោយខ្មែរគ្រប់គ្នា និងអន្តរជាតិបានដឹងពូសមត្ថភាពរបស់ខ្មែរយើង”។
អ្នកចាត់ការទូទៅរូបនេះបន្តទៀតថា នេះជាប្រវត្តិសាស្ត្ររបស់លោកដូចគ្នាក្នុងការបញ្ជូនបេក្ខភាពទៅឆាកអន្តរជាតិអាចទទួលបានពានបែបនេះ។
សូមបញ្ជាក់ថា ម្ចាស់មកុដ Miss Petite Global 2022 និង 1st Runner up Mister Petite Global 2022 នឹងវិលត្រលប់មកដល់មាតុប្រទេសវិញ នៅរាត្រីថ្ងៃអាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០២២៕