កាលពីចុងសប្ដាហ៍មុននេះលោក លៀក លីដា ដែលជាផលិតករ និងជាចាងហ្វាងផលិតកម្ម LD Picture ត្រូវបានប្រកាសជាប្រធានសមាគមផលិតករភាពយន្តខ្មែរ។
គ្រាន់តែឡើងកាន់តំណែងនេះភ្លាមផលិតករល្បីឈ្មោះខាងលើបានដាក់គោលដៅចម្បងនានាដើម្បីជួយដោះស្រាយវិបត្តិភាពយន្តក្នុងស្រុកដែលកំពុងតែជួបបញ្ហាប្រឈមនានា។
លោកបានបញ្ជាក់ថា៖”យើងបានដាក់រួចជាស្រេចហើយគឺ រៀបចំផលិតករភាពយន្តមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់ និយាយស្ដាប់គ្នាបាន ធ្វើយ៉ាងណាឱ្យមានសកម្មភាព ដែលយើងផ្ដោតភាគច្រើលើផលិតករវ័យក្មេងមានជំនាញ តែខ្វះទុន និងការទំនុកបម្រុង”។
ផលិតករល្បីឈ្មោះខាងលើបន្តថា ដោយសារតែផលិតករខ្មែរមួយចំនួនខ្វះជំនាញច្បាស់លាស់ និងទុនក្នុងការផលិតនៅមានកម្រិតទាបបែបនេះហើយទើបវិស័យភាពយន្តខ្មែរនៅតែមិនទាន់អាចងើបរួចខ្លាំងនៅឡើយបើធៀបនឹងកុនបរទេសដែលនាំចូលមកស្រុកខ្មែរ។
សម្រាប់ការប្រឈមរបស់ភាពយន្តខ្មែរដែលលោកមើលឃើញ និងត្រូវចូលរួមដោះស្រាយជាមួយភាគីពាក់ព័ន្ធវិញលោក លៀក លីដា បានអះអាងថា ភាពយន្តខ្មែរកំពុងតែបន្តធ្លាក់ពីមួយថ្ងៃទៅមួយថ្ងៃដូចពេលបច្ចុប្បន្នមកពីកត្តារួមផ្សំមួយចំនួនដូចជា ការនាំចូលកុនបរទេសច្រើនពេកធ្វើឱ្យកុនខ្មែរពិបាកងើបឡើង។ ការបន្តអនុញ្ញាតិឱ្យបកប្រែកុនបរទេសមកជាភាសាជាតិ ជាពិសេសកុនដែលមានវប្បធម៌ អរិយធម៌ ពណ៌សម្បុរប្រហាក់ប្រហែលខ្មែរ ធ្វើឱ្យអ្នកទស្សនាមួយចំនួនអាចយល់ច្រឡំនៅពេលផលិតករខ្មែរផលិតភាពយន្តដែលប្រើប្រើវប្្បធម៌អរីយធម៌របស់ខ្មែរដែរ។
មួយវិញទៀតកង្វះផលិតករមានសមត្ថភាព មានទុនតិច ម្ចាស់ផលិតកម្មមិនទុកចិត្តផលិតករវ័យក្មេង ជាហេតុធ្វើឱ្យកុនខ្មែរនៅមានកម្រិតទាបធ្វើឱ្យអ្នកទស្សនាមិនទាន់អាចទទួលយកបាន។ អ្វីដែលជាបញ្ហាប្រឈមដ៏សំខាន់មួយទៀតគឺបរិបទអ្នកទស្សនាខ្មែរត្រូវបានបញ្ជ្រាបដោយកុនបរទេសខ្លាំងពេក។
ដោយបានមើលឃើញពីបញ្ហាប្រឈមអស់ទាំងនេះហើយលោក លៀក លីដា បានដាក់ចិត្តដាក់កាយក្នុងមានជាប្រធានសមាគមផលិតករភាពយន្តខ្មែរថានឹងជួយជ្រោមជ្រែងវិស័យមួយនេះឱ្យបោះជំហានទៅមុខ តាមរយៈជួយរកទុនឱ្យផលិតករនានា ស្វែងរកផលិតករមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីកែប្រែឧស្សាហកម្មភាពយន្តខ្មែរអាចប្រកួតប្រជែងនឹងភាពយន្តបរទេសបាន៕