ជាឌីជេ និងជាអ្នកចូលចិត្តរិះគន់លើមនុស្សចូលចិត្តធ្វើឱ្យខូច ប៉ះពាល់ ឬបំពុលសង្គមជាដើម អាចារ្យធំ បានពន្លះ អ្នកអត្ថាធិប្បាយកីឡាតាមបណ្ដាញសង្គមល្បីឈ្មោះម្នាក់គឺ ពូចក់ និងភរិយា អ្នកនាង ទ្រិញ ផល្លា ក្រោយពីគូស្វាមីភរិយាទាំងពីរនេះ បានយករឿងគ្រួសារផ្ទាល់ខ្លួនហែកហួរគ្នា ធ្វើឱ្យគេឯងយល់ច្រឡំថាបែកបាក់ពិតមែន តាមពិតជាការសម្ដែងឱ្យទស្សនិកជនចាប់អារម្មណ៍ទៅវិញ។
តាមរយៈបណ្ដាញសង្គមរបស់ខ្លួន ឌីជេ អាចារ្យធំ បាននិយាយថា៖”បេីថោកនឹងការសម្ដែងកុំបំពុល! ហ្វូងអាថោកមេថោកខ្លះ! ។ សង្គមជាតិមានភ័យ វាដេកគ្របភួយ! សង្គមជាតិមានព្រួយ វាខំប្រឹងព្រុសបន្លប់! ឈប់ទៅណា អាណិតជាតិដ៏ផូរផង់នេះ ដែលជ្រកក្រោមម្លប់សន្តិភាពហេីយ”។
ពាក្យពេចន៍អ្នកស្រលាញ់វប្បធម៌រូបនេះ គឺជាការដាក់ចំៗតែម្ដងទៅកាន់ ពូចក់ និងភរិយា ក្រោយពីពួកគេយកបណ្ដាញសង្គមដើម្បីជេប្រទិចគ្នា ពីមួយរឿងទៅមួយរឿងរហូតទាំងសងខាងរត់ទៅពឹងអ្នកនេះអ្នកនោះ ធ្វើឱ្យមានការច្របូកច្របល់ជាខ្លាំងក្នុងចំណោមមហាជន ដែលគេគ្រប់គ្នាស្មានតែការពិត រហូតមកទល់នឹងពេលនេះទើបគេដឹងថាជាការរៀបចំសម្ដែងរបស់អ្នកទាំងពីរទៅវិញ។
មិនត្រឹមតែអាចារ្យធំ ម្នាក់ទេទស្សនិជនមួយចំនួនបានតាមដានរឿងរបស់ គូស្វាមីភរិយាទាំងពីរខាងលើ ក៏សម្ដែងការហួសចិត្តនឹងទង្វើរបស់ពួកគេផងដែរ។ ក្នុងនោះពួកគេបាននិយាយថាដើម្បីតែចង់បានប្រជាប្រិយភាព និងលក់ផលិតផលដាច់ ទោះអត់កេរ្តិ៍ខ្មាស និងបន្ទាបតម្លៃខ្លួនយ៉ាងណាក៏អ្នកទាំងពីរហ៊ានធ្វើដែរ។
មានទស្សនិកជនមួយចំនួនទៀតបញ្ចេញអារម្មណ៍លែងគាំទ្រ ការអត្ថាធិប្បាយ បាល់ទាត់របស់ពូ ចក់ តាមបណ្ដាញសង្គម និងឈប់ទិញផលិតផលអនឡាញ របស់អ្នកនាង ទ្រិញ ផល្លា ជាដើម ដោយក្នុងនោះពួកគេអះអាង ការគាំទ្រ និងទិញផលិតផលកន្លងមកជាការ ខកចិត្តជាខ្លាំងបន្ទាប់ពីអ្នកទាំងពីរបានបំពុលសង្គមយ៉ាងធ្ងន់ធ្ងរទាក់ទងរឿងគ្រួសាររបស់ពួកគេ។
ទាក់ទងការជេប្រទិច រិះគន់ធ្ងន់ៗពីសំណាក់ អាចារ្យធំ និងទស្សនិកជននេះ ទាំងពូចក់ និងអ្នកនាង ទ្រិញ ផល្លា មិនអាចសុំការស្រាយបំភ្លឺបានទេ ដោយទូរសព្ទរបស់អ្នកទាំងពីរមិនអាចទាក់ទងបាន។
យ៉ាងណាក៏ដោយបើតាមបណ្ដាញសង្គមរបស់អ្នកទាំងពីរ មើលទៅហាក់មិនសូវខ្វល់ខ្វាយពីការរិះគន់ និងជេស្ដីរបស់ទស្សនិកជននោះទេ ទាក់ទងការសម្ដែងរបស់ពួគេកន្លងមក។ ក្នុងនោះពួកគេបែរជាបង្ហាញរូបភាពស្និទស្នាល ផ្អែមល្ហែមជាមួយគ្នាយ៉ាងរំភើយទៅវិញ។
សូមបញ្ជាក់ថា មុនពេលចេញមកពន្លះ ពូចក់ និងភរិយាខ្លាំងៗបែបនេះ អាចារ្យធំ ធ្លាប់ហៅ អ្នកអត្ថាធិប្បាយកីឡាតាមបណ្ដាញសង្គមរូបនេះថាជាប្អូនល្អពេញៗមាត់ មានចិត្ដដូចគ្នាទៀតផង៕