នរណាក៏បានដឹង និងស្គាល់ពីតារាសម្ដែង និងតារាបង្ហាញម៉ូដលោក អេឡិច ច័ន្ទត្រា ដែលកំពុងតែកាក់កបខ្លាំងលើមុខជំនួញអាជីវកម្មសិល្បៈតន្ត្រីរបស់លោកតាមរយៈមង្គលការ ខួបកំណើត និងកម្មវិធីផ្សេងៗជាដើម។ មុខរបរនេះបានផ្ដល់ចំណូលជូនលោកក្នុងមូួយខែៗខ្ទង់សែនដុល្លារ។
ដោយសារតែកាក់កបខ្លាំងនឹងមុខជំនួញនេះហើយទើបមួយរយៈនេះគេលែងឃើញលោកបង្ហាញវត្តមានគូស្នេហ៍ថ្មី លោកធ្លាប់បញ្ជាក់ថាគឺជាអាណិកជនខ្មែររស់នៅក្រៅប្រទេស ដែលលោកធ្លាប់លើកឡើងថានឹងមានដំណឹងរៀបមង្គលការក្នុងពេលឆាប់ៗទៀតផង។
អតីតតារាសម្ដែង និងតារាម៉ូដែលល្បីឈ្មោះរូបនេះនិយាយថា ដោយសារតែមុខជំនួញផ្នែកសិល្បៈនេះកាក់កបខ្លាំង រហូតទទួលបានការគាំទ្រខ្លាំងពីទស្សនិកជន និងអ្នកមានមុខមាត់ក្នុងសង្គមជាដើមធ្វើឱ្យលោកភ្លេចការងារសំខាន់ៗជាច្រើន។ ជាពិសេសរឿងគូស្រករជាដើម ក្នុងនោះក៏មានដែរផ្នែកថតភាពយន្ត ដែលជាការស្រលាញ់ និងចូលចិត្តរបស់លោកតាំងពីដើមមក។
ទោះជាមានវ័យរាជជ្រេបន្តិចក្ដី ប៉ុន្តែនិយាយពីរូបរាង និងសម្រស់វិញ លោកនៅតែរក្សារូបរាងនិងរូបសម្រស់ស្រស់ស្អាត បើប្រៀបធៀបនឹងមិត្តរូមជំនាន់លោកតែសង្ហា និងលេចធ្លោដដែល សូម្បីតែមិត្តភក្តិសិល្បៈ ក៏បានលាន់មាត់សរសើរថា តារារូបនេះពូកែថែខ្លួនណាស់ ។
តារាសម្ដែងរូបនេះបានប្រាប់ថា លោកជាមនុស្សស្រឡាញ់រាងនិងសម្រស់ ដូច្នេះលោកមានការប្រុងប្រយ័ត្ន ខ្ពស់ក្នុងការហូបចុក និងហាត់ប្រាណ ដូច្នេះហើយទើបលោកអាចរក្សាបានរូបរាងដូចសព្វថ្ងៃ ។
លោក អេឡិច ច័ន្ទត្រា ធ្លាប់ជាតារាសម្តែងល្បីឈ្មោះនិងមានប្រជាប្រិយភាពខ្លាំងកាលពីជិត ១០ ឆ្នាំមុន មិនថារឿងដុំ រឿងភាគ រឿងសម័យ ឬរឿងបុរាណ តែងតែមានវត្តមានលោកមិនដែលខាន តែអ្វីដែលគួរឱ្យសោកស្តាយនោះ ស្របពេលដែលកេរ្តិ៍ឈ្មោះកំពុងល្បីសុះសាយ ស្រាប់តែលោកបានរសាត់ខ្លួនទៅបើកអាជីវកម្មខាងរៀបចំពិធីមង្គលការទៅវិញ៕