តារាកំប្លែងកំពុងមានទីផ្សារ ពូណុយ ត្រៀមនឹងបន្ថែមសមាជិកនារីបន្ថែមទៀតចូលក្នុងក្រុមរបស់ខ្លួន បន្ទាប់ពីក្រុមរបស់លោកហាក់មានសន្ទុះខ្លាំងមួយរយៈចុងក្រោយនេះធ្វើឱ្យបណ្ដាក្រុមហ៊ុនផលិតផលនានាតែងតែជ្រើសរើស និងចាប់ដៃគូសហការដើម្បីផលិតវីដេអូកំប្លែងជាដើម។
តារាកំប្លែងល្បីឈ្មោះរូបនេះបានលើកឡើងបែបនេះនៅពេលលោក និងក្រុមរបស់ខ្លួនបានចូលរួមសម្ពោធផលិតផលថ្មីរបស់ក្រុមហ៊ុន NSZ World កាលពីម្សិលមិញនៅផ្សារស្ទឹងមានជ័យថ្មី។ ក្នុងនោះក្រុមកំប្លែងរបស់លោកបានបន្តកុត្រាផលិតវីដេអូកំប្លែងឱ្យក្រុមហ៊ុន NSZ World មួយឆ្នាំពេញទៀត។
ពូណុយ និងក្រុមរបស់ខ្លួនបានបង្ហាញពីភាពសប្បាយរីករាយនពេល NSZ World បានបន្តទុកចិត្តក្រុមរបស់ខ្លួន ដើម្បីផលិតវីដេអូកំប្លែងប្រមូតផលិតផលរបស់ក្រុមហ៊ុនមួយនេះ។
លោក និងក្រុមការងារសង្ឃឹមថាតាមរយៈការកុងត្រាបន្ថែមមួយឆ្នាំពេញនេះ លោក និងក្រុមការងារនឹងព្យាយាយធ្វើយ៉ាងណាដើម្បីជួយផ្សព្វផ្សាយផលិតផលរបស់ក្រុមហ៊ុនឱ្យកាន់តែរីកចម្រើនទៅមុខ។
ជាមួយនឹងភាពរីកចម្រើនរបស់ក្រុមកំប្លែងរបស់ខ្លួនបែបនេះហើយទើប ពូណុយ បានសម្រេចត្រៀមបន្ថែមសមាជិកថ្មីថែមទៀតជាស្ត្រីដើម្បីឱ្យមើលទៅប្លែកអារម្មណ៍សម្រាប់បងប្អូនដែលជាអ្នកគាំទ្រ។ ជាពិសេសការធ្វើឱ្យសាច់រឿងកាន់តែប្លែក និងកាន់តែចាប់អារម្មណ៍ថែមទៀតសម្រាប់បងប្អូនទស្សនិកជន។
តារាកំប្លែងក្នុងកម្មវិធី អ្នកជិតខាងរបស់ស្ថាណិយទូរទស្សន៍ PNN រូបនេះបានបង្ហាញពីជំនឿជាក់ថាក្រុមរបស់ខ្លួនឹងកាន់តែរីកចម្រើន និងទទួលការគាំទ្រពីទស្សនិកជន ប្រសិនបើលោកអាចជ្រើសរើសស្ត្រីដើម្បីចូលរួមនាពេលដ៏ខ្លីខាងមុខ។
យ៉ាងណាក៏ដោយតារាកំប្លែងល្បីឈ្មោះខាងលើមិនទាន់បញ្ជាក់បានទេថាត្រូវបន្ថែមសមាជិកថ្មីជាស្ត្រីប៉ុន្មាននាក់ ដោយរង់ចាំមើលពីសន្ទុះការងារក្រុមនាពេលបច្ចុប្បន្នក៏ដូចជាការគាំទ្រពីបងប្អូនខ្មែរដែលជាអ្នកគាំទ្រក្រុមរបស់លោកចាប់តាំងពីមិនទាន់មានភាពល្បីល្បាញរហូតទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់បងប្អូនទស្សនិកជន។
សូមបញ្ជាក់ថាក្រុមកំប្លែងពូណុយ កំពុងក្រសោបទីផ្សារកំប្លែងមួយរយៈចុងក្រោយនេះ ដោយវត្តមានក្រុមរបស់លោកមាននៅតាមបណ្ដាកម្មវិធីទូរទស្សន៍មួយចំនួនដូចជា PNN CTN និងបណ្ដាក្រុមហ៊ុនផលិតផលមួយចំនួនធំទៀតតែងតែទុកចិត្តដើម្បីជ្រើសរើសប្រមូតផលិតផលរបស់គេ៕