ប្រិយមិត្ត ទស្សនិកជនប្រាកដជាបានជ្រាបហើយពីរឿង Jailbreak ដែលជាភាពយន្តវាយប្រហាររបស់ខ្មែរដ៏ល្បីល្បាញដែលរកចំណូលបំបែកកំណត់ត្រាក្នុងវីស័យភាពយន្តខ្មែរកាលពីឆ្នាំ២០១៧។ មិនតែប៉ុណ្ណោះភាពយន្តនេះត្រូវបាន Nex Flex ទិញយកទៅចាក់បញ្ចាំងទៀតផង។
៥ឆ្នាំក្រោយផលិតករដែលជាអ្នកផលិតភាពយន្តកម្រិតអន្តរជាតិមួយនេះគឺលោក Jimmy Henderson ជាជនជាតិ អុីតាលី ផ្ដើមបង្ហាញស្នាដៃថ្មីមួយដ៏ប្លែកទៀតគឺរឿង Killing Time Violently បានសហការជាមួយ ក្រុមហ៊ុនចែកចាយភាពយន្ត M Picture ។
ផលិតករល្បីឈ្មោះមានភរិយាជាជនជាតិខ្មែររូបនេះ បានបង្ហាញពីភាពរីករាយនៅនៅពេលលោកផ្ដើមបង្ហាញស្នាដៃថ្មីនេះមួយទៀតក្រោយជោគជ័យខ្លាំងលើរឿង Jailbreak កាលពី ៥ឆ្នាំមុន។
លោកបានបន្តថា Killing Time Violently ជាប្រភេទរឿងបែបវាយប្រហារ លាយនឹងឈុតឆាកកំប្លែង គ្រោងនឹងចាប់ផ្ដើមថតពីដើមខែកញ្ញានេះហើយ។ ភាពយន្តនេះនឹងចាក់បញ្ចាំងនៅកម្ពុជា ក្នុងឆ្នាំ២០២៣ ដោយគ្រោងនឹងចាក់ផ្សាយលើរោងភាពយន្តអន្តរជាតិថែមទៀតផង។
តាមរយៈសាច់រឿងថ្មីប្លែកប្រជុំទៅដោយតារាខ្មែរ និងតារាបរទេសមួយចំនួនលោកមានក្ដីរំពឹងថាស្នាដៃមួយនេះនឹងទទួលការគាំទ្រខ្លាំងមិនចាញ់រឿង Jailbreak ដែលលោកធ្លាប់ធ្វើឱ្យផ្ទុះខ្លាំងនាពេលកន្លងទៅនោះទេ។
លោក ជី សិលា ប្រធានក្រុមហ៊ុន សប្បាយ និងជាអ្នកតំណាង M Picture បានចូលរួមសហការជាមួយផលិតករល្បីឈ្មោះលោក Jimmy Henderson បានក៏បានបង្ហាញពីភាពរីករាយផងដែរនៅពេលឃើញស្នាដៃមួយនេះលេចជារូបរាង ដែលជាសញ្ញាមួយបង្ហាញថាភាពយន្តខ្នែរក៏មានកម្រិតស្ដង់ដារអាចធ្វើឱ្យប្រជាជនខ្មែរទទួលយកបាន និងអាចឈានទៅឆាកអន្តរជាកដូចអ្វីដែលផលិតករល្បីឈ្មោះខាងលើធ្លាប់បានធ្វើនាពេលកន្លងទៅ។
នាយកប្រតិបត្តិដែលចាត់ទុកវិស័យភាពយន្តជាក្ដីស្រមៃរបស់ខ្លួនបានបន្ត លោកចង់ឃើញការទស្សនាភាពយន្តខ្មែរពីសំណាក់ប្រជាជនខ្មែរងាកមកចាប់អារម្មណ៍ភាពយន្តក្នុងស្រុកដែលពោរពេញទៅដោយសាច់រឿងល្អ និងមានគុណភាពមិនចាញ់បរទេសនោះទេ ដូចជភាពយន្តដឹកនាំសម្ដែងដោយ Jimmy Henderson នេះតែម្ដង។
លោក ជី សិលា បានបង្ហាញក្ដីរំពឹងថាតាមរយៈភាពយន្តរឿង Killing Time Violently នឹងក្លាយជាឱកាសនៃការប្រកួតប្រជែងមួយលើឆាកអន្តរជាតិសម្រាប់វិស័យភាពយន្តខ្មែរ។ ប្រការបែបនេះហើយទើបលោកចង់ឃើញបណ្ដាទស្សនិកជនខ្មែរបន្តគាំទ្រភាពយន្តខ្មែរឱ្យកាន់តែច្រើនឡើងថែមទៀត។
សូមបញ្ជាក់ថា Killing Time Violently គ្រោងចំណាយទុនផលិតប្រមាណពី១៥ទៅ ២០ម៉ឺនដុល្លារ ហើយតួអង្គសម្ដែងមានដូចជា តារាល្បុក្កតោ អ៊ូ តារា កញ្ញា សម ថារ័ត្ន នាយ ពែកមី នាយ ក្រូច DJ ស្តី រួមនឹងតារាបរទេសមួយចំនួនទៀត៕