គូស្នេហ៍តារាចម្រៀងល្បីឈ្មោះអ្នកនាង សេង សុឃីម បានប្រកាសជាសាធារណៈថាខ្លួន និងបុរសសម្បូរស្នេហ៍រូបនេះបានចែកផ្លូវគ្នាដើរហើយ គ្មានអ្វីត្រូវជាគូស្នេហ៍ដូចមុនទៀតនោះទេ។ ក្នុងនោះដើមចមធ្វើឱ្យឈានដល់ការបែកបាក់ត្រូវអ្នកនាងបញ្ជាក់ថាព្រោះទ្រាំនឹងការឈឺចាប់មិនបានរហូតដល់នាងយំសោកជាង ៤ចុងក្រោយនេះ។
នៅលើបណ្ដាញសង្គម Facebook របស់ខ្លួនអ្នកមេម៉ាយកូនមួយរូបនេះបានបញ្ជាក់ថាថា ៖”នាងខ្ញុំសុំប្រកាសជាសាធារណៈថា នាងខ្ញុំ សេង សុខឃីម ជាមួយ លោក ចឺម បានបែកគ្នាហើយ។ អ៊ីចឹងសុំបងប្អូនដែលជួបនាងខ្ញុំនៅខាងក្រៅ ឬ ក្នុង FB ទាំងអស់សូមកុំសួរអំពីលោក ចឺម ពីនាងខ្ញុំទៀត ខ្ញុំពិតជាមិនដឹង។ សុំចិត្តពុកម៉ែបងប្អូនទាំងអស់គ្នា កុំថាអីឱ្យនាងខ្ញុំបែកគ្នាក៏ប្រកាសដែរ ព្រោះពេលស្រឡាញ់គ្នាក៏ផុសជាសាធារណៈឱ្យពុកម៉ែបងប្អូនដឹងហើយ។ អ៊ីចឹងបែកគ្នាក៏ផុសជាសាធារណៈឱ្យប្អូនដឹងជាង ១ ឆ្នាំត្រូវបានបញ្ចប់ មិនឈ្លោះគ្នាដែរ តែគេសុខៗចង់បែកតែម្ដង រួចលើកហេតុផលចាស់ៗមកនិយាយដដែល ឃាត់ក៏គេមិនស្តាប់មានតែបណ្តោយឲ្យទៅ ៤ខែក្រោយនេះ ថ្ងៃណាក៏ខ្ញុំយំដែរបានហើយ”។
ការប្រកាសចែកផ្លូវជាសាធារណៈរបស់អ្នកមេម៉ាយរូបស្រស់ សេង សុឃីម ក្រោយពីលេចឮរកាំរកូស និង យល់ច្រឡំមួយរយៈ។ តែយ៉ាងណាអ្នកទាំងពីរតែងតែបកស្រាយជាបន្តបន្ទាប់ថាគ្មានរឿងអ្វីដែលរកាំរកូសដូចទស្សនិកជនបានលើកឡើងនោះទេ។ ជាពិសេសគឺនាយ ចឺម តែម្ដងតែងតែបដិសេធន៍ថាគ្មានរឿងឈានដល់ការបាក់បែកនោះទេរវាងលោក និងគូស្នេហ៍ថ្មី គ្រាន់តែការយល់ច្រឡំគ្នាតែប៉ុណ្ណោះ។
ទោះជាបែបនេះក្ដីការប្រកាសចែកផ្លូវជាសាធារណៈពីសំណាក់គូស្នេហ៍នាយ ចឺម បានធ្វើឱ្យ មហាជន ជាពិសេសអ្នកគាំទ្ររបស់ គូស្នេហ៍មូយគូនេះ បានធ្វើការបញ្ចេញមតិសួរនាំវែកញែក និងបង្ហាញការសោកស្ដាយយ៉ាងខ្លាំងចំពោះចំណងស្នេហ៍របស់អ្នកទាំងពីរដែលបានចែកផ្លូវគ្នាបែបនេះ។
ទាក់ទងចំណងស្នេហ៍ឈានដល់ផ្លូវបំបែកនេះតារាចម្រៀង និងជាអតីតតារាកំប្លែងល្បីឈ្មោះនាយ ចឺម មិនអាចសុំការស្រាយបំភ្លឺចំពោះចំណងស្នេហ៍ដល់ដើរផ្លូវបំបែកនេះបានទេ ដោយតូរសព្ទរបស់លោកតេចូល តែមិនមានអ្នកទទួល។
តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ រូបនេះទើបតែស្ងប់ស្ងាត់មួយរយៈពីការរិះគន់ពីទស្សនិកជនជុំវិញព័ត៌មានដែលលោកសម្បូរនារីតាមស្រលាញ់ និងតែងតែសង្សារជាញឹកញាប់។ ក្នុងនោះលោកក៏បានចេញមុខបកស្រាយផងដែរ ក្រោយរងការរិះគន់ខ្លាំងពេកពីទស្សនិកជន។
សូមបញ្ជាក់ថានាយ ចឺម និងគូស្នេហ៍អ្នកមេម៉ាយកូនមួយ សេង សុឃីម បានទាក់ទងគ្នារយៈពេលជាង ១ឆ្នាំមកហើយបន្ទាប់ពីអ្នកទាំងពីរបានថតបទចម្រៀងរួមគ្នា។ យ៉ាងណាក្រោយរយៈពេលមួយឆ្នាំចំណងស្នេហ៍អ្នកទាំងពីរមិនអាចបន្តទៅមុខបានទៀតទេព្រោះតែការរស់នៅមិនចុះសម្រុងនឹងគ្នា។ ក្រៅតែពីអ្នកនាង សេង សុឃីម នារីធ្លាប់នាយ ចឺម ទាក់ទង និងបានចែកផ្លូវគ្នាដើរនោះមានដូចជា អៀរ ម៉េងលិ កញ្ញា ហ្វាហ្វា ជាដើម៕