ភ្នំពេញ ៖ រថយន្តម៉ាក Ford Ranger បានបើកបំពានភ្លើងស្តុបជ្រុលទៅបុករថយន្ត ហាយឡែនឌ័រ កំពុងឆ្លងផ្លូវចំពីចហៀងពេញទំហឹង ខ្ទាតទៅបុកបង្គោលបង្ហាញផ្លូវបន្ថែមទៀតសំណាងល្អគ្មានអ្នករងរបួស ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ នៅ តាមបណ្ដោយផ្លូវព្រះនរោត្ដម កែងផ្លូវ២១៤ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2P-0809 បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្ដម ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុដែលជាផ្លូវបែកជាបួនបានឆ្លងស្តុប ភ្លាមនោះក៏មានរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BE-5766 បានបើកបំពានភ្លើងស្តុបក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន បានបុករថយន្តហាយឡែនឌ័រពីចំហៀងពេញទំហឹង បណ្ដាលឲ្យរថយន្តហាយឡែនឌ័រខ្ទាតទៅផ្លូវម្ខាង
ចំណែករថយន្តបង្កបានជ្រុលទៅបុកបង្គោលបង្ហាញផ្លូវបណ្ដាលបាក់អស់១ដើមសំណាងល្អនៅក្នុងហេតុការណ៍នេះមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ។
បន្ទាប់ពីកើតហេតុ ភាគីខាងរថយន្តបង្ក បានព្រមចេញសងថ្លៃខូចខាតទាំងស្រុងទៅលើភាគីរថយន្តហាយឡែនឌ័រដើម្បីបញ្ចប់រឿងនៅកន្លែង ។ ប៉ុន្តែរថយន្តបង្កម៉ាក Ford Ranger បានធ្វើឲ្យបាក់បង្គោលបង្ហាញផ្លូវដែលជាសម្បត្តិរដ្ឋ ទើបសមត្ថកិច្ចជំនាញវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយគ្នានៅពេលក្រោយ ៕