ដោយសារតែធ្លាប់ឆ្លងកាត់រឿងកែភេទកន្លងមកតារាភេទទី៣ល្បីឈ្មោះកញ្ញា ផេន ខេក បានប្រាប់ទៅបណ្ដាអ្នកកែភេទទាំងឡាយត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតសម្រាប់ការចង់កែភេទ ហើយប្រសិនបើកែរួចហើយរឹតតែយកចិត្តទុកដាក់បន្ថែមទៀត។
តារាភេទទី៣ល្បីឈ្មោះរូបនេះបានបញ្ជាក់ដូច្នេះលើបណ្ដាញសង្គមរបស់ខ្លួនថា៖”សូមផ្ដាំទៅបងប្អូនភេទទីបីទាំងអស់គ្នាអ្នកដែលគាត់កែភេទចាប់ពី 5 ទៅ 6 ឆ្នាំ សូមកុំភ្លេចទៅឆែកសុខភាពផង។ កុំឱ្យដូចខ្ញុំ ពេលឈឺតិចតួចទុក គិតថាមិនអី តែដល់ពេលធ្ងន់ទើបដឹង”។
តារាភេទទី៣ ផេន ខេក បានបន្តថាដោយសារតែកញ្ញា មានការងាររវល់ជាខ្លាំងមួយរយៈកន្លងមក ជាពិសេសរឿងបញ្ហាផ្ទាល់ខ្លួន រហូតធ្វើឱ្យនាងភ្លេចទៅពិនិត្យសុខភាពទាក់ទងរឿងកែភេទនេះ។
យ៉ាងណាក៏ដោយតារាល្បីឈ្មោះខាងលើបញ្ជាក់ថាមកទល់នឹងពេលនេះសុខភាពកញ្ញាមិនមានអ្វីជាបញ្ហាខ្លាំងនោះទេ។ ក្នុងនោះនាងស្នើឱ្យទស្សនិកជនលើកទឹកចិត្តសម្រាប់អ្នកកែភេទដូចជាកញ្ញា និងបណ្ដាអ្នកកែភេទដទៃដើម្បីផ្ដល់កម្លាំងចិត្តដល់ពួកគេ។
គ្រាន់តែកញ្ញាបានលើកឡើងដូច្នេះបណ្ដាអ្នកគាំទ្រ និងអ្នកកែភេទទាំងឡាយបានលើកទឹកចិត្ត និងជូនពរឱ្យកញ្ញាមានសុខភាពល្អ និងរួចផុតពីជំងឺទាំងឡាយ ដែលបណ្ដាលមកពីការកែភេទនេះ។ ក្នុងនោះពួកគេបានលើកឡើងថា វាលែងជារឿងត្រូវខ្មាសអៀន ឬលាក់បាំងអ្វីទៀតហើយសម្រាប់ការកែភេទនាពេលបច្ចុប្បន្ន្ ព្រោះតែប្រជាជនខ្មែរភាគច្រើនចាប់ផ្ដើមស្វែងយល់ និងទទួលយកជាបណ្ដើរ លែងរើសអើងដូចមុនសម្រាប់បងប្អូនដែលស្រលាញ់ និងចូលចិត្តការប្ដូរភេទ។ រឿងដែលសំខាន់សម្រាប់មនុស្សម្នាក់ៗគឺសុខភាពជាចម្បង។
សូមបញ្ជាក់ថា ផេនខេក គឺជាតារាភេទទី៣ ល្បីឈ្មោះមួយរូបក្នុងពិភពសិល្បៈខ្មែរ ដែលកាលពីប៉ុន្មានឆ្នាំមុននាងបានសម្រេចចិត្តវះកាត់ផ្លាស់ប្ដូរភេទមកធ្វើជានារីយ៉ាងពេញលេញ និងទទួលការគាំទ្រជាខ្លាំងពីទស្សនិកជន។ យ៉ាងណា៥ទៅ៦ ឆ្នាំមកនេះការកែភេទរបស់នាងបានជួបបញ្ហាមួយចំនួនធ្វើឱ្យនាងផ្ដាំផ្ញើទៅអ្នកកែភេទដទៃទៀតត្រូវយកចិត្តទុកដាក់ខ្ពស់សម្រាប់សុខភាពបើកែភេទចាប់ពី ៥ឆ្នាំឡើង៕