តារាសម្ដែងកញ្ញា ហេង ស្រីពេជ្រ បានជួយសម្រេចបំណងដល់ប្អូនប្រុុស ដោយបានធ្វើបុណ្យឆ្លងចេតិយ កាលពីពេលថ្មីៗ ដោយធ្វើឱ្យការងារសិល្បៈរបស់នាងរអាក់រអួលខ្លះកាលពីពេលថ្មីៗ។ យ៉ាងណាក្រោយសម្រេចបំណងធំនេះហើយនាងនឹងវិលត្រឡប់កាន់វិថីសិល្បៈពេញទីឡើងវិញ។
រហូតមកទល់នាពេលនេះកញ្ញា និងក្រុមគ្រួសារនៅមិនទាន់បំភ្លេចបានឡើយ ចំពោះអំពើឃា.តកម្មដែលបានប្រព្រឹត្តមកលើប្អូនប្រុសនាង រហូតទទួលមរណភាពយ៉ាងអាណោចអាធ័មកាលពីជិត១ឆ្នាំមកនេះ។
បើទោះបីជាឃា.តករនៅមិនទាន់អាចយកមកផ្តន្ទាទោសនៅឡើយក្តី ប៉ុន្តែ ហេង ស្រីពេជ្រ បានអហោសិកម្មចំពោះជនល្មើសដែលសាងអំពើអាកក្រ់មួយនេះ ហើយនាងជឿលើការតបស្នងនៃអំពើបាបដែលបានសាង។
ក្នុងឱកាសនៃការរៀបចំពិធីបុណ្យឆ្លងចេតីយ៍ប្អូនប្រុស កាលពីចុងសប្ដាហ៍មុននេះ តារាសម្តែងនាង ហេង ស្រីពេជ្រ បាននិយាយថា នាងនិងក្រុមគ្រួសារបានសហការគ្នាកសាងចេតីយ៍មួយនៅក្នុងខេត្តកំពង់ឆ្នាំង សម្រាប់ទុកតម្កល់អដ្ឋិធាតុប្អូនប្រុសរបស់នាងដែលបានទទួលមរណភាព។
នាងបញ្ជាក់ថា មកទល់នាពេលនេះ បើទោះបីជាពេលវេលានៃការស្លា.ប់របស់ប្អូនប្រុសបានកន្លងផុតទៅប្រមាណជិត១ឆ្នាំទៅហើយក្តី ប៉ុន្តែភាពអាឡោះអាសល័យពីក្រុមគ្រួសាររបស់នាងនៅមិនទាន់រលុបបាត់ទាំងស្រុងឡើយ ពោលគឺនៅតែនឹកស្រណោះដល់ប្អូនដដែល។
នាងថា ប្អូនប្រុសរបស់នាងជាមនុស្សល្អ ស្លូតបូតមិនធ្លាប់មានរឿងជាមួយអ្នកណាម្នាក់ឡើយ ហើយក្រោយពេលមានភរិយានៅកំពង់ឆ្នាំ គឺគិតតែខិតខំរកស៊ីប៉ុណ្ណោះ តែមិននឹកស្មានថាជួបរឿងអកុសលបែបនេះឡើយ។ នាងបន្ថែមថា នាងពិតជាអាណិតប្អូនប្រុសខ្លាំងណាស់ ជាពិសេសម្តាយឪពុករបស់នាង ដោយសារបាត់បង់កូនបានធ្លាក់ខ្លួនឈឺ និងចុះគីឡូជាងមុនយ៉ាងខ្លាំង។
យ៉ាងណា បើតាម ហេង ស្រីពេជ្រ ថា រហូតមកទល់ពេលនេះ ឃា.តករនៅមិនទាន់ត្រូវបានកាត់ទោសនៅឡើយទេ ប៉ុន្តែក្រុមគ្រួសារនាងបានអហោសិកម្មចំពោះជនដែលបានប្រព្រឹត្តនោះ ដោយនាងជឿថា អ្នកសាងបាបនឹងទទួលបានបាបវិញនៅថ្ងៃណាមួយជាមិនខានឡើយ។
ហេង ស្រីពេជ្រ បានលើកឡើងបន្ថែមថា នាងនឹងក្រុមគ្រួសារបានសម្រេចសាងចេតីយ៍ និងធ្វើបុណ្យឆ្លងសម្រាប់ឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធប្អូនប្រុស និងប្រាថ្នាកើតជាតិណាអោយប្អូនក្លាយជាប្អូនប្រុសដ៏ល្អរបស់នាងគ្រប់ៗជាតិ។
ជាការកត់សម្គាល់ ប្អូនប្រុសតារាសម្តែងនាង ហេង ស្រីពេជ្រ បានស្លា.ប់បាត់បង់ជីវិត ព្រោះតែករណីឃា.តកម្មមួយ ដែលបានកើតមានឡើងកាលពីរាត្រីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ នៅក្នុងទីរួមខេត្តកំពង់ស្ពឺ។ ក្រោយការស្លា.ប់របស់ប្អូនប្រុស ហេង ស្រីពេជ្រ បានសម្រេចសម្ងំកាន់ទុក្ខប្អូនជិតមួយឆ្នាំមកហើយ ខណៈពេលនាងនឹងវិលរកការសម្តែងជាថ្មីឡើងវិញ ក្រោយបុណ្យឆ្លងចេតីយ៍ប្អូននេះចប់សព្វគ្រប់៕