តារាចម្រៀង និងជាអ្នកជំនួញវ័យក្មេងកំពុងមានប្រជាប្រិយភាពអ្នកនាង សួស វីហ្សា បានបង្ហាញពីជំនឿជាក់របស់ខ្លួនថាបញ្ហាបំពង់ក របស់ខ្លួននឹងប្រសើរឡើងវិញក្នុងពេលឆាប់ ដើម្បីមានបទចម្រៀងថ្មីៗបំពេអារម្មណ៍ទស្សនិកជន និងអ្នកគាំទ្ររបស់ខ្លួន។
ការលើកឡើងរបស់តារាស្រីល្បីឈ្មោះរូបនេះ ខណៈបញ្ហាបំពងក របស់នាងមានបញ្ហាជិតមួយឆ្នាំមកហើយ ដែលធ្វើឱ្យនាងខកខានមិនអាចបានបទចម្រៀងថ្មីចេញតបតាមការស្នើសុំរបស់អ្នកគាំទ្របាន។
តារាចម្រៀងស្រីប្រចាំផលិតកម្ម ហង្សមាសរូបនេះបានបញ្ជាក់ជាមួយអ្នកគាំទ្ររបស់ខ្លួនយ៉ាងដូច្នេះថា៖”សំលេងនាងខ្ញុំអាចច្រៀងបានវិញគ្រាន់បេីជាងមុន គ្រាន់តែនៅរាងស្អក។ ខ្ញុំជឿរជាក់ថា វានឹងបានដូចដេីមនាពេលដ៏ខ្លីខាងមុខ អរគុណបងប្អូនសំរាប់ពាក្យជូនពរ”។
ម្ចាស់បទ”រាំពេលខូចចិត្ត” ពេលនេះកំពុងតែនៅប្រទេស ថៃ ដើម្បីទៅពិនិត្យ និងព្យាបាលបញ្ហាបំពង់ក របស់ខ្លួន តបតាមការណាត់ជួបពីសំណាក់គ្រូពេទ្យ។ មិនត្រឹមតែអ្នកនាងមួយប៉ុណ្ណោះ ការចេញទៅព្យាបាលជំងឺនៅថៃនេះនាងក៏នាំគ្រួសារទៅជាមួយផងដែរកាលពីចុងសប្ដាហ៍មុននេះ។ ក្នុងនោះអ្នកនាងបានបញ្ជាក់ថា៖ នាងខ្ញុំនិងគ្រួសារត្រូវធ្វេីដំណេីរទៅទីក្រុងបាងកក ដេីម្បីទៅពិនិត្យសុខភាព ខ្ញុំពិនិត្យបំពង់ក ម៉ាក់ខ្ញុំនិងលោកយាយខ្ញុំក៏ឆែកសុខភាពផងដែរ”។
ជាមួយការបង្ហាញក្ដីរំពឹងថាបំពង់សំឡេងរបស់ខ្លួននឹងវិលមកប្រសើរឡើងវិញ សួស វីហ្សា បានឱ្យដឹងថា នាងត្រៀមរួចជាស្រេចហើយសម្រាប់ការចេញបទចម្រៀងថ្មីៗជូនអ្នកគាំទ្រ និងទស្សនិកជន ដែលកំពុងទន្ទឹងរង់ចាំបទចម្រៀងថ្មីៗរបស់នាងលើទីផ្សារ។
យ៉ាងណាក៏ដោយបើទោះជាស្ងប់ស្ងាត់ទីផ្សារចម្រៀងបន្តិចក្ដី ក៏ប៉ុន្តែអ្នកនាងនៅតែមានភាពសកម្មលើការងារជំនួញនានាជាមួយស្វាមីដែលជាតារាសម្ដែងល្បីឈ្មោះមួយរូបគឺលោក ថមមី។ ក្នុងនោះជំនួញជាច្រើនរបស់គូស្វាមីភរិយាមួយនេះទទួលការគាំទ្រជាខ្លាំងពីទស្សនិកជន។
សូមបញ្ជាក់ថាតារាចម្រៀងល្បីឈ្មោះអ្នកនាង សួស វីហ្សា បានផ្អាកការច្រៀង និងចេញបទចម្រៀងជិតមួយឆ្នាំមកហើយមកទល់នឹងពេលនេះបន្ទាប់ពីមានបញ្ហាបំពង់ក ដោយសារតែនាងប្រើប្រាស់វាជ្រុសហួសកម្រិតពេករហូតដល់មានបញ្ហាធ្ងន់ធ្ងរ ទើបនាងផ្អាកចេញបទចម្រៀងមួយរយៈមកទល់នឹងពេលនេះ៕